សង្គមអន្តរជាតិ​
អន្តរជាតិ
បាន​យន្តហោះ​ចម្បាំង​ថ្មី​ពី​បារាំង​ភ្លាម ឥណ្ឌា​ផ្ញើ​សារ​ព្រមាន​ចិន​ភ្លែត
30, Jul 2020 , 7:29 pm        
រូបភាព
យន្តហោះចម្បាំង-Rafale-ក្នុងដែនអាកាសឥណ្ឌា។-រូបភាព-Financial-Express
យន្តហោះចម្បាំង-Rafale-ក្នុងដែនអាកាសឥណ្ឌា។-រូបភាព-Financial-Express
​ឥណ្ឌា នៅ​ថ្ងៃទី​២៩ ខែកក្កដា ទើប​បានទទួល​យន្តហោះ​ចម្បាំង​ថ្មី​៥​គ្រឿង​ប្រភេទ Rafale ដែល​ទិញ​ពី​បារាំង​។ បាន​យន្តហោះ​ចម្បាំង​ថ្មី​ស៊េរី​ទំនើប​ភ្លាម រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា Rajnath Singh ក៏​បោះសម្ដី​ភ្លាមៗ​ថា យន្តហោះ​ចម្បាំង​នេះ នឹង​ជួយ​ការពារ​ការ​គំរាម​នានា ហើយ​ប្រទេស​ដែល​ប៉ង​ឈ្លានពាន​ឥណ្ឌា នឹង​ព្រួយបារម្ភ​មិន​ខាន​។

 
​យន្តហោះ​ចម្បាំង Rafale ចំនួន​៥​គ្រឿង បាន​ទៅដល់​មូលដ្ឋាន​អាកាស Ambala ក្នុង​រដ្ឋ Haryana នៅ​ថ្ងៃទី​២៩ ខែកក្កដា ក្រោយ​ធ្វើដំណើរ​ពី​បារាំង​។ យន្តហោះ​ទាំង​៥​គ្រឿង​នេះ ជា​ផ្នែក​មួយ​គម្រោង​ទិញ​យន្តហោះ​៣៦​គ្រឿង ដែល​ឥណ្ឌា​ទិញ​ពី​បារាំង​ក្នុងតម្លៃ​ប្រមាណ​៩,៥​ពាន់​លាន​ដុល្លារ​។ បារាំង ត្រូវ​ដឹក​យន្តហោះ​ឲ្យ​ឥណ្ឌា​ឲ្យ​គ្រប់​ចំនួន​នៅត្រឹម​ចុងឆ្នាំ​២០២១ ។ ប្រជាជន​រស់នៅ​ក្បែរ​មូ​ល​ដ្ឋា​ន​នេះ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ថតរូប ឬ​វីដេអូ​យន្តហោះ​ឡើយ​។​
 
​យន្តហោះ​ចម្បាំង​នេះ មកដល់​ទឹកដី​ឥណ្ឌា​ចំពេល​ភាព​តានតឹង​រវាង​ឥណ្ឌា និង​ចិន​នៅ​ព្រំដែន​។ ការប៉ះទង្គិច​ចុងក្រោយ​បណ្ដាល​ឲ្យ​យោធា​ប្រមាណ​២០​នាក់​ស្លាប់ ខណៈ​ខាង​ចិន​មិន​បញ្ចេញ​របាយការណ៍​អ្វី​ឡើយ​។ នាយករដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី បាន​ស្វាគមន៍​ការមកដល់​យន្តហោះ Rafale ទាំង​៥​គ្រឿង​នេះ ដោយបាន​បង្ហោះ​សារ​នៅ Twitter របស់លោក​ថា គ្មាន​ការលះបង់​ណា ឬ​សកម្ម​ភាពល្អ​ណា​ដូច​ការ​ការពារជាតិ​ឡើយ​។​
 
 
 
​រដ្ឋមន្ត្រី​ការពារ​ឥណ្ឌា​លោក Rajnath Singh វិញ ក៏​ចេញមក​ស្វាគមន៍​វត្តមាន​យន្តហោះ​ចម្បាំង​ថ្មី​នេះ ដោយ​លោក​អះអាងថា ជាការ​ចាប់ផ្ដើម​សករាជ​ថ្មី​នៃ​យោធា​ឥណ្ឌា​។ លោក Singh បាន​សរសេរ​លើ Twitter របស់លោក​ទៀតថា កងទ័ពអាកាស​ឥណ្ឌា អាចមាន​សមត្ថភាពរ​បស់​ខ្លួន​ដើម្បី​កំញើញ​ការ​គំរាម​ទាំងឡាយ​ទៀតផង​។ ប្រមុខ​ការពារជាតិ​ឥណ្ឌា​រូបនេះ ក៏​ឆ្លៀត​ផ្ញើ​សារ​ព្រមាន​ទៅកាន់​ចិន​ដែល​ទើប​ប៉ះគ្នា​ថ្មីៗ​។​
 
«​ប្រសិនបើ​មាន​អ្នកណា​បារម្ភ​ពី​សមត្ថភាព​ថ្មី​របស់​កងទ័ពអាកាស​ឥណ្ឌា វា​គួរតែ​ជា​អ្នក​ដែល​ចង់​គំរាម​បូរណភាព​ទឹកដី​របស់ខ្លួន​។​» លោក Singh សរសេរ​បែបនេះ​លើ Twitter របស់លោក​។ ទោះ​មិន​និយាយ​ចំឈ្មោះ​ចិន សំណេរ​បែបនេះ ក៏​មិន​មានន័យ​សំដៅ​ប្រទេស​ណា​ក្រៅពី​អ្នកជិតខាង​មួយ​នេះ ឬក៏​ប៉ា​គី​ស្ថាន​ផង​ក៏​ថា​បាន​។​
 
​ទាក់ទង​ការទិញ​យន្តហោះ​នេះដែរ ឥណ្ឌា​ធ្លាប់​ទទួលស្គាល់ថា កម្លាំងយោធា​របស់ខ្លួន​នៅ​ស្ទើរ​ណាស់ បើ​ធៀប​នឹង​ចិន​។ ការទិញ​យន្តហោះ​ដល់​ទៅជិត​៤០​គ្រឿង​នេះ ជា​ផ្នែក​មួយ​នៃ​ការពង្រឹង​កម្លាំងយោធា​អាកាស​ផង និង​កម្លាំង​ទ័ព​ទាំង​ជាង​១,៤​លាន​នាក់​ផង​។ ខណៈ​ទំនាក់ទំនង​ជាមួយ​ចិន និង​ប៉ា​គី​ស្ថាន​មិនសូវ​ល្អ ឥណ្ឌា​រឹតតែ​ត្រូវ​ពង្រឹងសមត្ថភាព​យោធា​របស់ខ្លួន​ថែមទៀត​៕
 
 
 

Tag:
 ចិន​
  ឥណ្ឌា​
  Rafale
© រក្សាសិទ្ធិដោយ thmeythmey.com