ពីនេះ ពីនោះ
«គណនី និងគណនេយ្យ» មានន័យខុសគ្នាដូចម្តេច?
× «គណនី» សំដៅដោយបញ្ជី ឬតារាងកត់ត្រាប្រាក់ចំណូល ចំណាយ និងទ្រព្យ។ ចំណែក«គណនេយ្យ»សំដៅលើការកត់ត្រាជាប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយអំពីប្រតិបត្តិការហរិញ្ញវត្ថុរបស់ក្រុមហ៊ុន អង្គភាព ឬស្ថាប័នណាមួយ។ នេះបើយោងតាមសទ្ទានុក្រមវិទ្យាសាស្ត្រសេដ្ឋកិច្ចខ្មែរ-អង់គ្លេស-បារាំង។
ក្នុងវចនានុក្រមខ្មែរសម្តេចព្រះសង្ឃរាជ ជួន ណាតវិញ បានពន្យល់ពាក្យ«គណនី»ថា ការរាប់បញ្ជី ឬតារាងគិតគូរប្រាក់ចំណូលចំណាយ។
ចំណែក «គណនេយ្យ» ជាគណនីក្នុងក្រសួង រាជការ ឬក្នុងគ្រឹះស្ថានពាណិជ។ «គណនេយ្យ» មានន័យម្យ៉ាងទៀតថា ជាមុខវិជ្ជា ឬមុខជំនាញដែលសិក្សាអំពីការតាមដានទិន្នន័យចំណូលចំណាយ ការវាស់វែង ការគិតគូរ ជាដើម។ ឧទាហរណ៍៖ និស្សិតដែលសិក្សាផ្នែកគណនេយ្យ ចង់ក្លាយជាអ្នកគណនេយ្យករនៅតាមធានាគារ ឬស្ថាប័ននានា នៅកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com