កីឡាអន្តរជាតិ
អន្តរជាតិ
ខុសពី​រាល់ដង ពាន Community Shield នឹងធ្វើ​មុន​បើក Premier League ១៤​ថ្ងៃ​
30, Jul 2020 , 11:29 pm        
រូបភាព
​កម្មវិធី​ប្រកួត​ពានរង្វាន់ Community Shield រដូវ​កាល ២០២០-២១ នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Wembley នា​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២០ ពោលគឺ​មុនពេល​បើក Premier League រយៈពេល ១៤​ថ្ងៃ​។ នេះ​បើតាម​ការបញ្ជាក់​ពី​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស (FA) នៅ​ថ្ងៃទី​២៩ ខែកក្កដា​។​


Community Shield ជា​ពានរង្វាន់​ដែល​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ ដោយមាន​ការជួបគ្នារ​វាង​ក្រុម​ម្ចាស់​ជើងឯក Premier League ទល់នឹង​ម្ចាស់​ពាន FA Cup រដូវ​កាល​ចាស់​។ ជាធម្មតា ពាន​នេះ ធ្វើឡើង​មួយ​សប្តាហ៍​មុនពេល​បើក​រដូវ​កាល​ថ្មី​នៃ​ក្របខណ្ឌ​លី​គ​កំពូល​អង់គ្លេស​។​
 
​សម្រាប់​រដូវ​កាល ២០២០-២១ Community Shield នឹងមាន​ការជួបគ្នារ​វាង Liverpool ជាមួយ Arsenal ឬ Chelsea ដែល​ត្រូវ​ប្រជែង​គ្នា​ដណ្តើមពាន FA Cup ជាមុនសិន​។ 
 
​លោក Mikel Arteta នឹងត្រូវ​ដឹកនាំ​ក្រុម​កាំភ្លើង​ធំ ដើម្បី​តទល់​ជាមួយ​ក្រុម​តោ​ខៀវ​ដែលមាន​លោក Frank Lampard ជា​អ្នកចាត់ការ ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ FA Cup នៅ​យប់​ថ្ងៃទី​១ ខែសីហា នា​កីឡដ្ឋាន Wembley វេលា​ម៉ោង ១១:៣០​នាទី​យប់ [​ម៉ោង​នៅ​កម្ពុជា​]​។ 
 
​សម្រាប់​យុទ្ធនាការ Premier League រដូវ​កាល​ថ្មី​ខាងមុខ FA ក៏បាន​ប្រកាស​ដែរ​ថា នឹង​ចាប់ផ្តើម​ការប្រកួត​បើកឆាក​នៅ​ថ្ងៃទី​១២ ខែកញ្ញា ពោលគឺ​នៅក្រោយ​ការប្រកួត Community Shield រយៈពេល ១៤​ថ្ងៃ​។​
 
Liverpool ជា​ក្រុម​ដែល​ខក​ឱកាស​ដណ្តើមពាន Community Shield នេះ​កាលពី​រដូវ​កាល​មុន ក្រោយ​ចាញ់ Manchester City ដោយ​បាល់​កាត់សេចក្តី​ប៉េ​ណា​ល់​ទី​។ តាមពិតទៅ នៅ​រដូវ​កាល​មុន Man City ជា​ម្ចាស់​ពាន Premier League និង FA Cup ផង ទើប​តម្រូវ​ឲ្យ Liverpool ដែលជា​ក្រុម​រងជើង​ឯក​លី​គ​កំពូល​អង់គ្លេស​ត្រូវ​ចូលមក​ប្រកួតប្រជែង Community Shield វិញ​។​
 
Manchester United ជា​ក្រុម​ដែល​លើក​ពាន​នេះ​ច្រើនជាងគេ​ចំនួន​២១​សម័យកាល តាម​ពីក្រោយ​ដោយ Liverpool, Arsenal ១៥​លើក​ដូចគ្នា​, Everton ៩​លើក​, Tottenham Hotspur ៧​លើក និង Man Ciy ចំនួន ៦​លើក​៕

Tag:
 Community Shield
© រក្សាសិទ្ធិដោយ thmeythmey.com