COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ចូលផ្ទាល់មិនបាន អ្នកគាំទ្របាល់ទាត់ចិនជួលសណ្ឋាគារក្បែរកីឡដ្ឋាន មើលតាមបង្អួចវិញ
× ក្រុមអ្នកគាំទ្រកីឡាបាល់ទាត់នៃលីគកំពូលចិន (CSL) សុខចិត្តចំណាយលុយជួលបន្ទប់សណ្ឋាគារដែលនៅក្បែរកីឡដ្ឋាន ដើម្បីមើលការប្រកួតដោយផ្ទាល់ ខណៈការប្រកួត មិនទាន់អនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនានៅឡើយ។
ក្រុមអ្នកគាំទ្រក្រុម Shanghai SIPG និង Tianjin Teda បានរៀបចំសណ្ឋាគារកីឡាអន្តរជាតិមួយក្នុងក្រុង Kunshan ដើម្បីទស្សនារវាងក្រុមទាំងពីរ ដែលជំនួបនោះ Shanghai បានយកឈ្នះ ៣-១។
សណ្ឋាគារដែលពួកគេជួលនោះគឺនៅជាប់នឹងកីឡដ្ឋាន Kunshan តែម្តង។ កីឡដ្ឋាននេះ ស្ថិតក្នុងខេត្តជាំងស៊ូ ដែលត្រូវកីឡដ្ឋានអព្យាក្រឹតសម្រាប់ប្រើសប្រាស់ក្នុងការប្រកួតលីគ CSL រដូវកាលនេះ ដើម្បីការពារពីការឆ្លងជំងឺរាតត្បាត COVID-19។
CSL បានចាប់ផ្តើមដំណើរការលីគរបស់ខ្លួននៅថ្ងៃទី២៥ ខែកក្កដា បន្ទាប់ពីពន្យាពេលបើករដូវកាលថ្មីអស់រយៈពេលជាង ៥ ខែ។ យ៉ាងណាក៏ដោយ បើទោះជាបើកឲ្យមានការប្រកួតអំឡុងមាន COVID-19 នៅឡើយ តែត្រូវធ្វើឡើងដោយបិទទ្វារកីឡដ្ឋាន។
លោក Sam Wang ដែលជាអ្នកគាំទ្រក្រុម Teda ដ៏ងប់ងុលម្នាក់ ក្នុងចំណោមអ្នកគាំទ្រផ្សេងទៀត រួមជាមួយអ្នកគាំទ្រក្រុម SIPG ប្រមាណ ១០០ នាក់ បានអបអរក្រុមរបស់ពួកគេនៅតាមបង្អួចសណ្ឋាគាររៀងៗខ្លួន។ Wang អះអាងថា នេះជាវិធីដ៏ល្អបំផុតក្នុងការបានគាំទ្រក្រុមខ្លួន ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតផង។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP យុវជនជនជាតិចិន វ័យ ២៥ ឆ្នាំរូបនេះបន្តថា ដំបូងឡើយមានក្រុមមន្ត្រីបានព្យាយាមបិទបាំងបង្អួចមិនឲ្យទស្សនាឡើយ ប៉ុន្តែក្រោយមកពួកគេបានអនុញ្ញាតវិញ ហើយអ្នកគាំទ្រអាចមើលការប្រកួតនោះយ៉ាងសប្បាយរីករាយ។
Wang ថែមទាំងអះអាងទៀតថា បន្ទប់សណ្ឋាគារនោះបានដំឡើងថ្លៃដល់ទៅជាងពាក់កណ្តាលសម្រាប់ថ្ងៃដែលមានការប្រកួតពី ៤៥០យ័ន (៦៥ ដុល្លារអាមេរិក) ទៅដល់ ៨០០យ័ន (១១៤ដុល្លារអាមេរិក) ក្នុងមួយយប់។ បើទោះជាមានការដំឡើងថ្លៃក្តី ប៉ុន្តែបន្ទប់សណ្ឋាគារនោះតែងតែត្រូវបានភ្ញៀវកក់អស់ៗ នៅពេលមានក្រុមខ្លាំងៗដែលមានវត្តមានកីឡាករល្បីៗដូចជា Hulk និង Osca លេង៕
© រក្សាសិទ្ធិដោយ thmeythmey.com