ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជួយ​រក្សា​តុល្យភាព​អ័រម៉ូន​ល្អ​សម្រាប់​ស្បែក​?
31, Jul 2020 , 8:59 pm        
រូបភាព
​ការរក្សាបាន​នូវ​តុល្យភាព ឬ​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន គឺ​សំខាន់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​សម្រស់​ស្រស់ស្អាត​។ អ័រម៉ូន​ដើរតួនាទី​ចាំបាច់​ទាំង​ក្នុងការ​គ្រប់គ្រង​អារម្មណ៍ រក្សា​ទម្ងន់​ត្រឹមត្រូវ ល្អ​សម្រាប់​ស្បែក ទប់ស្កាត់​បញ្ហា​សុខភាព​បន្ត​ពូជ និង​រក្សា​ដំណើរការ​មុខងារ​ប្រក្រតី​របស់​រាងកាយ​ចៀស​ផុតពី​បញ្ហា​សុខភាព​ផ្សេងៗ​។ ដូច្នេះហើយ​ទើប​ការរក្សាបាន​នូវ​តុល្យភាព​អ័រម៉ូន​ជា​អ្វីដែល​អ្នក​មិនគួរ​ធ្វេស​ប្រហែល​មើលរំលង​ឡើយ​។ ប៉ុន្តែ​ធ្វើយ៉ាងណា​ទើប​អាច​រក្សា​តុល្យភាព​អ័រម៉ូន​បាន​? កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព  Health.com.kh នឹង​បង្ហាញ​ឱ្យដឹង​អាហារ​ដែល​ជួយ​គ្រប់គ្រង​ការផលិត ក៏ដូចជា​តុល្យភាព​នៃ​អ័រម៉ូន ៖

 
១. ផ្លែ​បឺ​រ​
 
​ផ្លែ​បឺ​រ គឺមាន​ផ្ទុក​នូវ​ជាតិ​ខ្លាញ់​សុខភាព​ល្អ​ដែល​អាចជួយ​ក្នុងការ​ផលិត​នូវ​កូ​ឡេ​ស្តេ​រ៉ូ​ល​ល្អ​ចាំបាច់​នៅពេល​សំយោគ​អ័រម៉ូន​។ ហើយ​ការ​សំយោគ​អ័រម៉ូន គឺ​ជួយ​ធ្វើអោយ​ចរន្តឈាម​រត់​មាន​ភាពល្អប្រសើរ ព្រមទាំង​កម្រិត​ការបញ្ចេញ​អ័រម៉ូន​ផ្សេងៗ​។ លើសពីនេះទៅទៀត ផ្លែ​បឺ​រ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ប៉ូ​តា​ស្យូ​ម វីតាមីន E អាស៊ីត​ហ្វូ​លិ​ក ជាតិ​ស​សៃ ម៉ាញ៉េ​ស្យូ​ម និង​វីតាមីន B ដែល​ចាំបាច់​ក្នុងការ​គ្រប់គ្រង​កម្រិត​ត្រឹមត្រូវ​នៃ​អ័រម៉ូន​ផងដែរ​។​
 
២. ប្រេងដូង​
 
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​អាស៊ីត lauric ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុងការ​ព្យាបាល​ស្បែក​និង​ជួយ​ដល់​ការផលិត​អ័រម៉ូន​ក្នុង​កម្រិត​ត្រឹមត្រូវ​។ 
 
៣. ផ្កា​ខាត់ណា​ខៀវ​
 
​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ដែល​ជួយ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន​ភេទ ជាពិសេស​អ័រម៉ូន​អ៊ឺ​ស្ត្រូ​ជែ​ន​។​ចំពោះ​មនុស្ស​ស្រី​អ័រម៉ូន​អឺ​ស្ត្រូ​សែន គឺ​ចាំបាច់​ណាស់​ដើម្បី​រក្សាបាន​នូវ​សុខភាព​ប្រព័ន្ធ​បន្ត​ពូជ​ល្អប្រសើរ រួមទាំង​ក្នុងការ​បង្កើន​កម្រិត​នៃ​ស្រទាប់​កូ​ឡា​ជែ​ន​។ ទោះជា​យ៉ាងណា អ័រម៉ូន​អឺ​ស្ត្រូ​សែន​ក៏បង្ក​ផលវិបាក​ផងដែរ​ប្រសិនបើ​កើនឡើង​ខ្ពស់​ពេក​។ ប៉ុន្តែ​កុំ​បារម្ភ​! ការទទួល​ទាន​ផ្កា​ខាត់ណា​ខៀវ​នឹង​ជួយ​គ្រប់គ្រង​ការផលិត​អ័រម៉ូន​អឺ​ស្ត្រូ​សែន​។​
 
៤. ផ្លែ​ទទឹម​
 
​មិន​ត្រឹមតែ​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក ដុតបំផ្លាញ​ជាតិ​ខ្លាញ់ និង​គ្រប់គ្រង​ការផលិត​អ័រម៉ូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្លែ​ទទឹម​ក៏មាន​ប្រសិទ្ធភាព​ទប់ស្កាត់​ឥទ្ធិពល​នៃ​ការ​កើន​អ័រម៉ូន​ច្រើនពេក​ក្នុង​ប្រព័ន្ធ​រាងកាយ​ផងដែរ​។​
 
៥. ត្រី​សាល​ម៉ុ​ន​
 
​ត្រី​សាល​ម៉ុ​ន​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​បេះដូង​និង​ខួរក្បាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ឥទ្ធិពល​ល្អប្រសើរ​ជួយ​ក្នុងការ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន​ផងដែរ​។ ត្រី​សាល​ម៉ុ​ន​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​ចាំបាច់​ណាស់​ក្នុង​ដំណើរការ​សំយោគ​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​អ័រម៉ូន​។​
 
៦. ផ្នែក​ពណ៌​លឿង​នៃ​ស៊ុត​
 
​ទោះបីជា​ផ្នែក​ពណ៌​លឿង​នៃ​ស៊ុតមាន​ផ្ទុក​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ប៉ុន្តែ​វា​ជា​កូ​ឡេ​ស្តេ​រ៉​ល​ល្អ​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ផលិត​អ័រម៉ូន​។ ហើយ​ជាមួយនឹង​ការផលិត​អ័រម៉ូន​នេះ ស្បែក​នឹង​ចាប់ផ្ដើម​ប្រែជា​ទន់ ហើយ​មាន​សុខភាព​ល្អ​។ អ្នក​អាច​ទទួលទាន​ស៊ុត​ឱ្យបាន​មួយ​គ្រាប់​ក្នុង​មួយថ្ងៃ​។​
 
៧. បន្លែ​បៃតង​
 
​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ដូចជា​បន្លែ​បៃតង​ជា​ជម្រើស​ដ៏​ប្រសើរ​សម្រាប់​រក្សា​តុល្យភាព​អ័រម៉ូន​។ ហើយក៏​ព្រោះតែ​វា​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ព្រមទាំង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​និង​បន្ថយ​ស្ត្រេ​ស ការទទួល​ទាន​បន្លែ​បៃតង​អាចជួយ​គ្រប់គ្រង​កម្រិត​នៃ​អ័រម៉ូន cortisol និង​តុល្យភាព​នៃ​អ័រម៉ូន estrogen៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com