ជាតិ
ឧទ្យានុរក្ស សេង សាំងហៀត៖ បើយើងថែរក្សាព្រៃឈើ ព្រៃឈើនឹងថែរក្សាយើងវិញ លោក សេង សាំងហៀត៖ បើយើងថែរក្សាព្រៃឈើ ព្រៃឈើនឹងថែរក្សាយើងវិញ
× សៀមរាប៖ លោក សេង សាំងហៀត ជាអនុប្រធានឧទ្យានុរក្សប្រចាំស្នាក់ការបរិស្ថានលើខ្នងភ្នំគូលែន ខេត្តសៀមរាប។ រយៈពេល៣ឆ្នាំហើយ ដែលលោក សេង សាំងហៀត ធ្វើជាមន្ត្រីឧទ្យានុរក្ស នៃក្រសួងបរិស្ថាន។ ឧទ្យានុរក្សរូបនេះ លើកឡើងថា៖ «ក្ដីស្រឡាញ់ចេញពីបេះដូង ទោះបីការងារហ្នឹង វានឿយហត់បន្តិច ប៉ុន្តែកម្លាំងចិត្តជំរុញឲ្យយើងទៅធ្វើ ទឹកចិត្តយើង យើងចូលចិត្ត»។
ការងារជាឧទ្យានុរក្ស មិនមែនជាការងារងាយស្រួលនោះទេ។ សម្រាប់លោក សេង សាំងហៀត ការងារនេះងាយនឹងជួបបញ្ហាប្រឈមនានា ក្នុងពេលបំពេញភារកិច្ច។ ឧទ្យានុរក្សរូបនេះ រៀបរាប់បែបនេះ៖ «ពិតជាមានការពិបាកច្រើន បញ្ហាប្រឈម និងសុវត្ថិភាព ពេលដែលចុះឃាត់ពលរដ្ឋកាប់រានចម្ការ ពួកគាត់មិនសប្បាយចិត្តនឹងយើងទេ។ ប៉ុន្តែយើងនឹងព្យាយាមធ្វើយ៉ាងណា សម្របសម្រួលគាត់ឲ្យមានការងារផ្សេង»។
សូមអញ្ជើញទស្សនាបទយកការណ៍ខាងក្រោម៖
ទោះហត់នឿយ និងមានការលំបាក លោក សាំងហៀត នៅតែបន្តការងារជាមន្ត្រីឧទ្យានុរក្ស។ ឧទ្យានុរក្សប្រចាំការនៅលើខ្នងភ្នំគូលែនរូបនេះ បានលះបង់កម្លាំង និងទឹកចិត្ត ដើម្បីរក្សាព្រៃឈើឲ្យបានគង់វង្ស។ «កម្លាំង និងទឹកចិត្ត លះបង់ច្រើនមែនទែន ដើម្បីរក្សាព្រៃឈើឲ្យបានគង់វង្ស និងរក្សាប្រភពទឹកពីភ្នំគូលែន ឲ្យបានទៅដល់តាមប្រាសាទនានា»។ នេះជាការលើកឡើងរបស់លោក សេង សាំងហៀត។
ឧទ្យានុរក្ស សាំងហៀត ឲ្យតម្លៃព្រៃឈើជាឪពុកម្ដាយ និងចាត់ទុកជារបស់សំខាន់ដែលមិនអាចខ្វះបាន។ លោក សាំងហៀត លើកឡើងបែបនេះ៖ «ព្រៃឈើ គឺដូចជាឪពុកម្ដាយរបស់យើង បើយើងថែរក្សាគាត់ គាត់នឹងថែរក្សាយើងវិញ»។
រូបភាពពីលោក សេង សាំងហៀត
មានស្រុកកំណើតនៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប លោក សាំងហៀត សម្រេចចិត្តមកថែរក្សាការពារបរិស្ថាននៅលើខ្នងភ្នំគូលែន។ ឧទ្យានុរក្សរូបនេះ ត្រូវប្រចាំការ និងចុះល្បាតនៅតាមព្រៃ ពិសេសណែនាំប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាប្រចាំ។ ក្នុងមួយសប្ដាហ៍ ឧទ្យានុរក្ស សាំងហៀត អាចទៅផ្ទះជួបជុំគ្រួសារ ចំនួន ១ថ្ងៃ ប្រសិនបើមានភ្ញៀវទេសចរធ្វើដំណើរផ្សងព្រេង ចូលទៅកាន់ព្រៃជ្រៅ នោះលោកមិនបានទៅជួបជុំគ្រួសារនោះទេ។
មន្ត្រីឧទ្យានុរក្សនាស្នាក់ការខ្នងភ្នំគូលែនរូបនេះ សំណូមពរឲ្យប្រជាពលរដ្ឋស្រឡាញ់ និងថែរក្សាព្រៃឈើ និងបរិស្ថាន ពិសេសទៅកម្សាន្តនៅភ្នំគូលែន ជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីលុបបំបាត់ការកាប់បំផ្លាញព្រៃឈើ។ បច្ចុប្បន្ន កម្ពុជាមានមន្ត្រីឧទ្យានុរក្សចំនួន ១២៦០នាក់ កំពុងឈរជើងការពារនៅតំបន់ការពារធនធានធម្មជាតិនានានៅកម្ពុជា។ មន្ត្រីឧទ្យានុរក្សទាំងអស់ មានបេសកកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ រួមទាំងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ដែលកើតមាននៅកម្ពុជា។
រូបភាពពីលោក សេង សាំងហៀត
សូមបញ្ជាក់ថា ថ្ងៃទី៣១ កក្កដានេះ ជាទិវាឧទ្យានុរក្សពិភពលោក។ ទិវានេះ ត្រូវបានប្រារព្ធឡើងចាប់តាំងពីឆ្នាំ២០០៧ ក្នុងគោលបំណងផ្តល់គុណតម្លៃនិងលើកទឹកចិត្តដល់មន្ត្រីឧទ្យានុរក្ស ដែលបានតស៊ូលះបង់ និងបូជា ជីវិតដើម្បីបុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីរបស់មន្ត្រីឧទ្យានុរក្សនៅកម្ពុជា អំពីការតស៊ូលះបង់របស់មន្ត្រីឧទ្យានុរក្សក្នុងការថែរក្សា ការពារ និងអភិរក្សធនធាន ធម្មជាតិ និងបរិស្ថានប្រកបដោយសេចក្តីអង់អាចក្លាហាន៕
រូបភាពពីលោក សេង សាំងហៀត
រូបភាពពីលោក សេង សាំងហៀត
Tag:
ឧទ្យានុរក្ស
ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com