កីឡាអន្តរជាតិ
អន្តរជាតិ
អង្គការ​ជនជាតិ​វី​ហ្គ័​រ​ពិភពលោក សុំ​ឲ្យ IOC បញ្ឈប់​ចិន​ពី​ការរៀបចំ​អូឡាំពិក ២០២២
01, Aug 2020 , 8:29 am        
រូបភាព
​អង្គការ​តំណាង​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ នៅ​ថ្ងៃទី​៣០ ខែកក្កដា បានស្នើ​គណៈកម្មកា​អូឡាំពិក​អន្តរជាតិ (IOC) ពិចារណា​ជាថ្មី ជុំវិញ​ក្នុង​ការផ្ដល់​សិទ្ធិ​ឲ្យ​ក្រុង​ប៉េកាំង​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ ២០២២​។ ពួកគេ ចោទ​ចិន​ថា បាន​រំលោភសិទ្ធិ និង​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ទៅលើ​ប្រជាជន​វី​ហ្គ័​រ​នៅ​ស៊ីន​ជាំ​ង​។


​បក្សកុម្មុយនិស្ត​ចិន (CCP) ដែល​កំពុង​កាន់អំណាច​ក្នុងប្រទេស​ចិន​សព្វថ្ងៃ​បាន​រង​សម្ពាធ​កាន់តែខ្លាំង​ពី​អន្តរជាតិ​ជុំវិញ​បទ​ចោទ​ការបង្ក្រាប​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។​
 
​ទិន្នន័យ​ពី​ក្រុម​ការពារ​សិទ្ធិមនុស្ស និង​អ្នកជំនាញ បង្ហាញថា មនុស្ស​ជាង​មួយ​លាន​នាក់​មាន​ជនជាតិ​វី​ហ្គ័​រ និង​ជនភាគតិច​ផ្សេងទៀត ត្រូវ​ឃុំខ្លួន​នៅ​ជំរំ​ប្រឆាំង​គំនិត​ជ្រុលនិយម ខណៈ​ពីរលាន​នាក់​ទៀត​ត្រូវបញ្ជូន​ទៅកាន់​មន្ទីរ​កែប្រែ​ដើម្បី​សិក្សា​ទ្រឹស្តី​នយោបាយ​។​
 
​ជុំវិញ​ការលើកឡើង​របស់​ក្រុម​សិទ្ធិមនុស្ស ចិន​បាន​ទាត់ចោល​របាយការណ៍រ​បស់​អ្នកជំនាញ​ដែល​រកឃើញថា មានការ​ឃុំខ្លួន​មនុស្ស​មួយ​លាន​នាក់​នៅ​តំបន់​ស្វយ័ត​ស៊ីន​ជាំ​ង​។ ទោះជា​ទាត់ចោល​របាយការណ៍​មែន តែ​មន្ត្រី​ចិន​ទទួលស្គាល់ថា មាន​មនុស្ស​ខ្លះ​ពិតជា​បាន​ឆ្លងកាត់​ជំរំ​កែប្រែ​ឡើងវិញ​មែន ព្រោះ​ពួកគេ​រង​ឥទ្ធិពល​ជ្រុលនិយម​។​
 
​ទាក់ទង​នឹង​ករណី​ខាងលើ នៅក្នុង​លិខិត​ចំហ​មួយ​ដែល​ផ្ញើ​ទៅកាន់​លោក Thomas Bach ប្រធាន IOC សមាជ​វី​ហ្គ័​រ​ពិភពលោក (WUC) ដែលជា​អង្គការ​មាន​មូលដ្ឋាន​ទីក្រុង​មុយ​និ​ច ប្រទេស​អាល្លឺម៉ង់ បាន​ចោទ​ចិន​ពីបទ​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ការធ្វើ​ទារុណកម្ម​ប្រឆាំងនឹង​ជនជាតិ​វី​ហ្គ័​រ និង​ជនភាគតិច Turk ដទៃទៀត​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​។​
 
​លិខិត​ដែលមាន​ចុះហត្ថលេខា​ពី​សំណាក់​ប្រធាន WUC លោក Dolkun Isa រៀបរាប់ថា​៖« យើង​មានការ​ខកចិត្ត​យ៉ាងខ្លាំង​ដែល IOC មិនបាន​ដោះស្រាយ​ស្ថានភាព​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ចិន​ចាប់តាំងពី​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុង​ប៉េកាំង​ធ្វើ​ម្ចាស់ផ្ទះ​អូឡាំពិក​រដូវរងារ​ឆ្នាំ ២០២២»​។​
 
​លោក Dolkun Isa បាន​បន្ថែម​ក្នុង​លិខិត​នោះ​ទៀតថា ជាការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដែល IOC ក្នុងនាម​ជា​ស្ថាប័ន​អន្តរជាតិ​មួយ និង​ថែមទាំង​មាន​ក្រមសីលធម៌​ដ៏​រឹងមាំ បែ​ជា​ខកខាន​មិន​ទទួលស្គាល់​ការរំលោភ​សិទ្ធិមនុស្សរ​បស់​ចិន​តាមរយៈ​ឧក្រិដ្ឋកម្ម​លើ​ជនជាតិ​វី​ហ្គ័​រ ក៏ដូចជា​នៅក្នុង​ប្រទេស​ចិន​។ 
 
​យ៉ាងណាក៏ដោយ បន្ទាប់ពី​មានការ​អះអាង​របស់ WUC ដូច្នេះ អ្នកនាំពាក្យ IOC បាន​ឆ្លើយតប​វិញ​ថា អង្គភាព​របស់ខ្លួន​មួយ​នេះ​នៅតែមាន​អព្យាក្រឹត​លើ​បញ្ហានយោបាយ​ពិភពលោក​។​
«​សម្រាប់​ព្រឹត្តិការណ៍​អូឡាំពិក​រដូវរងារ​ក្នុង​ក្រុង​ប៉េកាំង ឆ្នាំ ២០២២ គណៈកម្មការ​វាយតម្លៃ IOC បាន​ពិភាក្សា​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​ឯករាជ្យ​ទាក់ទង​នឹង​បញ្ហា​មួយចំនួន​រួមទាំង​សិទ្ធិមនុស្ស​រួចហើយ​»​។ នេះ​ជាការ​រៀបរាប់​បន្ថែមរ​បស់​អ្នកនាំពាក្យ​។​
 
​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ ២០២២ ដែល​ត្រូវធ្វើឡើង​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​ផ្លូវការ ពីថ្ងៃ​ទី​៤ ដល់​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២៕

Tag:
 IOC
  Uighur
  អូឡាំពិក
© រក្សាសិទ្ធិដោយ thmeythmey.com