ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ចិន ប្តេជ្ញា​រួមគ្នា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ឱ្យដល់ ១០​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣
31, Jul 2020 , 9:59 pm        
រូបភាព
ប្រភពរូប៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ប្រភពរូប៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា​-​ចិន បាន​ប្តេជ្ញា​រួមគ្នា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ដល់ ១០​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២៣​។ លោក ប៉ាន សូរ​ស័ក្តិ  រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក ស៊ុន ចិន​ហៃ (SUN Chenhai) អគ្គនាយករង​នៃ​ការិយាល័យ​ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​« ពិព័រណ៍​នាំចូល​អន្តរ​ជាតិចិន​លើក​ទី​៣ ឆ្នាំ​២០២០ រវាង​កម្ពុជា​-​ចិន​» នៅ​ទីស្តីការក្រសួង កាលពី​ថ្ងៃទី​៣០​កក្កដា​។

 
​ក្នុង​ប្រជុំ​ជាមួយ​ភាគី​ចិន តាមរយៈ​ប្រព័ន្ធ​វីដេអូ លោក​ប៉ាន សូរ​ស័ក្តិ បានស្នើ​សុំ​ភាគី​ចិន ពិសេស លោក ស៊ុន ចិន​ហៃ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មជ្ឈមណ្ឌល​ពិព័រណ៍​និង​សាលសន្និសីទ​ជាតិ​ទីក្រុង​សៀង​ហៃ នៃ​ប្រទេស​ចិន ជួយ​ព​ន្លឿ​ន​ការចរចា​ពិធីសារ​អនាម័យ និង​ភូតគាម​អនាម័យ​លើ​ផលិតផល​កសិកម្ម​មួយចំនួន ដើម្បី​ឈានដល់​ការចុះហត្ថលេខា​សម្រាប់​នាំចេញ​។  ផលិតផល​កម្ពុជា ដែល​ស្នើសុំ​ទីផ្សារ​ចិន​នោះ រួមមាន ផ្លែ​មៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និង​សំបុក​ទឹកមាត់​ត្រចៀកកាំ​ជាដើម​។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​រូបនេះ ក៏បាន​ស្នើ​ចិន​ឱ្យជួយ​គាំទ្រ​អភិវឌ្ឍ​ធុរកិច្ច​លើ​វិស័យសេដ្ឋកិច្ច​ឌីជីថល ធុរកិច្ច​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ជាដើម​។ ជាពិសេស គឺ​ជួយ​កម្ពុជា​រៀបចំ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​ឱ្យ​ប្រសើរឡើង និង​លើក​កម្រិត​ឧស្សាហូបនីយកម្ម​ស្របតាម​ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ច​សកល  ដើម្បី​ឈានដល់​ការសម្រេច​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​១០​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០២៣​។ 
 
​កាលពី​ថ្ងៃទី​២០​កក្កដា ឆ្នាំ​២០២០ កម្ពុជា​និង​ចិន បានប្រកាស​ជា​ផ្លូវការ​លើ​ការបញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​(FTA) ដោយ​នៅតែ​រង់ចាំ​ការចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ នៅពេល​ខាងមុខ​ប៉ុណ្ណោះ​។ តាមរយៈ​កិច្ច​ព្រមព្រៀងគ្នា​នេះ ភាគី​ទាំងពីរ​ក៏​រំពឹងថា អាច​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឱ្យដល់​១០​ពាន់​លាន​ដុល្លារ​ផងដែរ​។​
 
​កម្ពុជា​-​ចិន បាន​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នៅ​ឆ្នាំ​២០១៣ ហើយ​ឈានដល់​ការបង្កើត​សហគមន៍​វាសនា​រួម កម្ពុជា​-​ចិន នៅ​ឆ្នាំ​២០១៩​។ ចំណងមិត្តភាព​នៃ​ប្រទេស​ទាំងពីរ ចាប់ផ្តើម​មាន​អានុភាព​ខ្លាំង​ឡើងៗ និង​ទទួលបាន​ផលប្រយោជន៍​ទាំងសងខាង​។​
 
​ជាក់ស្តែង កាលពី​ឆ្នាំ​២០១៨ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ចិន សម្រេចបាន​ជាង ៦​ពាន់​លាន​ដុល្លារ​។ ទំហំ​ពាណិជ្ជ​កម្មនេះ បាន​ហក់​ឡើងដល់ ៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៩ ដោយ​កម្ពុជា​នាំចេញ​ទៅ​ចិន មាន​ទំហំ​ប្រាក់​ទឹក​១​ពាន់​លាន​ដុល្លារ ខណៈ​ចិន​នាំចូល​កម្ពុជា​វិញ  មាន​រហូតដល់​៧​ពាន់​លាន​ដុល្លារ​៕
 
 
 

Tag:
 ពាណិជ្ជកម្ម​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com