សង្គមអន្តរជាតិ​
អន្តរជាតិ
សាក្សី​សំខាន់​ម្នាក់​ក្នុង​សំណុំរឿង​ចៅប្រុស​ថៅកែ​Red Bull ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​
31, Jul 2020 , 11:29 pm        
រូបភាព
រូបភាពពីសារព័ត៌មានក្នុងស្រុក ថៃ Chiangrai Times
រូបភាពពីសារព័ត៌មានក្នុងស្រុក ថៃ Chiangrai Times
ដោយ:
​សាក្សី​សំខាន់​ម្នាក់ ដែល​ការបំភ្លឺ​ខ្លួន​បាន​បញ្ចុះបញ្ចូល​ឲ្យ​រាជអាជ្ញា​ថៃ​ទម្លាក់​បទ​ចោទ​ប្រឆាំង​ចៅប្រុស​ថៅកែ Red Bull បាន​បាត់​បង់ជីវិត​ហើយ​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​៣០ ខែកក្កដា​។ ប៉ូលិស​ថៃ អះអាងថា ពួកគេ​កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​។ សាក្សី​ដែល​ស្លាប់​រូបនេះ ក៏ត្រូវ​បាន​កោះហៅ​ឲ្យ​ទៅ​ឆ្លើយបំភ្លឺ​នៅមុខ​គណៈ​គ​ម្មា​ធិ​ការ​សភា​ថៃ​មួយ នា​ខែក្រោយ​ផងដែរ​។

 
 
​សាក្សី ឈ្មោះថា Charuchart Martthong បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ ក្នុង​ខេត្ត​ឈៀង​ម៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ ។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អ្នកនាំពាក្យ​ប៉ូលិស​ថៃ លោក Krisana Pattanacharoen បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ដូច្នេះ​ថា​៖«​ប៉ូលិស​កំពុង​ប្រមែប្រមូល​ភស្តុតាង​និង​សាក្សី ដើម្បី​ស៊ើបអង្កេត​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​»​។​
 
​កាលពីដើម​សប្តាហ៍​នេះ លោក Charuchart ត្រូវបាន​ជាប់​ឈ្មោះ​ជា​សាក្សី​ដ៏​សំខាន់​ម្នាក់ ដែល​បានផ្ដល់​ចម្លើយ​បំភ្លឺថា លោក Vorayuth Yoovidhya ចៅប្រុស​ថៅកែ​ភេសជ្ជៈ​គោ​ជល់ (Red Bull) ពុំបាន​បើក​លើស​ល្បឿន​កំណត់​ឡើយ (៨០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​) នៅពេល​លោក​បុក​ប៉ូលិស​ម្នាក់​ក្នុង​ទីក្រុង​បាងកក កាលពី​ឆ្នាំ​២០១២​។ 
 
​លោក Charuchart និង​សាក្សី​ម្នាក់ទៀត ដែលជា​មន្ត្រី​ថៃ​ចូលនិវត្តន៍ បាន​ឆ្លើយ​អះអាងថា រថយន្ត Ferrari របស់លោក Vorayuth បើក​ក្នុង​ល្បឿន​ចន្លោះ​ពី​៥០-៦០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​នៅពេល​លោក​បង្ក​គ្រោះថ្នាក់​។ 
 
​កន្លងទៅ បើតាម​ការសន្និដ្ឋានរ​បស់​ប៉ូលិស​ចរាចរណ៍​ថៃ លោក Vorayuth បាន​បើកបរ​ក្នុង​ល្បឿន ១៧៧​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង នៅពេល​រថយន្ត​ស៊េរី​ទំនើប Ferrari លោក​បាន​បុក និង​សម្លាប់​ប៉ូលិស​ថៃ លោក Wichian Klanprasert ដែល​កំពុង​ជិះ​លើផ្លូវ​មួយ​ក្នុង​ទីក្រុង បាងកក កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១២​។​
 
​បន្ថែម​ពីលើ​នេះ សាក្សី​ទាំងពីរ​នាក់ ក៏បាន​ឆ្លើយបំភ្លឺ​ទៀតថា ប៉ូលិស​ដែល​ស្លាប់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បាន​ជិះ​ប្ដូរ​គន្លង​ផ្លូវ​ភ្លាម​មួយ​រំពេច កាត់​ចំ​កណ្ដាល​មុខ​រថយន្ត​លោក Vorayuth ដែល​កំពុង​បើកបរ​លើ​គន្លង​ត្រឹមត្រូវ ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​លោក​បុក​ម៉ូតូ​ប៉ូលិស​បែបនេះ​។ រថយន្ត​ស៊េរី​ទំនើប​នោះ បាន​អូស​សព​ជាច្រើន​ម៉ែត្រ មុនពេល​បើក​រត់គេច​ពី​កន្លែងកើតហេតុ​។ 
 
​ភស្តុតាង​ថ្មី​ទាំងនេះហើយ ជា​ហេតុផល​ពីក្រោយ​ការសម្រេច​ទម្លាក់​បទ​ចោល​ប្រឆាំង Vorayuth ដែល​បង្ក​ជាការ​រិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ប្រជាជន​ថៃ​ទូទៅ ដែល​ចាត់ទុក​រឿងនេះ​ជា​ឧទាហរណ៍​មួយ​នៃ​វប្បធម៌​អភ័យឯកសិទ្ធិ​របស់​ពួក​អ្នកមាន​។ 
 
​សាក្សី​ទាំងពីរ​នាក់​នេះ ត្រូវបាន​កោះហៅ​ឲ្យ​ចូល​ឆ្លើយបំភ្លឺ​នៅមុខ​គណៈកម្មាធិការ​ស​ភា​ដែល​ទទួលបន្ទុក​កិច្ចការ​ច្បាប់ និង​យុត្តិធម៌​របស់​ថៃ នា​ខែសីហា​។ ម្យ៉ាងវិញទៀត អ្នក​ទាំងពីរ​នេះ ក៏​ជាប់​ជា​គោលដៅ​ស៊ើបសួរ​បន្ត​របស់​គណៈកម្មាធិកា​រ​ស្វែង​ការពិត​ដែល​បង្កើតឡើង​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា កាលពី​ថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ ផងដែរ​។ 
 
​យ៉ាងណា ក្រោយ​ការស្លាប់​របស់លោក Charuchart ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បែបនេះ ប្រធាន​គណៈកម្មាធិការ​សភា​ថៃ លោក Sira Janejaka បាន​ទទូច​ឲ្យ​ស្នងការ​ប៉ូលិស​ជាតិ​ជួយផ្ដល់​ការការពារ​ចំពោះ​មន្ត្រី​ថៃ​ចូលនិវត្តន៍​ម្នាក់ទៀត ព្រោះ​លោក​គឺជា​សាក្សី​សំខាន់​តែមួយ​ដែល​នៅ​សេសសល់​ក្នុង​រឿងក្តី​ចៅប្រុស​ថៅកែ Red Bull មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​សារព័ត៌មាន​ក្នុង​ស្រុកថៃ Chiang Rai Times ។ 
 
​រកឃើញ​សារធាតុ​ញៀន​ក្នុង​ឈាម​លោក Vorayuth
 
​មន្ត្រីប៉ូលិស​ថៃ បាន​អះអាងថា ពួកគេ​រកឃើញ​សារ​ធាតុគីមី​ខុសច្បាប់ ក្នុងនោះ​ជា​សារធាតុ​ញៀន​កូកាអ៊ីន ក្នុង​ឈាម​របស់លោក Vorayuth នៅពេល​លោក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១២​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍​ថៃ នៅ​ថ្ងៃទី ៣១ ខែកក្កដា ដោយ​ដកស្រង់​ការលើកឡើង​របស់​គណៈ​ក​ម្មា​ធិ​ការ​សភា​ថៃ​។ 
 
​ប្រភព​ដដែល បន្តថា គណៈកម្មាធិការ​សភា​ថៃ នៅ​ថ្ងៃទី​៣០ ខែកក្កដា បាន​កោះហៅ​មន្ត្រី​ដើម្បី​សាកសួរ​ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​នេះ​។ អ្នកនាំពាក្យ​គណៈកម្មាធិការ​សភា លោក Natchanon Srikokuea បាន​ប្រាប់​សន្និសីទ​ព័ត៌មាន​ថា គណៈកម្មាធិការ​លោក​បាន​សាកសួរ​ទៅកាន់​មន្ត្រី​ដែល​កាន់​សំណុំ​រឿងនេះ ពី​មូល​ហេតុដែល​ពួកគេ​មិន​ចោទប្រកាន់​បទល្មើស​ប្រើប្រាស់​សារធាតុ​ញៀន​ប្រឆាំង​លោក Vorayuth ទោះជា​លទ្ធផល​ពិនិត្យ​ឈាម បញ្ជាក់ថា ពិតជា​ប្រើ​សារធាតុ​កូកាអ៊ីន​មែន​នោះ​។​
 
​ក្រុមមន្ត្រី​បាន​ឆ្លើយ​ប្រាប់​គណៈកម្មាធិការ​សភា​ថា ពួកគេ​សម្រេច​មិន​ចោទប្រកាន់​ករណីនេះ ព្រោះថា ខាង​ពេទ្យធ្មេញ​បាន​បញ្ជាក់ថា លោក Vorayuth បាន​ប្រើ​ថ្នាំពេទ្យ​ដែលមាន​ផ្ទុក​សារធាតុ​កូកាអ៊ីន​ជា​ផ្នែក​មួយ​នៃ​ការព្យាបាល​ប៉ុណ្ណោះ​។  លោក Natchanon និយាយ​បែបនេះ​។  យ៉ាងណាមិញ លោក ប្រធាន​គណៈកម្មាធិការ​សភា​ថៃ លោក Sira Janejaka អះអាងថា ប៉ូលិស​នឹង​ពិចារណា​លើក​ករណី​ប្រើប្រាស់​សារធាតុ​ញៀន​នេះ​ប្រឆាំង​លោក Vorayuth ៕
 

Tag:
 ថៃ​
  Red Bull
  Vorayuth Yoovidhya
© រក្សាសិទ្ធិដោយ thmeythmey.com