ជាតិ
សុខភាព
ជំងឺ​គ្រុន​ឈី​ក​មិន​ធ្វើឱ្យ​អ្នកជំងឺ​ស្លាប់​ទេ តែ​ប៉ះពាល់​សន្លាក់​ធ្ងន់ធ្ងរ​
31, Jul 2020 , 5:28 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​ឈី​ក​គង់​ហ្គ​ន់​យ៉ា ឬ​ជំងឺ​គ្រុន​ឈី​ក ជា​ជំងឺឆ្លង​ម្យ៉ាង​បង្កឡើង​ដោយ​មូស​ខ្លា​ញី ដែល​ផ្ទុកមេរោគ​ឈី​ក​។ លោក​វេជ្ជបណ្ឌិត វ៉ាន់ សុខ​ជា ឯកទេស​ជំងឺ​កុមារ បាន​អះអាងថា ជំងឺ​គ្រុន​ឈី​ក​មិន​ធ្វើឱ្យ​អ្នកជំងឺ​ស្លាប់​ទេ បើសិន​គ្មាន​ជំងឺ​ប្រចាំកាយ តែ​ប៉ះពាល់​ដល់​សន្លាក់​ធ្ងន់ធ្ងរ ឬ​អាច​ពិការ​បាន​។


 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​បទ​សម្ភាស​រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក​វេជ្ជបណ្ឌិត វ៉ាន់ សុខ​ជា ឯកទេស​ជំងឺ​កុមារ និង​ជា​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​រោគ​កុមារ​ម៉ាក់​ស៊ី​ឃែ​រ ដូចតទៅ​៖ 
 
 
​ជំងឺ​គ្រុន​ឈី​ក បង្កឡើង​ដោយ​មេរោគ​ឈី​ក ហើយ​វា​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ខ្លា​ញី​ខាំ​។ កត្តា​ចម្លង​ផ្សេងទៀត គឺ​តាមរយៈ​ស្ត្រី​ពពោះ​ដែល​ផ្ទុក​ជំងឺ​គ្រុន​ឈី​ក ឆ្លង​ដល់​កូន​ក្នុង​ផ្ទៃ និង​តាមរយៈ​កា​រប​ញ្ជូ​ល​ឈាម​ជាដើម​។ នេះ​បើតាម​លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​កុមារ វ៉ាន់ សុខ​ជា​។ លោក​វេជ្ជបណ្ឌិត​បន្តថា ទោះជា​ជំងឺ​គ្រុន​ឈី​ក​ភាគច្រើន មិន​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​អ្នកជំងឺ តែ​វា​ប៉ះពាល់​ដល់​សន្លាក់​ធ្ងន់ធ្ងរ​។ ក្នុងករណី​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ខ្សោយបេះដូង រលាក​ខួរក្បាល ឬ​មាន​ជំងឺគ្រុនឈាម គ្រុនចាញ់​នោះ អ្នកជំងឺ​អាច​ស្លាប់​បាន ប៉ុន្តែ​ក្នុង​អត្រា​ទាប​។​
 
​លោក​វេជ្ជបណ្ឌិត​ពន្យល់​ដូច្នេះ​ថា​៖«​ស្ទើរតែ​អ្នកជំងឺ​ទាំងអស់ មិនមាន​ផលប៉ះពាល់​ដល់​អាយុជីវិត​ទេ គឺ​វា​ជា​វិញ​ដោយ​ខ្លួនឯង ហើយ​ផលវិបាក​ដែល​យើង​ឃើញ​សំខាន់​នោះ គឺ​ប៉ះពាល់​សន្លាក់ បានន័យថា​គាត់​អាច​រលាក​សន្លាក់​ធ្ងន់ធ្ងរ រហូតដល់​ខូច​សន្លាក់​ទៅជា​ពិការភាព​មួយជីវិត​ក៏មាន​»​។ 
 
​ក្រោយពី​មនុស្ស​ម្នាក់​ត្រូវ​មូស​ខ្លា​ញី​ខាំ ចំនួន​៣-៧​ថ្ងៃ វីរុស​គ្រុន​ឈី​កនៅ​សំងំ​ក្នុង​ខ្លួន ដោយ​មិនទាន់​ចេញ​រោគសញ្ញា​នោះទេ​។ ក្រោយមក អ្នកជំងឺ​មានដូចជា អាការ​ក្ដៅខ្លួន ចន្លោះ​ពី​៣៨-៤០​អង្សា អស់កម្លាំង​ល្ហិតល្ហៃ​។ បន្ទាប់ពី​២-៥​ថ្ងៃ​ក្រោយមក អ្នកជំងឺ​ចាប់ផ្តើម​ឈឺសន្លាក់ ឬ​មាន​កន្ទួល​ក្រហម​នៅលើ​ស្បែក​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វេជ្ជបណ្ឌិត វ៉ាន់ សុខ​ជា​។​
 
​ប្រធាន​មន្ទីរ​សម្រាក​ព្យាបាល​រោគ​កុមារ​ម៉ាក់​ស៊ី​ឃែ​រ​រូបនេះ បញ្ជាក់ថា ដើម្បី​ការពារ​ជំងឺ​គ្រុន​ឈី​ក ត្រូវ​លុបបំបាត់​ជម្រក​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ និង​ការពារ​កុំឱ្យ​មូល​ខ្លាខាំ​៕
 

Tag:
 ជំងឺ​
 ​គ្រុន​ឈី​ក​
 ​សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com