កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Newcastle ខូចចិត្ត ក្រោយរជ្ជទាយាទអារ៉ាប៊ីសាអូឌីតឈប់ទិញក្លិបវិញ
× អ្នកគាំទ្រក្រុម Newcastle United បង្ហាញការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីមូលនិធិរដ្ឋអារ៉ាប៊ីសាអូឌីត ដែលគាំទ្រដោយព្រះអង្គម្ចាស់ Mohammed Bin Salman ដកការដេញថ្លៃទិញយកក្លិបសារិកាព្រៃនេះចេញវិញ។
កន្លងមក ការដេញថ្លៃរបស់មូលនិធិវិនិយោគសាធារណៈរបស់ប្រទេសអារ៉ាប៊ីសាអូឌីត (PIF) បានយល់ព្រមលើកិច្ចព្រមព្រៀងក្នុងតម្លៃ ៣០០ លានផោន (៣៧៥ លានដុល្លារអាមេរិក) ដើម្បីទិញក្លិបពីលោក Mike Ashley ទៅហើយកាលពីខែមេសា។ យ៉ាងណាកិច្ចព្រមព្រៀងនេះត្រូវពន្យារពេល ព្រោះត្រូវទទួលការពិនិត្យពិចារណាដោយសា្ថប័ន Premier League មុនសម្រេចឲ្យ Newcastle ធ្លាក់ទៅរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman កាន់កាប់។
មួយវិញទៀត ដោយសារមានការយឺតយ៉ាវ និងមិនត្រូវរ៉ូវគ្នាក្នុងលក្ខខណ្ឌមួយចំនួន ព្រមទាំងបញ្ហាជំងឺ COVID-19 ផងនោះ នៅពេលនេះភាគីខាង PIF បានដកខ្លួនចេញវិញទៅហើយ។
ក្រោយមានដំណឹងបែបនេះ អ្នកគាំទ្រ Newcastle ភាគច្រើនបានបង្ហាញការខកចិត្ត ដ្បិតពួកគេរំពឹងថានឹងមានម្ចាស់ថ្មីដែលមានទ្រព្យស្តុកស្តម្ភអាចផ្លាស់ប្តូរវាសនាក្លិបនៅ Premier League មួយនេះ ឲ្យទៅជាក្លិបដែលពោរពេញដោយថាមពលនាពេលខាងមុខដ៏ខ្លីនោះ។
បើតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស BBC លោក Michelle George អ្នកគាំទ្រម្នាក់របស់ក្រុមរហស្សនាមសារិកាព្រៃបាននិយាយថា ព័ត៌មាននេះធ្វើឲ្យអ្នកគាំទ្រដូចជាលោកខូចចិត្តមិនស្ទើនោះទេ។
ដោយឡែក អ្នកគាំទ្រម្នាក់ទៀតលោក Magpies George បានរៀបរាប់ថា ក្នុងនាមលោកជាអ្នកគាំទ្រលោកពិតជាមានការខកចិត្តណាស់។ «ដំបូងឡើយវាធ្វើឲ្យខ្ញុំរំភើបព្រោះយើងបានរងទុក្ខអស់រយៈពេល ១៣ ឆ្នាំមកហើយ ក្រោមការដឹកនាំរបស់ Ashley ដែលខ្វះការវិនិយោគនៅក្នុងក្លិប។ ប៉ុន្តែចុងក្រោយអ្វីៗនៅតែមិនអាចផ្លាស់ប្តូរបាន»។
Newcastle United ក្នុងរយៈពេល១០រដូវកាលចុងក្រោយ មិនដែលទទួលបានលទ្ធផលលេចធ្លោនោះទេ ហើយថែមទាំងកៀកនឹងធ្លាក់ទៅកាន់លីគកម្រិតទី២ទៀតផង។ ក្នុងរដូវកាល ២០១៩-២០នេះ ក្រុមដែលមានអ្នកចាត់ការទូទៅលោក Steve Bruce បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ទី១៣ ក្នុងតារាង Premier League៕
Tag:
Mohammed Bin Salman
Newcastle United
© រក្សាសិទ្ធិដោយ thmeythmey.com