ជាតិ
ព្រំដែន
លោក រ៉ុង ឈុន ត្រូវចាប់ខ្លួនទាំងយប់ ដោយរងការចោទប្រកាន់ថា បំភ្លៃរឿងព្រំដែន
31, Jul 2020 , 10:40 pm        
រូបភាព
លោក រ៉ុង ឈុន (ពាក់វ៉ែនតាខ្មៅ) ពេលចុះទៅជួបប្រជាពលរដ្ឋនិងដើរពិនិត្យមើលតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
លោក រ៉ុង ឈុន (ពាក់វ៉ែនតាខ្មៅ) ពេលចុះទៅជួបប្រជាពលរដ្ឋនិងដើរពិនិត្យមើលតាមព្រំដែន ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
លោក រ៉ុង ឈុន ត្រូវចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះ ដោយលោក រងការចោទប្រកាន់ថា បានបំផ្លើសខុសការពិតក្នុងរឿងព្រំដែន។ លោក ជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាមេសហជីព និង ជាទីប្រឹក្សានៃសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា។ 



អត្ថបទទាក់ទង


ទូរទស្សន៍ជាតិកម្ពុជា (ទទក) បានផ្សាយព័ត៌មានពីការចាប់លោក រ៉ុង ឈុន ដោយភ្ជាប់ជាមួយនឹងរូបរបស់លោក ដែលត្រូវបានសមត្ថកិច្ច ចាប់ដាក់រថយន្ត។ រូបដែល ទទក ផ្សាយនោះ គេ ឃើញលោក រ៉ុង ឈុន អង្គុយពិតខ្នងទៅនឹងរថយន្តសមត្ថកិច្ច ដោយដៃទាំងពីររបស់លោក ពាត់ទៅក្រោយ មើលទៅទំនងជាត្រូវវាយខ្នោះ។ តែ រូបភាពនោះ ពុំបង្ហាញឲ្យឃើញខ្នោះនោះទេ។


លោក រ៉ុង ឈុន ស្ថិតក្នុងរថយន្តសមត្ថកិច្ច ពេលត្រូវចាប់ខ្លួន នៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ (រូបពីទទក)

ទទក ស្រង់សម្តីរបស់លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនិងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា លោក រ៉ុង ឈុន ប្រព្រឹត្តបទល្មើសញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា។ លោកព្រះរាជអាជ្ញារង អះអាងថា បទល្មើសរបស់លោក រ៉ុង ឈុន គឺជាបទល្មើសជាក់ស្តែង។ បើតាមលោកព្រះរាជអាជ្ញារងដដែល លោក រ៉ុង ឈុន ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត។ 

សារព័ត៌មានថ្មីៗ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក គុជ គឹមឡុង បានឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ។

លោក រ៉ុង ឈុន តែងធ្វើសកម្មភាពនានាតវ៉ានឹងរដ្ឋាភិបាល ហើយមួយរយៈចុងក្រោយនេះ គេ ឃើញលោក សកម្មខ្លាំង ដូចជា ចូលរួមទាមទារឲ្យរដ្ឋាភិបាល ការពារតំបន់កោះកុងក្រៅ ចូលរួមក្នុងសកម្មភាពការពារបរិស្ថាននិងព្រៃឈើ និង ចូលរួមស្នើឲ្យរដ្ឋាភិបាល ផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ-កម្មការិនី ជាដើម។ លោក ក៏ជាមនុស្សម្នាក់ ដែលតែងតែនិយាយនិងឈឺឆ្អាលនឹងរឿងព្រំដែនដែរ។

លោក ត្រូវចាប់ខ្លួន បន្ទាប់ពីលោក អះអាងថា តំបន់ខ្លះ តាមបណ្តោយព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ត្រូវរងការបំពានពីអាជ្ញាធរវៀតណាម ហើយប្រជាពលរដ្ឋខ្មែរមួយចំនួន រស់នៅក្នុងតំបន់នោះ ក៏មានបញ្ហាដីធ្លីដែរ ដោយសារតែការបំពានពីអាជ្ញាធរវៀតណាម ឯអាជ្ញាធរកម្ពុជា មិនបានជួយនោះទេ។ មុននឹងត្រូវចាប់ខ្លួន លោក ត្រូវគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ព្រមានថា ការធ្វើសកម្មភាពណាមួយ ក្នុងចេតនាបំផ្លើសការពិតអំពីរឿងព្រំដែន ហើយនាំឲ្យសាធារណជនភាន់ច្រឡំ គឺ «អាចប្រឈមមុខនឹងផ្លូវច្បាប់»។ 

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ លោក រ៉ុង ឈុន ធ្វើជាតំណាងរបស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដឹកនាំក្រុមការងារ ចុះទៅពិនិត្យផ្ទាល់ នៅតំបន់ដីមានទំនាស់របស់ប្រជាពលរដ្ឋ និង បានពិនិត្យមើលបង្គោលព្រំដែនពីលេខ១១៤ ដល់ លេខ១១៩ ផងដែរ ស្ថិតក្នុងភូមិសាស្រ្ត ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា មានសមាជិកភាគច្រើនរស់នៅឯក្រៅប្រទេស ហើយគេដឹងថា មិនសូវពេញចិត្តនឹងរដ្ឋាភិបាលកម្ពុជាឡើយ។

ក្រោយមកមួយថ្ងៃ គឺនៅថ្ងៃទី២១ ខែកក្កដា លោក រ៉ុង ឈុន ក៏ចេញសេចក្តីថ្លែងការណ៍ ក្នុងនាមជាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ស្តីពីបេសកកម្មរបស់លោក ដែលចុះទៅជួបប្រជាពលរដ្ឋនិងដើរមើលតាមព្រំដែន។ លោក សរសេរក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងការចុះបំពេញបេសកកម្ម នៅតាមបណ្តោយព្រំដែន នៅខេត្តត្បូងឃ្មុំ ក្រុមការងាររបស់លោក បានជួបសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរងគ្រោះជាង១០០គ្រួសារ។

បើតាមលោក រ៉ុង ឈុន តំណាងប្រជាពលរដ្ឋទាំងនោះ បានប្រាប់លោកនិងក្រុមការងារថា ការបោះបង្គោលព្រំដែនពីលេខ១១៤ ដល់លេខ១១៩ មានភាពមិនប្រក្រតីច្រើន ដែលធ្វើឲ្យពួកគេ បាត់បង់ដីអាស្រ័យផលជាច្រើនហិកតា ទៅខាងវៀតណាម ហើយពីបន្ទាត់ព្រំដែនចាស់ ដល់បង្គោលឡាក់ និង បង្គោលរណបថ្មី គឺបានចូលមកប្រហែល៥០០ម៉ែត្រ ក្នុងទឹកដីកម្ពុជា។

លោក ទទួលបានព័ត៌មានពីតំណាងប្រជាពលរដ្ឋទៀតថា ខ្សែបន្ទាប់ព្រំដែន ចេះតែរំកិលបន្តិចម្តងៗ ចូលមកទឹកដីកម្ពុជា ដែលបច្ចុប្បន្ន រំកិលចូលមកបានប្រហែល៣គីឡូម៉ែត្រហើយ។ លោក រ៉ុង ឈុន បានដឹងតាមរយៈការរៀបរាប់របស់តំណាងប្រជាពលរដ្ឋទៀតថា ពេលពួកគាត់ ទៅបង្កបង្កើតផលលើដីរបស់ពួកគាត់ ដែលមានទំហំប្រមាណ៦០ហិកតា ពួកគាត់ ក៏ត្រូវអាជ្ញាធរស្រុកពញាក្រែក រារាំងនិងបណ្តេញចេញ។

លោក បន្តថា លើសពីនេះ អាជ្ញាធរវៀតណាម ថែមទាំងបានចូលរួមបណ្តេញនិងរុញច្រានប្រជាពលរដ្ឋខ្មែរទាំងនោះ ចេញពីដីធ្លីដែរ រហូតដល់អាជ្ញាធរវៀតណាម បានចូលមកដីខ្មែរប្រមាណ២០០ម៉ែត្រ ដោយអាជ្ញាធរកម្ពុជា មិនបានទប់ស្កាត់។

នៅថ្ងៃទី៣១ ខែកក្កដានេះ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា ដែលមាន លោក វ៉ា គឹមហុង ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍មួយវិញ ដោយច្រានចោលទាំងអស់ ចំពោះអ្វីដែលលោក រ៉ុង ឈុន លើកឡើងខាងលើ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ប្រកាសប្រាប់ប្រជាជនកម្ពុជាជាថ្មីថា៖«ការធ្វើខណ្ឌសីមា និងការបោះបង្គោលព្រំដែនគោក ជាមួយវៀតណាម ពុំបានធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីនោះទេ»។

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ចាត់ទុកសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលចេញដោយលោក រ៉ុង ឈុន ថា គ្មានមូលដ្ឋានអំពីការងារព្រំដែន ហើយមានចេតនាប្រឌិតរឿង និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីបំភាន់សាធារណមតិជាតិ-អន្តរជាតិ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អំពាវនាវឲ្យសាធារណជន កុំជឿសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន មើលឃើញថា លោក រ៉ុង ឈុន និង ក្រុមមនុស្សមួយចំនួនទៀត តែងបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហារដល់កិច្ចការព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា ហើយសកម្មភាពទាំងអស់នោះ អាចប្រឈមមុខនឹងច្បាប់។

យ៉ាងណាក៏ដោយ លោក រ៉ុន ឈុន តាមរយៈសេចក្តីថ្លែងការណ៍ បានបង្ហាញការយល់របស់លោកថា ប្រជាពលរដ្ឋទាំងនោះ ក្នុងខេត្តត្បូងឃ្មុំ បានបាត់បង់ដីធ្លីជាច្រើន ទៅវៀតណាម បន្ទាប់ពីបោះបង្គោលព្រំដែនរួច ដូច្នេះ នៅសល់ដីតិចតួច រដ្ឋាភិបាល គួរតែផ្តល់ឲ្យពួកគាត់។ លោក និយាយក្នុងសេចក្តីថ្លែងការណ៍ទៀតថា ចំពោះទង្វើរបស់អាជ្ញាធរវៀតណាម ដែលរុញច្រានប្រជាពលរដ្ឋខ្មែរ រហូតអាជ្ញាធរវៀតណាមចូលមកដល់ដីខ្មែរប្រមាណ២០០ម៉ែត្រ គឺជាការរំលោភបំពានអធិបតេយ្យកម្ពុជា។

លោក ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងកងកម្លាំងការពារតាមខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឲ្យកម្លាំងអាជ្ញាធរប្រទេសជិតខាង ចូលមកក្នុងដែនអធិបតេយ្យកម្ពុជា។ បន្ថែមពីនេះ លោក ស្នើឲ្យរដ្ឋាភិបាល ផ្តល់ដីទំហំ៦០ហិកតា ដែលកំពុងស្ថិតក្នុងជម្លោះ ជូនទៅប្រជាពលរដ្ឋវិញ។

នៅយប់ថ្ងៃទី៣១ ខែកក្កដា វិទ្យុអាស៊ីសេរី បានសម្ភាសលោក ពីបញ្ហារបស់ប្រជាពលរដ្ឋនិងបញ្ហាព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ដែលលោក បានចុះទៅពិនិត្យដោយផ្ទាល់។ ក្រោយធ្វើអត្ថាធិប្បាយជាមួយវិទ្យុអាស៊ីសេរីរួច កម្លាំងសមត្ថកិច្ច ក៏ទៅចាប់លោកទាំងយប់ ដល់គេហដ្ឋាន ក្នុងរាជធានីភ្នំពេញ។ 

ក្រៅពីរឿងប្រជាពលរដ្ឋនិងរឿងព្រំដែននៅខេត្តត្បូងឃ្មុំ ដែលោក រ៉ុង ឈុន លើកឡើង ការបោះតង់របស់យោធាវៀតណាម ចូលមកក្នុងទឹកដីកម្ពុជា តាមបណ្តោយព្រំដែន ជាពិសេសក្នុងខេត្តកណ្តាល ក៏ជាបញ្ហាមួយ ដែលប្រជាពលរដ្ឋកម្ពុជា កំពុងជជែកគ្នាដែរ ហើយនៅមានចម្ងល់ថា ហេតុអ្វី វៀតណាម មិនទាន់រុះរើតង់ទាំងនោះចេញវិញ?

តំបន់ ដែលយោធាវៀតណាម បោះតង់ គឺជាតំបន់មិនទាន់ឯកភាព (តំបន់ស)។ រដ្ឋាភិបាលកម្ពុជា ទទូចម្តងជាពីរដង ឲ្យវៀតណាម រុះរើតង់ទាំងនោះចេញវិញ។ តែវៀតណាម ឆ្លើយតបថា ចាំជំងឺកូវីដ-១៩ ត្រូវបានកម្ចាត់ទាំងស្រុងសិន ទើបរុះរើ៕

Tag:
 ចាប់លោក រ៉ុង ឈុន
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com