COVID-19
អន្តរជាតិ
COVID-19៖ វៀតណាមឡើងដល់៥៥៨ករណី និងស្លាប់២នាក់ រូបភាព៖ AFP
× វៀតណាម បានរាយការណ៍ថាមានករណីឆ្លងCOVID-19 ចំនួន ៤៩ករណីថ្មី និងមាន១ករណីស្លាប់។ តួលេខឆ្លងថ្មីនេះ គឺបូកបញ្ចូលគ្នាជាមួយនឹងករណីឆ្លងនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ដែលមានអ្នកឆ្លងចំនួន ៣៧ករណី និងស្លាប់១ នាក់បន្ថែមទៀត និងអ្នកឆ្លងCOVID-19 នៅថ្ងៃទី១ ខែសីហា ដែលមានចំនួន ១២ករណី។
តាមរយៈសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលវៀតណាម អាជ្ញាធរ បានធ្វើតេស្តរកឃើញអ្នកជំងឺCOVID-19 ចំនួន ៤៩នាក់ និងមានអ្នកជំងឺ១នាក់ស្លាប់។ ករណីឆ្លងថ្មីទាំងអស់នេះ គឺមានពាក់ព័ន្ធទៅនឹងករណីឆ្លងនៅក្នុងទីក្រុងដាណាង។ សរុបករណីCOVID-19 នៅវៀតណាមមានចំនួន ៥៥៨ករណី និងអ្នកស្លាប់មាន ២នាក់។
ករណីឆ្លងថ្មីនេះ មាននៅក្នុងក្រុងដាណាង ទីក្រុងហូជីមិញ ខេត្ត Quang Nam ដែលជាខេត្តជាប់ក្រុងដាណាង។
ដើម្បីបង្ការការរាតត្បាតនៅក្នុងប្រទេស អាជ្ញាធរនៅក្នុងក្រុងហូជីមិញ បានធ្វើតេស្តលើប្រជាជន ដែលមានពាក់ព័ន្ធនឹងទីក្រុងដាណាង ២១៧៣២នាក់។ បន្ថែមពីលើនេះ ក្រសួងសុខាភិបាល បានបញ្ជូនក្រុមគ្រូពេទ្យច្រើនជាង ១០០០នាក់ទៅទីក្រុងដាណាង ដើម្បីគ្រប់គ្រងស្ថានភាពឆ្លង និងសាងសង់មន្ទីរពេទ្យបណ្តោះអាសន្ន ដែលមានគ្រែអ្នកជំងឺចំនួន ១០០០គ្រែ ក្នុងទីក្រុងទេសចរណ៍នេះ ។
សូមបញ្ជាក់ថា នាយករដ្ឋមន្ត្រីវៀតណាម ធ្លាប់បានព្រមានថា រលកឆ្លងនៅវៀតណាមលើកនេះ គឺខុសពីរលកឆ្លងលើកទី២នៅក្នុងខែមីនា ដែលវៀតណាមធ្លាប់ប្រយុទ្ធប្រឆាំង ហើយគ្រប់ខេត្តក្រុងទាំងអស់ គឺស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្ពស់ នៃការឆ្លងCOVID-19៕
© រក្សាសិទ្ធិដោយ thmeythmey.com