ជាតិ
ជំងឺ​គ្រុន​ឈី​ក ផ្ទុះឡើង​ជាង​១០០០​ករណី នៅ​១២​ខេត្ត
01, Aug 2020 , 11:15 am        
រូបភាព
​ភ្នំពេញ​៖ គិត​ត្រឹម​ថ្ងៃទី ៣១ ខែ​កក្ត​ដា អ្នកជំងឺ​គ្រុន​ឈី​ក មាន​ចំនួន​សរុប ១០២០​ករណី ក្នុងនោះ​ស្ត្រី​ចំនួន ៥៦២​។ ជំងឺ​នេះ បាន​ផ្ទុះឡើង​នៅ​ខេត្ត​ចំនួន​១២ ហើយ​ខេត្ត​ដែល​កើតមាន​ច្រើនជាងគេ​គឺ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និង​ខេត្តកំពង់ចាម​។



​ជំងឺ​គ្រុន​ឈី​ក បង្កឡើង​ដោយ​មេរោគ​ឈី​ក ហើយ​វា​ចម្លង​ពី​មនុស្ស​ម្នាក់ ទៅ​មនុស្ស​ម្នាក់ តាមរយៈ​មូស​ខ្លា​ញី​ខាំ​។ រោគសញ្ញា​នៃ​ជំងឺ​នេះ មានដូចជា ក្តៅខ្លួន មា​នក​ន្តួ​ល​ក្រហម​លើ​ស្បែក និង​ឈឺ​សន្លាក់ដៃ​-​ជើង​ជាដើម​។ ជំងឺ​គ្រុន​ឈី​ក មិន​ធ្វើឱ្យប៉ះពាល់​ដល់​ជីវិត​អ្នកជំងឺ​ទេ តែ​វា​ប៉ះពាល់​ដល់​សន្លាក់​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្នុងករណី​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ខ្សោយបេះដូង រលាក​ខួរក្បាល ឬ​មាន​ជំងឺគ្រុនឈាម គ្រុនចាញ់​នោះ អ្នកជំងឺ​អាច​ស្លាប់​បាន​។​
 
​ក្នុង​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃទី​១ ខែសីហា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ពី​វិធានការ​៥​ចំណុច ដើម្បី​ទប់ស្កាត់​ជំងឺ​គ្រុន​ឈី​ក​ដែល​កំពុង​ផ្ទុះឡើង​ក្នុង​ខេត្ត​ចំនួន​១២​។ 
 
​វិធានការ​ទី​១៖ មាតាបិតា អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចូលរួម​កម្ចាត់​ដង្កូវទឹក​នៅតាម​ទីកន្លែង​ដែលមាន​ទឹក​ដក​។ វិធានការ​ទី ២៖ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទម្លាប់​រស់នៅ​ស្អាត ជាពិសេស​អំឡុងពេល​ថ្ងៃ ត្រូវ​ស្លៀក​សម្លៀកបំពាក់​មាន​ដៃ​វែង​ជើងវែង សម្រាន្ត​ក្នុង​មុង​ជាប្រចាំ និង​មិនត្រូវ​អង្គុយលេង​នៅ​ទី​ងងឹត​ឡើង​។​
 
 រីឯ​វិធានការ​ទី​៣៖ ករណី​មាន​រោគសញ្ញា​ក្ដៅខ្លួន​ខ្លាំង ត្រូវ​ប្រញាប់​នាំ​អ្នកជំងឺ​ជួប​គ្រូពេទ្យ​ជំនាញ និង​កុំ​សាកល្បង​ព្យាបាល​អ្នកជំងឺ​ដោយ​ខ្លួនឯង ឬ​ពន្យារពេល​តាមដាន​អ្នកជំងឺ​នៅ​សេវា​ឯកជន​ដែល​គ្មាន​សមត្ថភាព​ផ្នែក​ជំងឺគ្រុនឈាម​។ វិធានការ​ទី​៤៖ គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ទាំង​២៥ ត្រូវ​ចាត់ចែង​សេវា និង​កន្លែង​សម្រាក​ព្យាបាល​ជំងឺ​គ្រុន​ឈី​ក​ឱ្យ​បានល្អ និង​ត្រូវបញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ផ្សេងទៀត ក្នុងករណី​មាន​អ្នកជំងឺ​ច្រើន​។ និង​វិធានការ​ទី​៥៖ គ្រប់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ផ្សព្វផ្សាយ​សារ​អប់រំ​សុខភាព​ទប់ស្កាត់​ជំងឺ​គ្រុន​ឈី​ក​។​
 
​ជំងឺ​គ្រុន​ឈី​ក បាន​កើតឡើង​ដំបូង​បំផុត​នៅ​ទ្វីបអាហ្វ្រិក ក្នុង​ឆ្នាំ​១៩៥៣​។ ដោយឡែក នៅ​កម្ពុជា​រកឃើញ​ជំងឺ​គ្រុន​ឈី​ក​នេះ នៅក្នុង​ឆ្នាំ​១៩៦១ និង​នៅ​ឆ្នាំ​២០១១ ក៏មាន​ការបញ្ជាក់​ពី​ករណីនេះ នៅ​ខេត្តបាត់ដំបង សៀមរាប ព្រះវិហារ ហើយ​ជំងឺ​ឈី​ក​នេះ ធ្លាប់មាន​អត្រា​ឆ្លង​រោគ​រហូតដល់​៦០-៧០​ភាគរយ ក្នុងប្រទេស​កម្ពុជា នា​ទសវត្សរ៍​ទី​៦០​។ ជំងឺ​នេះ ធ្លាប់​រាតត្បាត​ខ្លាំង​ផងដែរ ក្នុង​ឆ្នាំ​២០១១-២០១២ នៅ​រាជធានី​ភ្នំពេញ ខេត្តព្រះវិហារ កំពង់ស្ពឺ  កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្តាល និង ខេត្តកំពត​៕ 
 

Tag:
 គ្រុន​ឈី​ក​
  សុខាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com