កីឡាអន្តរជាតិ
អន្តរជាតិ
លើកទី៤ហើយដែល PSG ឈ្នះពាន៣ក្នុងរដូវកាលតែមួយ នារយៈពេល៦ឆ្នាំចុងក្រោយ ក្រុមកីឡាករ PSG អបអរសាទរការទទួលបាន League Cup របស់ខ្លួននៅកីឡដ្ឋាន Stade de France ។ រូបថត PSG
× Paris St-Germain បានយកឈ្នះ Lyon ដោយបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ French League Cup (Coupe de La Ligue) នៅ Stade de France ដើម្បីឈ្នះពាន៣ក្នុងរដូវកាលតែមួយ លើកទី៤ នារយៈពេល៦ឆ្នាំចុងក្រោយ។
ការប្រកួតបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ រហូតដល់ការកំណត់បាល់ប៉េណាល់ទី។ ៥គ្រាប់ដំបូងទៅវិញទៅមក សុទ្ធតែធ្វើបានសម្រេច មុនពេលដែលអ្នកចាំទី Keylor Navas បានសង្គ្រោះបាល់ពីការទាត់របស់ Bertrand Traore ហើយ Pablo Sarabia ជាអ្នកនាំគ្រាប់ជ័យជម្នះសម្រាប់ PSG។
Lyon ប្រឈមខកខានការប្រកួតនៅក្របខណ្ឌអឺរ៉ុបជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ១៩៩៧មក ដោយឱកាសដ៏តិចតួចរបស់ពួកគេ គឺត្រូវប្រឹងឲ្យឈ្នះពាន Champions League ដោយពួកគេត្រូវតទល់ជាមួយ Juventus នាថ្ងៃសុក្រ ជាមួយនឹងលទ្ធផលមានប្រៀប ១-០ នៅទឹកដីខ្លួន នាជំនួបជើងទី១ វគ្គ១៦ក្រុមចុងក្រោយ។
សម្រាប់ PSG នេះជាការឈ្នះពាន៣ក្នុងរដូវកាលតែមួយ (Ligue 1, Coupe de France និង League Cup) លើកទី៤នារយៈពេល៦ឆ្នាំចុងក្រោយ។ នៅថ្ងៃទី១២ ខែសីហា ខាងមុខ ពួកគេត្រូវតទល់ជាមួយ Atalanta នៅវគ្គ១/៤ផ្តាច់ព្រ័ត្រ Champions League ដើម្បីតាមប្រមាញ់ពានទី៤នៅឆ្នាំនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com