ជាតិ
​ភ្នំ​ក្រោម ទីតាំង​គយគន់​មើល​ផ្ទៃ​បឹង​ទន្លេសាប និង​ថ្ងៃ​អស្តង្គត​ដ៏​ពេញនិយម​
02, Aug 2020 , 9:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប ភាគច្រើន​តែង​សំដៅទៅ​មើល​ប្រាង្គ​ប្រាសាទ ប៉ុន្តែ​អ្នកទេសចរ មិនគួរ​ខកខាន ទិដ្ឋភាព​ថ្ងៃ​អស្តង្គត​ពី​ភ្នំ​ក្រោម នោះទេ​។ អ្នកទេសចរ​ក៏​អាច​ទស្សនា វា​ស្រែ​រាប់ពាន់​ហិកតា ផ្ទៃ​បឹង​ទន្លេសាប​ដ៏​ល្វឹងល្វើយ និង​ភូមិឋាន​ប្រជាពលរដ្ឋ ពីលើ​កំពូលភ្នំ​ក្រោម​បានដែរ​។ នៅ​ទីនោះ ក៏​ប្រាសាទបុរាណ​មួយ សង់​ពី​ថ្មភក់ នា​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០​ទៀតផង​។


​ភ្នំ​ក្រោម មាន​ចម្ងាយ​ប្រហែល​១០​គីឡូម៉ែត្រ ស្ថិតនៅ​ខាងត្បូង​ក្រុង​សៀមរាប និង​ខាងជើង​បឹង​ទន្លេសាប​។ ទេសចរ អាចធ្វើ​ដំណើរ​ទៅលើ​ភ្នំ តាមរយៈ​ការដើរ​ដោយ​ថ្មើរជើង​តាម​ជណ្តើរ ឬ អាច​ម៉ូតូ ឬ​រថយន្ត​ឡើង​ឡើង​តាមផ្លូវ​កៅស៊ូ រហូតដល់​កំពូលភ្នំ​តែម្ដង​ក៏បាន ប្រសិនបើ​មិន​ចង់​ចំណាយ​កម្លាំង​ច្រើន​។


 
​ភ្នំ​ក្រោម គឺជា​តំបន់​ទេសចរណ៍ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ដ៏​ទាក់ទាញ​មួយ នៅក្នុង​ខេត្ត​សៀម​រាម ក្រៅតែពី​ប្រាង្គ​ប្រាសាទ​។ ក្រសួងទេសចរណ៍ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ភ្នំ​ក្រោម ជា​កន្លែង​ល្អ​បំផុត​សម្រាប់​ទស្សនា​ព្រះអាទិត្យ​អស្ដង្គត ពីលើ​កំពូលភ្នំ ជាមួយ​សម្រស់​ធម្មជាតិ​នៃ​វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ​ផុតកន្ទុយភ្នែក​នៅ​ខាងក្រោម ផ្ទៃ​បឹង​ទន្លេសាប​ដ៏​អស្ចារ្យ និង​ភូមិឋាន​ប្រជាពលរដ្ឋ​ក្រោម​ភ្នំ​។ ខ្យល់អាកាស​ដ៏​បរិសុទ្ធ ពី​កំពូលភ្នំ​ក្រោម ក៏​នឹង​ជួយ​ឲ្យ​ទេសចរ​ស្បើយ​ទុក្ខ​កង្វល់​ដែរ​។​


 
​ក្រៅពី​ខ្យល់អាកាស​ដ៏​សែន​មនោ​រម្យ និង​ទិដ្ឋភាព​ទាំងឡាយ​ពី​កំពូលភ្នំ អ្នកទេសចរ ក៏​អាច​ទស្សនា​ប្រសាទ​បុរាណ​មួយ ដែល​សង់​ឡើង​ពី​ថ្មភក់ នៅ​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ក្នុង​រជ្ជកាល​ព្រះបាទ​យ​សោ​វរ្ម័នទី​១ ទៀតផង​។ នេះ​បើតាម​ក្រសួងទេសចរណ៍​៕




 រូបភាពពីលើភ្នំក្រោម ដោយលោក ទូច សុវណ្ណឌី

Tag:
 ​ភ្នំ​ក្រោម
  សៀមរាប
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com