COVID-19
អន្តរជាតិ
ប្រមុខហុងកុង ប្រកាសលើកពេលបោះឆ្នោតសភាហុងកុងទៅឆ្នាំក្រោយ លោកស្រីការី ឡាំ ប្រធានប្រតិបត្តិទីក្រុងហុងកុង។ រូបភាព៖ Reuters
× ការបោះឆ្នោតសភាហុងកុង ដែលគ្រោងប្រារព្ធនៅថ្ងៃទី៦ ខែកញ្ញា ខាងមុខនេះ នឹងត្រូវលើកពេលទៅឆ្នាំក្រោយ ដោយសារការកើនឡើងនៃករណីឆ្លង COVID-19 នៅក្នុងទីក្រុង។ នេះបើតាមការលើកឡើងរបស់ប្រធានប្រតិបត្តិហុងកុង លោកស្រី ការី ឡាំ នៅថ្ងៃទី៣១ ខែកក្កដា ខណៈទីក្រុងហុងកុង មានករណីឆ្លងកូរ៉ូណាវីរុសកើនឡើង និងបន្ទាប់ពីអាជ្ញាធរ ទើបតែហាមឃាត់បេក្ខជន ដែលមានទំនោរទៅរកប្រជាធិបតេយ្យចំនួន ១២នាក់ មិនឲ្យឈរឈ្មោះបោះឆ្នោតសភាហុងកុង។
តាមរយៈសន្និសីទកាសែតមួយ លោកស្រី ការី ឡាំ ប្រធានប្រតិបត្តិហុងកុង បានអះអាងថា លោកស្រីត្រូវតែប្រើច្បាប់ស្តីពីស្ថានភាពអាសន្ន ដើម្បីលើកពេលបោះឆ្នោត។ បើតាមការអះអាងរបស់ប្រមុខដឹកនាំហុងកុង ការប្រើប្រាស់ច្បាប់នេះ គឺមិនមែនជាហេតុផលនយោបានអ្វីទេ ប៉ុន្តែដើម្បីការពារសុខភាពរបស់ប្រជាជន។
«យើងមានអ្នកបោះឆ្នោតចំនួន ៣លាននាក់ ដែលនឹងចេញទៅបោះឆ្នោតក្នុងរយៈពេល ១ថ្ងៃនៅហុងកុង។ ចំនួនមនុស្សដ៏ច្រើននេះ អាចបង្កឲ្យមានគ្រោះថ្នាក់ខ្ពស់នៃការឆ្លង COVID-19»។ លោកស្រី ការី បានពន្យល់បែបនេះ ទៅអ្នកសារព័ត៌មាន។ ប្រសិនគ្មានការប្រែប្រួលទេ ការបោះឆ្នោតសភាហុងកុង នឹងត្រូវលើកពេលទៅដាក់នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។
ក្នុងរយៈពេលចុងក្រោយនេះ ទីក្រុងហុងកុង បានរាយការណ៍ថា មានករណីឆ្លងCOVID-19 លើសពី ១០០ករណីជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី៣១ ខែកក្កដា ហុងកុងមានករណីឆ្លងចំនួន ១២១ករណី និងអ្នកស្លាប់ពីរនាក់។ ករណីសរុបរបស់COVID-19 នៅហុងកុង មានចំនួន ៣២៧៣ករណី អ្នកស្លាប់មាន ២៧នាក់ និងអ្នកជាសះស្បើយមានចំនួន ១៧៥១នាក់។
យ៉ាងណាក៏ដោយ ការលើកពេលបោះឆ្នោតសភានេះ ត្រូវអ្នកនយោបាយហុងកុងមើលឃើញថា គឺជារឿងនយោបាយ ជាជាងជំងឺឆ្លងសកល COVID-19។ បើតាមការលើកឡើងរបស់លោក Avery Ng លេខាធិការបក្សLeague of Social Democrats បក្សកុម្មុយនិស្តចិនបានប្រើប្រាស់COVID-19 ដើម្បីបញ្ឈប់ប្រជាជនហុងកុង មិនឲ្យទៅបោះឆ្នោតប្រឆាំងរដ្ឋាភិបាលហុងកុង។ មិនតែប៉ុណ្ណោះ ការហាមឈរឈ្មោះរបស់សកម្មជនប្រជាធិតេយ្យចំនួន ១២នាក់ គឺធ្វើឲ្យបក្សកុម្មុយនិស្តចិន អាចគ្រប់គ្រងលទ្ធផលនៃការបោះឆ្នោតបានតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ទិន្នន័យរបស់វិទ្យាស្ថានអន្តរជាតិនៃជំនួយការបោះឆ្នោត និងលទ្ធប្រជាធិបតេយ្យ បានបង្ហាញថា យ៉ាងហោចណាស់ ប្រទេស និងដែនដីចំនួន ៦៨ បានពន្យារពេលបោះឆ្នោត ដោយសារតែ COVID-19 ចាប់តាំងពីខែកុម្ភៈកន្លងមក ខណៈប្រទេស និងដែនដីចំនួន ៤៩ផ្សេងទៀត បានសម្រេចរៀបចំការបោះឆ្នោត៕
© រក្សាសិទ្ធិដោយ thmeythmey.com