ជាតិ
រដ្ឋបាលក្រុងសៀមរាប ប្តេជ្ញាអនុវត្តគម្រោងបើកផ្លូវក្នុងក្រុង ដោយឈរលើគោលការណ៍យុត្តិធម៌ លោក នួន ពុទ្ធារ៉ា និងក្រុមការងារពេលចុះពិនិត្យការងារបើកផ្លូវកន្លងមក។ រូបភាព៖ រដ្ឋបាលក្រុងសៀមរាប
× សៀមរាប៖ រដ្ឋបាលក្រុងសៀមរាប កំពុងមមាញឹកក្នុងគម្រោងបើកផ្លូវ ដែលនេះជាផ្នែកមួយក្នុងផែនការ សៀមរាបផ្ទះខ្ញុំ ២០២០-២០២៤ របស់រដ្ឋបាលខេត្ត។ គម្រោងនេះ ទទួលបានការសាទរច្រើនពីប្រជាពលរដ្ឋ ដោយសម្រួលការធ្វើដំណើរ ទោះបីមានការប៉ះពាល់ដល់សំណង់ប្រជាពលរដ្ឋមួយចំនួនក្ដី តែពលរដ្ឋបារម្ភពីការអនុវត្តមិនស្មើភាពគ្នា។ អាជ្ញាធរក្រុងសៀមរាប បញ្ជាក់ថា ខ្លួននឹងអនុវត្តន៍គម្រោងនេះដោយឈរលើគោលការណ៍យុត្តិធម៌បំផុត។
អភិបាលក្រុងសៀមរាប លោក នួន ពុទ្ធារ៉ា បានឱ្យដឹងថា មកដល់បច្ចុប្បន្ននេះ ផ្លូវជាច្រើនខ្សែបាននិងកំពុងបើក ដែលកន្លងមកជាផ្លូវតូច ទ័ល ពិបាកក្នុងការធ្វើចរាចរណ៍។ លោកបន្តថា គម្រោងនេះអនុវត្តន៍នៅកម្រិតថ្នាក់ភូមិ សង្កាត់ និងថ្នាក់ស្រុក និងកំពុងដំណើរការយ៉ាងមមាញឹក និងដោយរលូន។ «ការកំណត់ថ្នាក់ដើម្បីអនុវត្តន៍គម្រោងបើកផ្លូវនេះ ដោយសារយើងចង់ឱ្យមានស្វយ័ត តែពេលមានការលំបាកអីយើងជួយវិញ»។ នេះជាការលើកឡើងរបស់អភិបាលក្រុងសៀមរាប មុននឹងបន្តថា គម្រោងបើកផ្លូវនេះមានសារសំខាន់ សម្រួលការធ្វើចរាចរណ៍ ការដឹកជញ្ជូន ទាក់ទាញទេសចរផ្សារភ្ជាប់ក្នុងតំបន់ទេសចរណ៍មួយៗ មួយទៀតគឺចូលរួមគាំពារបរិស្ថានក្នុងតំបន់នោះផងដែរ។
លោក នួន ពុទ្ធារ៉ា បន្តថា នេះជាផែនការរបស់ថ្នាក់ខេត្ត ដើម្បីស្ដារវិស័យទេសចរណ៍ សម្រួលចរាចរណ៍ក្នុងក្រុងសៀមរាបកុំឱ្យមានការកកស្ទះខ្លាំង ពិសេសរៀបចំផ្សារភ្ជាប់ផ្លូវខ្នែងតូចៗពីផ្លូវជាតិលេខ៦ ឆ្ពោះទៅផ្លូវក្រវ៉ាត់ក្រុងទី១ ទី២ និងផែនការផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ជុំវិញការនៃប៉ះពាល់វិញ តាមការបញ្ជាក់របស់លោក នួន ពុទ្ធារ៉ា ការអនុវត្តនេះគឺគោរពតាមគោលការណ៍ច្បាប់ LMAP ដែលកំណត់ទំហំផ្លូវ និងដីចំណីផ្លូវរបស់រដ្ឋ ហើយអាជ្ញាធរព្យាយាមសម្របសម្រួលដោយកាយវិការទន់ភ្លន់ និងឱ្យមានការប៉ះពាល់តិចតួចបំផុត។ លោកពន្យល់ថា ការអនុវត្តការងារនះគឺធ្វើឡើងដោយភាពយុត្តិធម៌ និងស្មើភាព មិនយល់ថាសំណង់នោះជារបស់អ្នកតូចឬអ្នកធំឡើយ។ លោកអភិបាលក្រុងក៏សម្ដែងការសោកស្ដាយចំពោះម្ចាស់សំណង់ខ្លះ ដែលរងផលប៉ះពាល់ច្រើន គឺដោយសារពួកគេមិនបានពិចារណាត្រឹមត្រូវ ដោយសាងសង់រំលោភលើដីសាធារណ។ តាមលោក នួន ពុទ្ធារ៉ា គម្រោងនេះនឹងបន្តអនុវត្តន៍រហូតដល់ឆ្នាំ២០២៤ និងបន្តអនុវត្តន៍រហូតធានាថា ផ្លូវតូចៗក្នុងក្រុងត្រូវបានបើកទាំងអស់៕
Tag:
គម្រោងបើកផ្លូវ
សៀមរាបផ្ទះខ្ញុំ
នួន ពុទ្ធារ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com