ភ្នំពេញ៖ បុគ្គលដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឱ្យស្ថិតក្នុងប្រព័ន្ធមរតកមនុស្សរស់ ត្រូវតែមានទេពកោសល្យល្អឯកផ្ដាច់គេ លើចំណេះ ជំនាញ និងបច្ចេកទេស ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ ត្រូវជាបុគ្គលដែលមានអត្តចរិតល្អ មានសណ្ដានចិត្ត ទូលាយ និងស្មោះត្រង់ ក្នុងការចែករំលែកចំណេះ ជំនាញដែលខ្លួនមាន ទៅឱ្យអ្នកជំនាន់ក្រោយ ដោយមិនលាក់លៀម។ មរតកមនុស្សរស់ មានក្រមសីលធម៌របស់ខ្លួន ដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ខាងក្រោមនេះគឺជាខ្លឹមសារ ដែលស្រង់ចេញពីព្រះរាជក្រឹត ស្ដីពី ប្រព័ន្ធមរតកមនុស្សរស់ នៃព្រះរាជាណាចក្រកម្ពុជា៖
បុគ្គលឬក្រុមមនុស្សរូបណាដែលត្រូវបានជ្រើសរើសជា មរតកមនុស្សរស់ ត្រូវមានលក្ខណសម្បត្តិដូចជា មានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ស្នាដៃឯក ផ្នែកបេតិកភណ្ឌវប្បធម៌អរូបី។ មានមនសិការខ្ពស់ក្នុងការចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌វប្បធម៌អរូបី។
បុគ្គលនោះ ត្រូវមានសមត្ថភាពខ្ពស់ និងភាពស្មោះត្រង់ ក្នុងការផ្ទេរចំណេះដឹង ដោយមិនលាក់លៀម វិជ្ជាជិវៈ ជំនាញ ទេពកោសល្យ និងបច្ចេកទេស ទៅអ្នកជំនាន់ក្រោយ និងហ៊ានលះបង់ដើម្បីជំនាញ និងមានសីលធម៌រស់នៅថ្លៃថ្នូរ។
រូបផ្ដល់ឱ្យដោយក្រសួងវប្បធម៌
មរតកមនុស្សរស់ត្រូវបានជ្រើសរើស និងទទួលស្គាល់ចេញពីទម្រង់ផ្សេងៗ នៃបេតិកភណ្ឌវប្បធម៌អរូបីដែលមានលក្ខខណ្ឌដូចជា មានតម្លៃលេចធ្លោ និងជាសក្ខីភាពនៃទេពកោសល្យដ៏ប៉ិនប្រសប់ក្នុងការបង្កើត និងការច្នៃប្រឌិតតាមឯកទេសនីមួយៗ ដែលជាឫសគល់នៃប្រពៃណី និងវប្បធម៌របស់សង្គម។
មរតកមនុស្សរស់ ត្រូវមានចរិតលក្ខណៈបង្ហាញតម្លៃឯក នៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងតំបន់ និងសហគមន៍ និងបង្ហាញពីសារៈសំខាន់ដែលអាចបញ្ជាក់ពីអត្តសញ្ញាណនៃតំបន់ សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ។
លក្ខខណ្ឌទាំងបីខាងលើ ត្រូវយកមកពិចារណាដោយផ្ដល់អាទិភាព នូវបញ្ហាប្រឈមមួយចំនួន ដូចជា ប្រឈមនឹងការថយចុះ នៃអ្នកមានចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលកំពុងទទួលរងឥទ្ធិពលពលអវិជ្ជមាន នៃសកលភាវូបនីយកម្ម។ ប្រឈមនឹងការបាត់បង់នូវសារសំខាន់នៃលក្ខណៈដើម។ ប្រឈមនឹងការបាត់បង់នូវកិត្យានុភាពវប្បធម៌។
មរតកមនុស្សរស់មានគោរមងារថ្នាក់ជាតិ ដែលទទួលស្គាល់ដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី។ មរតកមនុស្សរស់ មានគ្រឿងសម្គាល់របស់ខ្លួន។
ទោះជាយ៉ាងណា មរតកមនុស្សរស់មានកាតព្វកិច្ចសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចជា រៀបចំចងក្រងឯកសារសម្រាប់បង្ហាត់បង្រៀន ផ្សព្វផ្សាយ ដែលបម្រើប្រយោជន៍សង្គមជាតិ។ ផ្ទេរចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសរបស់ខ្លួន ដោយគ្មានលាក់លៀម ដល់អ្នកជំនាន់ក្រោយ តាមរយៈការបណ្ដុះបណ្ដាល។
ផ្សព្វផ្សាយចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេសដែលខ្លួនមាន ឱ្យបានទូលំទូលាយ ដល់សាធារណជនទូទៅតាមគ្រប់មធ្យោបាយ។ បន្តថែរក្សាឱ្យបានគង់វង្ស និងអភិវឌ្ឍន៍ចំណេះដឹង ជំនាញ ទេពកោសល្យ និងបច្ចេកទេស ដែលសាមីខ្លួនបានទទួលកិត្តិយស។ ទទួលភារកិច្ចផ្សេងៗទៀត ដែលគណៈកម្មាធិការមរតកមនុស្សរស់ និងរាជរដ្ឋាភិបាលប្រគល់ជូន។
បុគ្គល ឬក្រុមមនុស្សដែលត្រូវបានទទួលស្គាល់ជាមរតកមនុស្សរស់ អាចរងការបដិសេធចោលនូវគោរមងារ និងផលប្រយោជន៍ទាំងអស់នេះវិញ ដោយមូលហេតុ អនុវត្តពុំបានទៅតាមកាតព្វកិច្ច ដូចមានចែងក្នុងមាត្រា១០ នៃព្រះរាជក្រឹត្យនេះ ឬក៏មរតកមនុស្សរស់ ប្រព្រឹត្តផ្ទុយពីសីលធម៌វិជ្ជាជីវៈ ឬត្រូវបានតុលាការផ្ដន្ទាទោសពីបទមជ្ឈិម ឬបទឧក្រិដ្ឋណាមួយ។
ប្រសិនបើមរតកមនុស្សរស់ ទទួលមរណភាពក្នុងកេរ្ដិ៍ឈ្មោះល្អ គោរមងារត្រូវបានរក្សា តែប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែពីថវិកាជាតិត្រូវបានបញ្ចប់។ ស្នាដៃបេតិកភណ្ឌវប្បធម៌អរូបីរបស់មរតកមនុស្សរស់ គឺជាកម្មសិទ្ធិរបស់មរតកមនុស្សរស់ ដែលត្រូវបានការពារដោយច្បាប់ស្ដីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល។ ប្រភពធនធានផ្គត់ផ្គង់ដល់មរតកមនុស្សរស់ និងគណៈកម្មាធិការមរតកមនុស្សរស់ បានមកពីថវិកាជាតិជាកញ្ចប់ និងថវិកាដោយឡែក ក្នុងក្របខណ្ឌថវិកាប្រចាំឆ្នាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
គណៈកម្មាធិការមរតកមនុស្សរស់មានសិទ្ធិទទួល និងគ្រប់គ្រងមូលនិធិ ដែលបានមកពីប្រភពហិរញ្ញប្បទាន សហប្រតិបត្តិការបរទេស និងពីប្រភពផ្សេងទៀត សម្រាប់បំពេញការងាររបស់ខ្លួន ឱ្យមានប្រសិទ្ធភាព។
មរតកមនុស្សរស់ត្រូវទទួលបានផលប្រយោជន៍ និងលាភការដូចជា ប្រាក់ឧបត្ថម្ភជីវភាពប្រចាំខែ ពីថវិកាជាតិ។ បើមន្ត្រីរាជការទទួលការតែងតាំង ជាមរតកមនុស្សរស់ ត្រូវទទួលបានប្រាក់បំណាច់ណាមួយ ដែលមានចំនួនច្រើនជាង។ ការឧបត្ថម្ភសម្ភារៈថវិកា និងមធ្យោបាយសម្រាប់បម្រើការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាល។ ផលប្រយោជន៍និងលាភការរបស់មរតកមនុស្សរស់ ត្រូវកំណត់ដោយប្រកាសរួមរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕