ជាតិ
មន្ទីរបរិស្ថានខេត្តសៀមរាប ដាំកូនឈើចម្រុះ៤ពាន់ដើមលើខ្នងភ្នំគូលែន រូបភាពពីក្រសួងបរិស្ថាន
× ភ្នំពេញ៖ មន្ទីរបរិស្ថានខេត្តសៀមរាប កាលពីថ្ងៃទី៣០ ខែកក្កដាកន្លងទៅ បានរៀបចំដាំកូនឈើចម្រុះចំនួន៤ពាន់ដើម នៅលើផ្ទៃដីជាង៣ហិកតា ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន» ខាងជើងស្ទឹងធំ តំបន់ព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដើម្បីស្ដារគម្របបៃតង និងអភិរក្សធនធានធម្មជាតិ ពិសេសនៅក្នុងតំបន់ស្ដារព្រៃឡើងវិញ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។
លោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាបបាននិយាយថា៖ «កន្លងមក មន្ទីរបរិស្ថានខេត្តធ្លាប់បានដាំកូនឈើនៅទីនេះចំនួនពីរលើកមកហើយ ដោយសរុបបាន៥៦០០ដើម ហើយនេះគឺជាលើកទីបីដែលមន្ទីរបានរៀបចំដាំកូនឈើនៅលើខ្នងភ្នំគូលែន»។
លោកបានបញ្ជាក់ថា ការដាំកូនឈើនេះទទួលបានការគាំទ្រពីគម្រោងមូលនិធិភាពជាដៃគូកាបូនព្រៃឈើរបស់អង្គការUNDP គម្រោងស្ដារតំបន់ទេសភាពព្រៃឈើឡើងវិញរបស់អង្គការFAO និងអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងដើម្បីស្ដារគម្របបៃតង និងគម្របព្រៃឈើឡើងវិញនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម។
កូនឈើភ្នំគូលែន
លោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានលើកឡើងដែរថា ការដាំកូនឈើឡើងវិញនេះពិតជាមានសារៈប្រយោជន៍ សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ ឱ្យចេះស្រលាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។
លោកបានបន្តទៀតថា ក្រសួងបរិស្ថានកំពុងការពារ ទប់ស្កាត់ និងអនុវត្តវិធានការណ៍នានា ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ និងការកាប់ទន្ទ្រានដីខុសច្បាប់ ក៏ដូចជាជំរុញការស្ដារព្រៃឈើវិញ ដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធអេកូឡូស៊ីនៅភ្នំគូលែនមានភាពល្អប្រសើរឡើងវិញ ជាពិសេសធានាបាននូវនិរន្តរភាពទឹកសម្រាប់តំបន់អង្គរ៕
Tag:
Thmey Thmey25
ព្រៃឈើ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com