ជាតិ
២៥ខេត្ត/រាជធានី
COVID-19 នាំឲ្យអាជីវកម្មទេសចរណ៍ជាង៣ពាន់បិទទ្វារ និងមនុស្សជាង៥ម៉ឺនបាត់បង់ការងារ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
× វិស័យទេសចរណ៍ ជាពិសេសអាជីវកម្ម និងកម្លាំងការងារក្នុងវិស័យមួយនេះ រងប៉ះពាល់យ៉ាងខ្លាំងដោយសារការរាតត្បាតកូវីដ-១៩នៅលើពិភពលោក ក៏ដូចជានៅកម្ពុជា។ មិនមានភ្ញៀវអន្តរជាតិដើរកម្សាន្តឡើយ។ នេះបើតាមការលើកឡើងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបង្ហាញពីតួលេខអាជីវកម្មទេសចរណ៍ដែលបានបិទទ្វារ និងការបាត់បង់ការងាររបស់អ្នកបម្រើលើវិស័យនេះ។
នាកិច្ចប្រជុំមួយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០កន្លង លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ការរាតត្បាតជំងឺ COVID-19 ធ្វើឲ្យកម្ពុជា ជួបការប៉ះពាលជាខ្លាំងដល់វិស័យទេសចរណ៍ និងបានធ្វើឲ្យអាជីវកម្មធំៗនៅក្នុងវិស័យទេសចរណ៍ជាង ៣ ០០០ អាជីវកម្ម បានបិទទ្វារ ហើយមួយចំនួនទៀតក៏ផ្អាកអាជីវកម្ម។ ប្រការនេះធ្វើឲ្យបាត់បង់ការងារក្នុងវិស័យទេសចរណ៍ជាង ៥០ ០០០នាក់ ដោយសារមិនមានភ្ញៀវអន្តរជាតិចូលមកទស្សនាកម្ពុជា។
ដើម្បីជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិឱ្យចូលមកកម្សាន្តនៅប្រទេសកម្ពុជាឡើងវិញ ក្រសួងទេសចរណ៍បានរៀបចំសេចក្ដីព្រៀងគោលការណ៍ណែនាំស្ដីពី ការធ្វើដំណើរដោយកន្លែង (Travel Bubble or One way Closed-loop Charted Plane)។ បើតាមក្រសួងទេសចរណ៍ សេចក្ដីព្រៀងគោលការណ៍ណែនាំស្ដីពីការធ្វើដំណើរដោយកន្លែង ឬ ហៅថា Travel Bubble នេះគឺជាកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្ដាតំបន់ ឬ ប្រទេសដែលមានសុវត្ថិភាពពីកូវីដ-១៩។
លោក ថោង ខុន បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការជំរុញឱ្យមានការបើកការធ្វើដំណើរដោយកន្លែង ដើម្បីឲ្យទទួលភ្ញៀវទេសចរអន្តរជាតិមកលេងកម្សាន្តនៅប្រទេសកម្ពុជា លោកសុំបណ្ដាក្រុមហ៊ុនទេសចរណ៍នានា សណ្ឋាគារ ផ្ទះសំណាក់ និងអាជីវកម្មផ្សេងៗ ខិតខំរក្សាអនាម័យឲ្យបានល្អប្រសើរ ដើម្បីផ្ដល់ទំនុកចិត្តខ្ពស់ដល់ភ្ញៀវទេសចរអន្តរជាតិ។
សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិតាមបែប Travel Bubble នេះ គឺកម្ពុជាមានក្តីរំពឹងទទួលភ្ញៀវទេសចរអន្តរជាតិតែលើប្រភេទភ្ញៀវទេសចរចូលនិវត្តន៍ និងភ្ញៀវអ្នកមានអ្នកមានជាដើម ជា
ពិសេសភ្ញៀវទេសចរអន្តរជាតិនៅតាមតំបន់មានសុវត្ថិភាពនៅក្នុងតំបន់អាស៊ាន និងអាស៊ានបូក៣។
ទាំងនេះជាគោលដៅសិក្សាជាបឋម និងត្រូវធ្វើជាដំណាក់កាលៗ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ការទទួលភ្ញៀវទេសចរអន្តរជាតិដោយកន្លែង Travel Bubble នេះ លោក ថោង ខុន អះអាងថា ត្រូវមានការឯកភាពគាំទ្រពីក្រសួងសុខាភិបាល និងការអនុញ្ញាតពីរាជរដ្ឋាភិបាល ជាមុនសិន។
គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុប នៅក្នុងប្រទេសកម្ពុជាមានចំនួន២៣៩នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន១៦៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន៧៥នាក់៕
Tag:
Thmey Thmey25
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com