COVID-19
អន្តរជាតិ
ខេត្ត​អូ​គី​ណា​វ៉ា ប្រកាស​ស្ថានភាព​អាសន្ន បន្ទាប់ពី​ករណី COVID-19 បន្ត​កើនឡើង​
01, Aug 2020 , 10:29 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អភិបាលខេត្ត​អូ​គី​ណា​វ៉ា លោក Denny Tamaki នៅ​ថ្ងៃទី​៣១ ខែកក្កដា បានប្រកាស​ដាក់​ខេត្ត​អូ​គី​ណា​វ៉ា​ក្នុងស្ថានភាព​អាសន្ន​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥ ខែសីហា ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​COVID-19​។ ការប្រកាស​ស្ថានភាព​អាសន្ន​នេះ ធ្វើឡើង​បន្ទាប់ពី​ខេត្ត​អូ​គី​ណា​វ៉ា មាន​ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​បន្ត​កើនឡើង​។


 
​មួយរយៈ​ចុងក្រោយ​នេះ ករណី​ឆ្លង​COVID-19 នៅ​ជប៉ុន គឺ​កើនឡើង​ស្ទើរតែ​គ្រប់​តំបន់​។ ទីក្រុង​តូ​ក្យូ បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​៤៦៣​ករណី​។ ចំណែក​នៅ​ខេត្ត​អូ​គី​ណា​វ៉ា​វិញ នៅ​ថ្ងៃទី​៣១ ខែកក្កដា អាជ្ញាធរ បានប្រកាសថា មាន​ករណី​ឆ្លង​COVID-19 ថ្មី​ចំនួន ៧១​ករណី​។ ករណី​សរុប​នៅក្នុង​ខេត្ត​មាន​ចំនួន ៣៩៥​ករណី​។ 
 
​ដើម្បី​ទប់ស្កាត់​COVID-19 មិន​ឲ្យ​រាតត្បាត​កាន់តែខ្លាំង អភិបាលខេត្ត​បានសម្រេច​ដាក់​អូ​គី​ណា​វ៉ា​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​ជាង ពីរ​សប្តាហ៍​។ ថ្លែងប្រាប់​អ្នកសារព័ត៌មាន លោក​Denny Tamaki អភិបាលខេត្ត​អូ​គី​ណា​វ៉ា បាន​លើកឡើងថា អូ​គី​ណា​វ៉ា នឹង​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​ចាប់ពី​ថ្ងៃទី​១ ខែសីហា ដល់​ថ្ងៃទី​១៥ ខែសីហា​។ 
 
​ទាក់ទិន​នឹង​ការដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​នេះ លោក​អភិបាលខេត្ត បាន​អំពាវនាវ​ឲ្យ​ប្រជាជន កុំ​ចេញទៅ​ក្រៅ បើ​មិនមាន​កិច្ចការ​សំខាន់ និង​កុំ​ជួបជុំគ្នា​ជាដើម​។ ជា​វិធានការ​ខុសពី​បណ្តា​ប្រទេស​មួយចំនួន ដូចជា​ចិន អឺរ៉ុប អាមេរិក ការដាក់​តំបន់​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​នៅ​ជប៉ុន មិនបាន​ចាប់បង្ខំ​ឲ្យ​ប្រជាជន​គោរព​ឡើយ ពោលគឺ​គ្រាន់តែ​ជាការ​អំពាវនាវ​ប៉ុណ្ណោះ​។ ប៉ុន្តែ​វិធានការ​នេះ ទទួលបាន​ការគោរព​ពី​ប្រជាជន​ជប៉ុន​យ៉ាងខ្លាំង​។ 
 
​ករណី​ឆ្លង នៅលើ​ខេត្ត​អូ​គី​ណា​វ៉ា គឺ​ភាគច្រើន​ជា​ទាហាន​អាមេរិក ដែលមាន​មូលដ្ឋានទ័ព​នៅលើ​កោះ​មួយ​នេះ​។ ក្នុងចំណោម​ករណី​ឆ្លង​សរុប ៣៩៥​ករណី ទាហាន​អាមេរិក មាន​ចំនួន ២៤៨​ករណី​។ តួលេខ​នេះ បាន​បង្ក​ឲ្យ​មាន​ការមិន​ពេញចិត្ត​យ៉ាងខ្លាំង​ពី​អាជ្ញាធរ​ក្នុងស្រុក​។ នៅ​ខេត្ត​អូ​គី​ណា​វ៉ា​នេះ មាន​កងទ័ពជើងទឹក​អាមេរិក ប្រមាណ​២​ម៉ឺន​នាក់ និង​កងទ័ព​អាមេរិក​ជាច្រើន​ពាន់​នាក់​ផ្សេងទៀត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​ចំណែក​នៅ​ទីក្រុង​តូ​ក្យូ អភិបាលក្រុង ក៏បាន​ព្រមាន​ពី​ការដាក់​ទីក្រុង​ក្នុងស្ថានភាព​អាសន្ន​ម្តងទៀត​ដែរ ប្រសិនបើ​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស នៅតែ​បន្ត​កើនឡើង​។ សូមបញ្ជាក់ថា គិត​មកទល់ពេលនេះ ជប៉ុន​មាន​ករណី​ឆ្លង​COVID-19 សរុប​ចំនួន ៣៥២០០​ករណី អ្នកស្លាប់​មាន​ចំនួន​ជាង ១​ពាន់​នាក់​៕

Tag:
 ជប៉ុន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com