អ្នកជំនាញ​៖ មិនត្រូវ​ឱ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ សម្ដែង​ឈុត​ស្នេហា​ឡើយ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញ​៖ មិនត្រូវ​ឱ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ សម្ដែង​ឈុត​ស្នេហា​ឡើយ​
01, Aug 2020 , 5:59 pm        
រូបភាព
ពីឆ្វេងទៅស្តាំ លោក ឆាយ បូរ៉ា លោក ព្រឿង ប្រណីត និងលោក ប៉ុក បូរក្ស
ពីឆ្វេងទៅស្តាំ លោក ឆាយ បូរ៉ា លោក ព្រឿង ប្រណីត និងលោក ប៉ុក បូរក្ស
​ភ្នំពេញ​៖ គេ​សង្កេតឃើញថា មាន​ភាពយន្ត​មួយចំនួន ទាំង​រឿង​ភាគ រឿង​ខ្នាត​ធំ និង​រឿង​ខ្លី បាន​តម្រូវឱ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ សម្តែង​ឈុត​ស្នេហា ឬ​ឈុត​បង្កើត​ទំនាក់ទំនង​ស្នេហ៍​។ ឈុត​ទាំងនោះ បានបង្ហាញ​ត្រង់ៗ ដោយ​ខុស​នឹង​វ័យ​របស់​ក្មេង ដែល​ត្រូវ​ផ្ដោតលើ​ការសិក្សា​នោះ​។ អ្នកជំនាញ​៣​រូប សុទ្ធតែ​បានលើកឡើង​ដូចៗ​គ្នា​ថា ការឱ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ សម្ដែង​ឈុត​ស្នេហា ស្មើរ​នឹង​ការលើកទឹកចិត្ត​ឱ្យ​ក្មេងៗ​ក្នុងសង្គម ដើរ​តាម​គន្លង​នោះ​។​

 
​បើ​សង្កេត​ឱ្យ​មែនទែនទៅ មាន​ភាពយន្ត​ភាគ ភាពយន្ត​ខ្នាត​ធំ​(​កុន​ដុំ​) ឬ​រឿង​ខ្លី ជាដើម តិចតួច​បំផុត ដែល​បានបង្ហាញ​ឱ្យឃើញ​ពី​ការខិតខំ​ប្រឹងប្រែង​សិក្សា​រៀនសូត្រ ការតស៊ូ​ក្នុង​ជីវិត ឬ​បំផុស​ឱ្យឃើញ​ពី​គំនិត​ច្នៃប្រឌិត​ថ្មីៗ​របស់​កុមារ​។ ប៉ុន្តែ​ផ្ទុយទៅវិញ ភាពយន្ត​នៅពេល​បច្ចុប្បន្ននេះ បែរជា​ផ្ដោត​សំខាន់​លើ​រឿង​ឈ្លោះ​ប្រជែង​ដ​ណ្ដើ​រម​នុស្ស​ស្រី ឬ​មនុស្ស​ប្រុស​ទៅវិញ​។ ជាង​នោះ​ទៅទៀត ឈុត​ស្នេហា​ខ្លះ ដែលមាន​លក្ខណៈ​មិន​សមរម្យ បែរជា​តម្រូវឱ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ​សម្ដែង​ទៅវិញ​។  
 
​ជាការ​ពិត ភាពយន្ត​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល ដូច្នោះ​ហើយ ទាមទារ​ឱ្យ​អ្នកនិពន្ធ អ្នកដឹកនាំ​រឿង ក៏ដូចជា​ផលិតករ មានចំណេះដឹង​ថ្លឹងថ្លែង​ខ្ពស់ មាន​ការគិត​វិភាគ​ស៊ីជម្រៅ​ទៅលើ​ខ្លឹមសារ​រឿង ពាក្យពេចន៍ និង​រូបភាព​ឱ្យបាន​ល្អិតល្អន់ ដើម្បី​ចៀសវាង​ការជះឥទ្ធិពល​មិនល្អ​ដល់​សង្គម ជាពិសេស​កុមារ​។​
 
​មាន​បទពិសោធ​លើ​វិស័យ​ភាពយន្ត​ច្រើន​ឆ្នាំ លោក ឆាយ បូរ៉ា អតីត​ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា បាន​លើកឡើងថា ភាពយន្ត​ខ្មែរ​នៅពេល​បច្ចុប្បន្ន ហាក់​មាន​ភាពច្របូកច្របល់ ដោយ​មិនអាច​បែងចែក រឿង​ណា​ជា​រឿង​អប់រំ ហើយ​រឿង​ណា​បង្ហាញ​ពី​តថភាព​ពិត​ក្នុងសង្គម​។ លោក​ថា ការណ៍​នេះ​អាច​បណ្ដាលមកពី អ្នកនិពន្ធ​មិនបាន​កំណត់​គោលដៅ​រឿង​របស់ខ្លួន​ច្បាស់លាស់​។ លោក​បន្ថែមថា បើ​អ្នកនិពន្ធ មិនមាន​ចំណេះដឹង​ជ្រៅជ្រះ នោះ​រឿង​របស់​ពួកគេ​ក៏​មិនមាន​គុណភាព សម្រាប់​អប់រំ​ដល់​សង្គម​ដែរ​។​


 លោក ឆាយ បូរ៉ា អតីតប្រធានសមាគមភាពយន្តកម្ពុជា(រូប​ពីហ្វេស​ប៊ុក Chhay Bora)

​សំដៅ​ដល់​ការឱ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ ថត​ឈុត​ស្នេហា ឬ​បង្កើត​ទំនាក់ទំនង​ស្នេហ៍ អ្នកដឹកនាំ​រឿង “​ឃ្លា​តទៅ​សែនឆ្ងាយ​” រូបនេះ សង្កត់ធ្ងន់ថា សច្ចភាព​ពិត​ខ្លះ​ដែលមាន​នៅក្នុង​សង្គម នៅពេល​យកមក​បង្ហាញ​ជា​សាធារណៈ វា​មិនមែនជា​រឿង​ល្អ​ទេ ហើយ​វា​បែរ​ជាមាន​រូបភាព​នាំ​ឱ្យគេ​ធ្វើតាម​ទៅវិញ​។​
 
​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​តាំងពី​ឆ្នាំ​២០០៨ លោក ឆាយ បូរ៉ា ប​ន្យ​ល់​បន្ថែម​ដូច្នេះ​៖«​ក្នុង​រង្វង់​ភាពយន្ត គេ​មាន​ក្រមសីលធម៌​របស់គេ​។ សច្ចភាព​គឺ​ឆ្លុះបញ្ចាំង​ពី​រឿង​ក្នុងសង្គម តែ​កាលណា​បើ​ធ្វើ​មិនត្រូវ វា​បែរជា​ធ្វើ​ឱ្យគេ​មើលឃើញថា រឿង​នោះ​កំពុងផ្ដល់​គំរូ​មិនល្អ​ដល់​សង្គម​ទៅវិញ​។ បទ​ចម្រៀង និង​ភាពយន្ត​ឥឡូវនេះ​ខ្លះ បង្ហាញ​ខ្លឹមសារ​និង​រូបភាព​ពិបាក​និយាយ​ណាស់​។ ខ្ញុំ​មាន​កូនចៅ​តូចៗ ខ្ញុំ​មិន​ចង់​ឱ្យឮ មិន​ចង់​ឱ្យឃើញ​ទេ​។ រឿង​ខ្លះ​ធ្វើឱ្យ​មហាជន​ពិបាក​ទទួលយក​។ អ្នកនិពន្ធ​ខ្លះ និពន្ធ​រឿង​ចេញមក បង្ហាញ​ពី​ភាពអវិជ្ជា​របស់ខ្លួន​តែម្ដង​។ អ្នកនិពន្ធ​ត្រូវតែ​ចូលរៀន​វគ្គ​បណ្ដុះបណ្ដាល​ពី​ភាពយន្ត​»​។​
 
​ចំណែក​លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ ក៏​មិន​ខុសពី​លោក ឆាយ បូរ៉ា ប៉ុន្មាន​ឡើយ ដោយ​លោក​មិន​គាំទ្រ​ទាល់តែសោះ​ក្នុង​ការឱ្យ​ក្មេង​មិនទាន់​គ្រប់​អាយុ​ថត​ឈុត​ស្នេហា​។ ជា​អ្នកនិពន្ធ និង​ជា​កវី មួយរូប លោក ព្រឿង ប្រណីត ថា​ក្នុងនាម​ជា​អ្នកនិពន្ធ គួរតែ​និពន្ធ​អ្វី​ដែលជា​ប្រយោជន៍ ដើម្បី​កែប្រែ​ស្ថានភាព​សង្គម​ពី​អាក្រក់​ទៅ​ល្អ ទើប​ប្រសើរ​។ 


 លោក ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ (រូប​ពី​ហ្វេស​ប៊ុក Proeung Pranit)
 
​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ជិត​អគារ​សមាគម​អ្នកនិពន្ធ​ខ្មែរ ដែល​កំពុង​សាងសង់ ក្នុង​បរិវេណ​វត្ត​បទុម​វ​តី លោក ព្រឿង ប្រណីត បញ្ជាក់​ដូច្នេះ​៖«​អ្នកនិពន្ធ​ខ្លះ គាត់​អាច​និយាយថា នេះ​ជា​រឿង​ពិត​ក្នុងសង្គម​។ ប៉ុន្តែ​ម្ដេច​យើង​មិន​និពន្ធ​អ្វីដែល​ជួយ​កែប្រែ​ចំណុច​មិនល្អ​ទាំងនោះ​វិញ​ទៅ​។ 
 
​ដូចជា​ការនិពន្ធ​ឱ្យ​ក្មេងៗ​សម្ដែង​ឈុត​ស្នេហា​បែបនេះ វា​មិនមែនជា​ការអប់រំ​សង្គម​ទេ តែ​វា​បែរជា​ធ្វើឱ្យ​ក្មេងៗ​មើល​ហើយ​យក​គំរូ​តាម​។ បើ​យើង​និពន្ធ​អ្វីមួយ បង្កើតជា​កំហុស​ហើយ យើង​មិន​អាន​និពន្ធ​រឿង​មួយទៀត​មក​កែប្រែ​បានឡើយ ព្រោះ​មនុស្ស​បាន​ដក់​ជាប់​រឿង​ដំបូង​ទៅហើយ​។ ម្យ៉ាងទៀត យើង​ម្ដេច​នឹង​ដឹងថា អ្នកមើល​រឿង​ទី​១ គេ​នឹង​ចាំមើល​រឿង​ទី​២​របស់​យើង​»​។ 
 
​ទាក់ទង​នឹង​បញ្ហា​ខាងលើ ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​លោក ប៉ុក បូរ​ក្ស បាន​សង្កត់ធ្ងន់ថា ក្រសួង​មិនដែល​អនុញ្ញាតឱ្យ​មានកា​រ​ថត​ភាពយន្ត ដែល​តម្រូវឱ្យ​ក្មេងៗ ថត​ឈុត​ខុសពី​វ័យ​របស់​ពួកគេ​ឡើយ​។ ចំពោះ​ករណី​ដែលមាន​ភាពយន្ត​មួយចំនួន​យក​ក្មេង​ទៅ​ថត​ឈុត​ស្នេហា លោក ប៉ុក បូរ​ក្ស ថា​បុគ្គល​ទាំងនោះ មិនបាន​ទៅសុំ​ការអនុញ្ញាត​ថត​ពី​ក្រសួង​ឡើយ​។ 


 លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌(រូប​ពី​ហ្វេសប៊ុក Pok Borak)
 
​ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត​រូបនេះ បន្ថែមថា​ក្រសួង​តែង​តែង​លើកទឹកចិត្ត​ឱ្យ​ផលិតករ ទៅ​ចុះបញ្ជី​ក្នុង​ក្រសួង ហើយក៏​បើក​សិទ្ធិ​ចំពោះ​ការបង្កើត​ស្នាដៃ​ថ្មី​ដែរ ប៉ុន្តែ​ស្នាដៃ​ទាំងនោះ​ត្រូវតែ ស្ថិតនៅក្រោម​ការទទួល​យកបាន​របស់​មហាជន និង​សង្គម​។ 
 
​បញ្ហា​ភាពយន្ត​ដដែល​នេះ ក្រសួង​វប្បធម៌ ក៏បាន​ធ្វើការ​ទៅលើ​ការចាត់​ចំណាត់ថ្នាក់​ភាពយន្ត​ផងដែរ មានន័យថា ភាពយន្ត ឬ​រឿង​គ្រប់​ប្រភេទ ត្រូវបាន​កំណត់​អាយុ​អ្នកមើល​។ ក្នុងករណីនេះ លោក ប៉ុក បូរ​ក្ស បញ្ជាក់ថា ភាពយន្ត​ខ្លះ មាន​ភាសា និង​រូបភាព​ឃោ​ឃៅ​ខ្លាំង ដូច្នេះ​មិនអាច​ឱ្យ​ក្មេង​មើល​បានឡើយ​។​
 
​ទោះជា​យ៉ាងណា ប្រធាន​នាយកដ្ឋាន​លោក ប៉ុក បូរ​ក្ស ថា​ក្រសួង​វប្បធម៌ កំពុងតែ​សិក្សា​រក​វិធានការ​ដោះស្រាយ រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ភាពយន្ត ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា​។​
 
​លោក​ពន្យល់​បន្ថែម​៖«​រាល់​ភាពយន្ត​ដែល​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​ពី​ក្រសួង គឺ​យើង​តែងតែ​មើល​លើ​ក្រមសីលធម៌ និង​ភាព​អាច​ទទួលយកបាន​ពី​សង្គម​។ វា​អាចមកពី​ការវិវឌ្ឍ​នៃ​បច្ចេកវិទ្យា​រីកចម្រើន​ពេក ហើយ​មធ្យោបាយ​នៃ​ការផ្សព្វផ្សាយ និង​ការផលិត​ងាយស្រួល ដូច្នេះ​មនុស្ស​ម្នាក់​គិត​ឃើញ​អ្វី ក៏​ចង់​ធ្វើ​រឿង​នោះ តែ​ពេល​ធ្វើទៅ​វា​បែរជា​ជះឥទ្ធិពល​មិនល្អ​។  
 
​យ៉ាងណាក៏ដោយ ក្រៅពី​ភាពយន្ត បទ​ចម្រៀង​នាពេល​បច្ចុប្បន្ននេះ ក៏​ហាក់​បង្ហាញឱ្យឃើញ​ពី​ខ្លឹមសារ​អវិជ្ជមាន​ផងដែរ​។ ជាក់ស្ដែង​មាន​បទ​ចម្រៀង​មួយចំនួន និពន្ធ​ឡើង​មាន​រូបភាព​លើកទឹកចិត្ត​ឱ្យ​មនុស្ស យក​ស្រា ទៅ​ដោះស្រាយ​បញ្ហា​។ ចំណែក​អ្នកនិពន្ធ​ខ្លះទៀត និពន្ធ​បទ​ចម្រៀង​ឡើង ដើម្បី​បង្កជម្លោះ ជេរប្រមាថ និយាយ​រឿង​អាសអាភាស និង​ជំរុញ​ឱ្យ​មនុស្ស​ប្រព្រឹត្ត​អំពើ​អបាយមុខ​ថែម​ទៀតផង​។ 
 
​ជាក់ស្ដែង ភាពយន្ត​និង​ចម្រៀង គឺជា​អាវុធ​មុខ​២ ដូច្នេះ​បើ​អ្នកនិពន្ធ ផលិតករ ឬ​អ្នកដឹកនាំ​រឿង បង្កើតឡើង​ក្នុង​គោលបំណង​អប់រំ​ច្បាស់លាស់ វា​នឹង​ទទួលបាន​លទ្ធផល​ល្អ​។ ប៉ុន្តែ​បើ​អ្នកបង្កើត​ស្នាដៃ​ទាំងនោះ គ្រាន់តែ​ចង់បង្ហាញ​ពី​ចំណុច​អវិជ្ជមាន​របស់​សង្គម ដោយ​មិនបាន​វិភាគ​ស៊ីជម្រៅ​ពី​ផលប៉ះពាល់ នោះ​ពួកគេ​(​ម្ចាស់​ស្នាដៃ​)​អាច​នឹង​ក្លាយជា​បុគ្គល​ដែល​នាំ​សង្គម​ឱ្យ​ធ្លាក់ចុះ​សីលធម៌​ធ្ងន់ធ្ងរ​៕
 
 
 
 

Tag:
 ភាពយន្ត​
  សិល្បៈ​
  អ្នកជំនាញ​
  ស្នេហា​
  ក្មេង​
  សម្ដែង​
© រក្សាសិទ្ធិដោយ thmeythmey.com