COVID-19
ជាតិ
COVID-19 នៅ​កម្ពុជា​៖ រកឃើញ​ថ្មី​១​ករណី និង​សះស្បើយ​៣២​នាក់​បន្ថែមទៀត​
02, Aug 2020 , 8:03 am        
រូបភាព
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
​ក្រសួងសុខាភិបាល នា​ព្រឹក​ថ្ងៃអាទិត្យ​នេះ បានប្រកាស​ពី​ការរកឃើញ​ករណី​ឆ្លង COVID-19 មួយ​ករណី​ទៀត ប៉ុន្តែ​ជាមួយគ្នា​នោះ មាន​៣២​ករណី បាន​សះស្បើយ​។ ករណី​ថ្មី​ជា​បុរស​ខ្មែរ​អាយុ​៥៧​ឆ្នាំ ដែល​ធ្វើដំណើរ​ពី​អាមេរិក ដោយ​បន្ត​ជើងហោះហើរ​តាម​កូរ៉េខាងត្បូង និង​ដល់​កម្ពុជា​ជាមួយ​អ្នកដំណើរ​១១១​នាក់​ទៀត​។

 
 
​រីឯ​អ្នកជា​សះស្បើយ​មាន​ជនជាតិខ្មែរ​២៩​នាក់ និង​ឥណ្ឌូណេស៊ី​៣​នាក់​។ ក្នុងនោះ អ្នកជា​សះស្បើយ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​រុស្សី និង​អេ​ហ្ស៊ី​ប​ចំនួន​១៥​នាក់ ហើយ​បុរស​១៥​នាក់​នេះ ជា​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​មកពី​ប្រទេស​រុស្សី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី​មក​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន​២​ដង​។​
 
​ចំណែកឯ អ្នកជា​សះស្បើយ ធ្វើដំណើរ​មកពី​ប្រទេស​ម៉ាលី ចំនួន​២​នាក់  ជា​ក្រុម​មួក​ខៀវ​អង្គការសហប្រជាជាតិរ​បស់​កម្ពុជា ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​២​ដង​។ អ្នកជា​សះស្បើយ ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ចំនួន​៧​នាក់ ដោយ​២​នាក់​បានធ្វើ​ដំណើរ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​មក​កម្ពុជា ។ ២​នាក់​ទៀត  បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​តាម​ជើងហោះហើរ​មក​កម្ពុជា និង​៣​នាក់​ទៀត បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី ឆ្លងកាត់​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​២​ដង​។ 
 
​សូមជម្រាបថា កម្ពុ​ជាមាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ -១៩ ចំនួន ២៤០ នាក់ ក្នុងនោះ​មាន ១៩៦​នាក់ ជាសះស្បើយ​។ អ្នក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ ចំនួន​៤២​នាក់ និង​អ្នក​សម្រាក​នៅ​បន្ទប់​ដាច់ដោយឡែក​ក្នុង​ស្ថានទូត​អាមេរិក ចំនួន​២​នាក់​៕

© រក្សាសិទ្ធិដោយ thmeythmey.com