COVID-19
អន្តរជាតិ
COVID-19៖ វៀតណាម​ឡើងដល់​៥៩០​ករណី​ហើយ​ក្នុងនោះ​ស្លាប់​៣​នាក់​
02, Aug 2020 , 10:41 am        
រូបភាព
បូលិសវៀតណាម ដាក់របាំងនៅក្នុងតំបន់មួយ ក្នុងទីក្រុងដាណាង។ រូបភាព៖ VnExpress
បូលិសវៀតណាម ដាក់របាំងនៅក្នុងតំបន់មួយ ក្នុងទីក្រុងដាណាង។ រូបភាព៖ VnExpress
​វៀតណាម បាន​រាយការណ៍​ថា មាន​ករណី​COVID-19 ចំនួន ៣២​បន្ថែម​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងសុខាភិបាល​វៀតណាម ដែល​ចេញផ្សាយ​នៅ​ល្ងាច​ថ្ងៃទី​១ ខែសីហា មាន​ចំនួន​២៨​ករណី និង​នៅ​ថ្ងៃទី​២ ខែសីហា មាន​ចំនួន ៤​ករណី​។


 
​តាម​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​១ ខែកក្កដា វៀតណាម​មាន​ករណី​ឆ្លង​COVID-19 ថ្មី​ចំនួន ២៨​ករណី និង​នៅ​ព្រឹក​ថ្ងៃទី​២ ខែកក្កដា មាន​ចំនួន ៤​ករណី​បន្ថែម​។ ក្នុងចំណោម​ករណី​ទាំង​៣២ នេះ ភាគច្រើន​មាននៅ​ទីក្រុង​ដា​ណា​ង ទីក្រុង​ហូជីមិញ ខេត្ត Quang Ngai និង​ខេត្ត Quang Nam​។ ករណីខ្លះ គឺជា​ករណី​ឆ្លង​មកពី​បរទេស​។​
 
​ករណី​សរុប​COVID-19 នៅ​វៀតណាម មាន​ចំនួន ៥៩០​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៣​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧៣​នាក់​។ 
 
​ដោយសារតែ​ករណី​ភាគច្រើន គឺមាន​ពាក់ព័ន្ធ​នឹង​ទីក្រុង​ដា​ណា​ង អាជ្ញាធរ​គ្រោង​ធ្វើតេស្ត​លើ​ប្រជាជន​ក្នុង​ក្រុង​ដា​ណា​ង ដែលមាន​ចំនួន​ប្រមាណ​១,១​លាន​នាក់ ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ភ្ញៀវទេសចរ​រហូតដល់ ៨០​ម៉ឺន​នាក់ បាន​មកលេង​កម្សាន្ត​នៅ​ក្រុង​ដា​ណា​ង និង​បាន​ចាក​ចេញទៅ​តំបន់​ផ្សេងៗ ចាប់តាំងពី​ថ្ងៃទី​១ ខែកក្កដា​កន្លងមក​។ ក្រសួងសុខាភិបាល​វៀត​ណា​ម បានបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា មនុស្ស​ច្រើនជាង ៤១០០០​នាក់ បាន​ទៅ​មន្ទីរពេទ្យ​ទាំងបី ដែលជា​កន្លែង​រកឃើញ​ករណី​ឆ្លង​COVID-19 ដំបូង​៕

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com