ជាតិ
រយៈពេល​៧​ខែ កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ជាង​២.៦​លាន​តោន
02, Aug 2020 , 7:59 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៧​ខែ ឆ្នាំ​២០២០​នេះ កម្ពុជា បាន​នាំចេញ​ផលិតផល​កសិកម្ម បាន​ប្រមាណ ២.៦​លាន​តោន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​១ ខែ សីហា ។


 
​តាម​របាយការណ៍​ដដែល ផលិតផល​កសិកម្ម​ទាំងនោះ​រួមមាន អង្ករ ជាង​៤​សែន​តោន បាន​នាំ​ចេញទៅ​ប្រទេស​ចិន ចំនួន​ជាង​១​សែន​តោន អឺរ៉ុប ជាង​១​សែន​តោន អាស៊ាន ជាង​៥​ម៉ឺន​តោន និង​នាំទៅ​ទិសដៅ​ដទៃទៀត ជាង​៦​ម៉ឺន​តោន​។ 
 
​ចំណែកឯ ចំណិត​ដំឡូង​មី​ក្រៀម ជាង​១​លាន​តោន និង​ដំឡូង​មី​ស្រស់ ជាង​៤​សែន​តោន បាន​នាំ​ចេញទៅ​ប្រទេស​ថៃ និង​វៀតណាម​។ ម្សៅដំឡូង​មី ជាង​១​ម៉ឺន​តោន បាន​នាំ​ចេញទៅ ឥណ្ឌា ចិន បែ​ល​ហ្សិ​ក អ៊ីតាលី ហូ​ឡង់ ប៉ា​គី​ស្ថាន សាធារណរដ្ឋ​ឆេ​ក ។ កាកសំណល់​ដំឡូង​មី ជាង​៧​ពាន់​តោន បាន​នាំ​ចេញទៅ​ប្រទេស​ចិន ។ 
 
​គ្រាប់ស្វាយចន្ទី ជិត​២​សែន នាំ​ចេញទៅ​ប្រទេស វៀតណាម ជប៉ុន រុស្សី ចិន ហុងកុង ថៃ បារាំង កូរ៉េ ។ គ្រាប់ពោត ជាង​១​សែន​តោន នាំ​ចេញទៅ ថៃ កូរ៉េ តៃវ៉ាន់​។ គ្រាប់​សណ្ដែកបាយ ជាង​៣​ពាន់​តោន នាំ​ចេញទៅ តៃវ៉ាន វៀតណាម ។ ចេក​ស្រស់ ជាង​១​សែន​តោន នាំ​ចេញទៅ ចិន វៀតណាម ជប៉ុន​។ ផ្លែ​ក្រូចថ្លុង ជាង​១​ម៉ឺន​តោន នាំ​ចេញទៅ​ប្រទេស​ថៃ​។ 
 
​ផ្លែស្វាយ ជាង​៤​ម៉ឺន​តោន នាំ​ចេញទៅ ថៃ វៀតណាម បារាំង រុស្សី កូរ៉េ និង​ហុងកុង​។ ដំណាប់​ស្វាយ ជាង​៤​ពាន់​តោន នាំ​ចេញទៅ ចិន ជប៉ុន ថៃ កូរ៉េ វៀតណាម ហ្វីលីពីន​។ ដូងប្រេង ជាង​៣​ម៉ឺន​តោន នាំ​ចេញទៅ ម៉ាឡេស៊ី ឥណ្ឌា ស្រីលង្កា ចិន ស្វី​ល និង​ប៉ា​គី​ស្ថាន​។ ម្រេច ជាង​៣​ពាន់​តោន នាំ​ចេញទៅ ជប៉ុន ប៊ែ​ល​ហ្សិ​ក ហូ​ឡង់ បារាំង អាល្លឺម៉ង់ ស្វី​ស រៀ​ត​ណា​ម អា​មេ​រិច រុស្សី អង់គ្លេស ឥណ្ឌា បេឡា​រូស កូរ៉េ ឆេ​ក ណូ​វែ​ហ្សែ​ឡង់ អូស្ត្រាលី និង​ថៃ​។ 
 
​រីឯ ថ្នាំជក់ ជាង​៤​ពាន់​តោន នាំ​ចេញទៅ វៀតណាម ហ្គ្រិ​ច បែ​ល​ហ្សិ​ក ឥណ្ឌូណេស៊ី និង​ហុង​ហ្គា​រី ។ បន្លែ ជាង ៧៣,៨៥​តោន នាំ​ចេញទៅ បារាំង ឆេ​ក ហូ​ឡង់ ។ ដំឡូងជ្វា ជាង ២​ពាន់​តោន ម្ទេ​ច​ស្រស់​ជាង ៤​ម៉ឺន​តោន ម្ទេស​ក្រៀម ជាង​១​ពាន់​តោន  នាំ​ចេញទៅ​ប្រទេស​ថៃ និង​ផលិតផល​ផ្សេងៗ នាំចេញ​បាន​ជាង​៤​ម៉ឺន​តោន​៕  

Tag:
 ផលិតផល​
 ​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com