COVID-19
អន្តរជាតិ
​ស្ត្រី​វៀតណាម​២​នាក់​ទៀត​ស្លាប់​ដោយសារ COVID-19 ម្នាក់​នៅ​ដា​ណា​ង និង​ម្នាក់ទៀត​នៅ Quang Nam
02, Aug 2020 , 2:18 pm        
រូបភាព
រូបភាព៖ VnExpress
រូបភាព៖ VnExpress
​វៀតណាម នៅ​ថ្ងៃទី​២ ខែសីហា មាន​ករណី​ស្លាប់​ចំនួន ២​ករណី​បន្ថែមទៀត ដោយសារ COVID-19​។ ករណី​ស្លាប់​សរុប​ឡើងដល់ ៥​ករណី ខណៈ​អ្នក​ឆ្លង​កើន​ឡើងដល់ ៥៩០​ករណី​។


 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម អាជ្ញាធរ​សុខាភិបាល បាន​រាយការណ៍​ថា មាន​ករណី​ស្លាប់​ចំនួន​ពីរ​ករណី​បន្ថែមទៀត​។ អ្នកស្លាប់​ទាំងពីរ​នាក់​នេះ គឺជា​អ្នកជំងឺ​ទី​៥២៤ និង ៤៧៥​។​
 
​អ្នកជំងឺ​៥២៤ គឺជា​ស្ត្រី​វ័យ​៨៦​ឆ្នាំ ដែល​រស់នៅ​ខេត្ត Quang Nam មាន​ជំងឺ​បេះដូង បញ្ហា​តម្រង់​នោម និង​ជំងឺ​ផ្សេងទៀត​។ ចំណែក​អ្នក​បាត់បង់​ជីវិត​មួយទៀត គឺជា​ស្ត្រី​វ័យ​៨៣​ឆ្នាំ ដែលជា​អ្នកជំងឺ​ទី​៤៧៥ និង​រស់នៅក្នុង​ទីក្រុង​ដា​ណា​ង​។ 
 
​ស្ត្រី​រូបនេះ ក៏មាន​ជំងឺ​ប្រចាំកាយ​ផងដែរ ដូចជា​ជំងឺ​ឈឺសន្លាក់ និង​ការវះកាត់​ក្រពះ​។ ស្ត្រី​រូបនេះ មិនអាច​ដើរ​បាន​រយៈពេល ៦​ឆ្នាំ​ហើយ​។ នៅ​ថ្ងៃទី​៣០ ខែកក្កដា ស្ត្រី​រូបនេះ ត្រូវគេ​រកឃើញថា មាន​ផ្ទុក COVID-19 និង​បាត់​បង់ជីវិត នៅ​ថ្ងៃទី​២ ខែសីហា​។ 
​សូមបញ្ជាក់ថា មកទល់ពេលនេះ អ្នកស្លាប់​នៅ​វៀតណាម កើនឡើង​ដល់ ៥​នាក់ ខណៈ​ករណី​ឆ្លង​មាន​ចំនួន ៥៩០​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧៣​នាក់​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com