COVID-19
អន្តរជាតិ
ចិន​បញ្ជូន​អ្នកជំនាញ​ទៅ​ហុងកុង ដើម្បី​ជួយ​ធ្វើតេស្ត COVID-19 ទ្រង់ទ្រាយ​ធំ​
02, Aug 2020 , 10:29 pm        
រូបភាព
មន្ទីរពេទ្យបណ្តោះអាសន្នរបស់ហុងកុង ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌល AsiaWorld Expo។ រូបភាព៖ Reuters
មន្ទីរពេទ្យបណ្តោះអាសន្នរបស់ហុងកុង ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌល AsiaWorld Expo។ រូបភាព៖ Reuters
​មន្ត្រី​សុខាភិបាល​ចិន​ចំនួន ៧​នាក់ ត្រូវ​ទៅដល់​ហុងកុង​នៅ​ថ្ងៃទី​២ ខែសីហា​។ នេះ​បើតាម​ការប្រកាស​របស់​គណៈកម្មការ​សុខាភិបាល​ជាតិចិន នៅ​ថ្ងៃទី​១ ខែសីហា​។ មន្ត្រី​ទាំង​៧​នាក់​នេះ គឺជា​សមាជិក​ដំបូង នៃ​ក្រុម​អ្នកជំនាញ​សុខាភិបាល​ចិន ដែលមាន​ចំនួន ៦០​នាក់ ត្រូវ​បញ្ជូនទៅ​ហុងកុង ដើម្បី​ជួយ​ធ្វើតេស្ត​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​ស្វយ័ត​មួយ​នេះ​។​



​នាពេល​កន្លងមក ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង លោកស្រី​ការី ឡាំ បាន​លើកឡើងថា ទីក្រុង​ហុងកុង គឺ​ស្ថិតនៅលើ​មាត់ជ្រោះ​នៃ​ការផ្ទុះ​COVID-19 ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីក្រុង​។ ការប្រកាស​បែបនេះ ធ្វើឡើង​បន្ទាប់ពី​ហុងកុង មាន​ករណី​ឆ្លង​លើសពី​១០០​ករណី ក្នុង​រយៈពេល​ជាច្រើន​ថ្ងៃ​ជាប់​គ្នា​។ នៅ​ថ្ងៃទី​១ ខែសីហា ហុងកុង បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ចំនួន ១២៥​ករណី​។ ករណី​សរុប​COVID-19 នៅក្នុង​ទីក្រុង បាន​កើន​ដល់ ៣៣៩៨​ករណី អ្នក​ស្លាប់មាន ៣៣​នាក់ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន ១៨៥៨​នាក់​។ 
 
​ដោយ​មើលឃើញថា ករណី​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ក្នុង​ទីក្រុង​កាន់តែ​រីកធំឡើង ទីក្រុង​ហុងកុង បានស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ចិន ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​។ លោកស្រី​ការី ឡាំ បាន​អះអាង​បែបនេះ ដោយ​បន្ថែមថា រដ្ឋាភិបាល​ចិន កំពុង​សិក្សា ថា​តើ​ត្រូវធ្វើ​តេស្ត​លើ​ប្រជាជន​ហុងកុង​គ្រប់រូប ឬ​យ៉ាងណា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ក្នុងស្រុក​ហុងកុង RTHK​។ 
 
​ក្រុម​អ្នកជំនាញ ដែល​បញ្ជូន​មកពី​ចិន​នេះ មាន​សមាជិក​ខ្លះ​មកពី​មន្ទីរពេទ្យ​សាធារណៈ​ក្នុង​ខេត្ត ក្វាង​ទុង និង​អ្នកជំនាញ​ចំនួន ៦​នាក់​មកពី​ក្រុង​វូ​ហាន ដើម្បី​ជួយ​ការងារ​មួយចំនួន នៅក្នុង​មន្ទីរពេទ្យ​បណ្តោះអាសន្ន​របស់​ហុងកុង​។ មន្ទីរពេទ្យ​បណ្តោះអាសន្ន​នេះ ធ្វើឡើង​នៅក្នុង​មជ្ឈមណ្ឌល AsiaWorld Expo​។ 
 
​យ៉ាងណាក៏ដោយ ប្រជាជន​ហុងកុង​មួយចំនួន បារម្ភ​ថា ការបញ្ជូន​អ្នកជំនាញ​ចិន​មក​ហុងកុង​លើកដំបូង​នេះ គឺជា​គ្រាន់តែ​ជា​លេស​របស់​ទីក្រុង​ប៉េកាំង ដើម្បី​ប្រមូលយក​គំរូ DNA របស់​ប្រជាជន​ហុងកុង ក្នុង​គោលបំណង​យកការណ៍​អ្វីមួយ​។ 
 
​សូមបញ្ជាក់ថា នាពេល​កន្លងទៅ លោកស្រី ការី ឡាំ បានប្រកាស លើក​ពេល​បោះឆ្នោត​សភា​ហុងកុង​ទៅ​ឆ្នាំក្រោយ ដោយ​ផ្អែកលើ​ហេតុ​ផង​ថា ករណី​COVID-19 កំពុង​កើនឡើង និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​នេះ នៅក្នុង​ទីក្រុង​៕ 

Tag:
 ហុងកុង​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com