ជាតិ
សហគមន៍ជីផាតពង្រឹងវិធានការសុវត្ថិភាពអនាម័យ និងត្រៀមទទួលភ្ញៀវនៅថ្ងៃសម្រាកសងចូលឆ្នាំ
× ភ្នំពេញ៖ សហគមន៍អេកូទេសចរជីផាត កំពុងត្រៀមខ្លួនក្នុងការស្ដារភ្ញៀវទេសចរឡើងវិញ ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ។ លោក អន សុវណ្ណ ប្រធានសហគមន៍ជីផាត បានប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទថា សហគមន៍កំពុងរៀបចំបរិស្ថាន និងកន្លែងការស្នាក់នៅឱ្យបានស្អាត សម្រាប់ថ្ងៃឈប់សម្រាកជំនួសថ្ងៃចូលឆ្នាំ ពីថ្ងៃ១៧ ដល់២១សីហាខាងមុខ។ ក្រៅពីនេះ សហគមន៍នេះ ក៏កំពុងរៀបចំសម្ភារមួយចំនួនដូចជាកង់ និងទូកកៃយ៉ាក់សម្រាប់អ្នកទេសចរផងដែរ។
លោក អន សុវណ្ណ អះអាងទៀតថា វិធានការសុវត្តិភាព ការបិទផ្ទាំងផ្សព្វផ្សាយ ការវាស់កម្ដៅ និងការណែនាំភ្ញៀវទេសចរ ពីការរក្សាគម្លាតសុវត្ថិភាព ក៏នឹងត្រូវអនុវត្តផងដែរ ដើម្បីចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។
មកដល់ពេលនេះ កន្លែងស្នាក់នៅ និងបឹងកាឡូ នៅសហគមន៍ជីផាត ត្រូវបានភ្ញៀវកក់ពេញអស់ទៅហើយ។ នេះបើតាមលោក អន សុវណ្ណ ដោយលោកបន្តដោយសង្ឃឹមថា ថ្ងៃឈប់សម្រាកខាងមុខ សហគមន៍ជីផាត នឹងមានរភ្ញៀវទេសចរច្រើនឡើងវិញ ក្រោយធ្លាក់ចុះយ៉ាងខ្លាំង តាំងពីដើមឆ្នាំ២០២០មក។
សហគមន៍អេកូទេសចរណ៍ជីផាត មានសក្តានុពលទេសចរណ៍ចំនួន១៥កន្លែង និងមានសម្រស់ពីធម្មជាតិស្អាតៗ។ ប៉ុន្តែអំឡុងវិបត្តិកូវីដ-១៩ ទេសចរនៅសហគមន៍ជីផាត បានធ្លាក់ចុះរហូតដល់៩៥ ភាគរយ៕
រូបភាពពីលោក អន សុវណ្ណប្រធានសហគមន៍អេកូទេសចរណ៍ជីផាត
© រក្សាសិទ្ធិដោយ thmeythmey.com