COVID-19
អន្តរជាតិ
រដ្ឋ Victoria របស់​អូស្ត្រាលី ប្រកាស​ដាក់​រដ្ឋ​ក្នុងស្ថានភាព​គ្រោះមហន្តរាយ
02, Aug 2020 , 4:34 pm        
រូបភាព
ប្រជាជនអូស្រ្តាលី ឈរតម្រង់ជួរទិញឥវ៉ាន់ ក្នុងក្រុង Melbourne នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AFP
ប្រជាជនអូស្រ្តាលី ឈរតម្រង់ជួរទិញឥវ៉ាន់ ក្នុងក្រុង Melbourne នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ AFP
​រដ្ឋ Victoria អូស្ត្រាលី នៅ​ថ្ងៃទី​២ ខែសីហា បានប្រកាស​ដាក់​រដ្ឋ​ក្នុងស្ថានភាព​គ្រោះមហន្តរាយ (State of Disaster) និង​ដាក់​បម្រាម​គោចរ​លើ​ទីក្រុង Melbourne​។ វិធានការ​ថ្មី និង​តឹងរឹង​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋ Victoria បន្ត​ហក់​ឡើង​ករណី​ឆ្លង COVID-19​។


 
​បម្រាម​បិទ​ក្រុង​Melbourne រយៈពេល ៦​សប្តាហ៍ បាន​កន្លងផុត​ហើយ ប៉ុន្តែ​ករណី​ឆ្លង​នៅក្នុង​រដ្ឋ Victoria មិនមាន​សភាព​ថមថយ​ឡើយ​។ នៅ​ថ្ងៃទី​២ ខែសីហា រដ្ឋ Victoria បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង COVID-19 ចំនួន​៦៧១​ករណី និង​ស្លាប់​៧​ករណី​។ ជាពិសេស ករណី​ឆ្លង​ជា​សហគមន៍​កាន់តែ​កើនឡើង និង​មាន​ករណី​មិនដឹង​ប្រភព​ឆ្លង​ច្រើន​។ 
 
​ពាក់ព័ន្ធ​ការកើនឡើង​ករណី​ឆ្លង​បែបនេះ នាយករដ្ឋមន្ត្រី​រដ្ឋ​Victoria លោក Daniel Andrews បានសម្រេច​ដាក់​រដ្ឋ ក្នុងស្ថានភាព​គ្រោះមហន្តរាយ និង​ដាក់​បម្រាម​គោចរ​លើ​ទីក្រុង Melbourne យ៉ាង​តឹងរឹង​បំផុត ដើម្បី​ទប់ស្កាត់ COVID-19​។ ទីក្រុង​Melbourne នឹង​ស្ថិតក្រោម «​ការ​រឹតត្បិត​កម្រិត​៤»​។​
 
​បើតាម​ការប្រកាស​លោក​នាយករដ្ឋមន្ត្រី​Victoria ការដាក់​រដ្ឋ​ក្នុងស្ថានភាព​គ្រោះមហន្តរាយ​នេះ នឹង​ផ្តល់​អំណាច​ដល់​ប៉ូលិស​បន្ថែមទៀត ដើម្បី​ធានាថា ប្រជាជន​នឹង​គោរព​តាម​ស្តង់ដារ​សុខាភិបាល និង​វិធានការ​របស់​រដ្ឋាភិបាល​។ 
 
​ចំណែក​បម្រាម​គោចរ​វិញ វា​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង ៨​យប់ ដល់​ម៉ោង ៥​ព្រឹក​។ បម្រាម​គោចរ​ដ៏​តឹងរឹង​មួយ​នេះ នឹង​ចាប់​អនុវត្ត​ចាប់ពី​ម៉ោង​៦​ល្ងាច [​ម៉ោង​ក្នុងស្រុក​អូស្ត្រាលី​] ក្នុង​ថ្ងៃទី​២ ខែសីហា ទៅលើ​ប្រជាជន Melbourne ដែលមាន​ជិត ៥​លាន​នាក់​។  យ៉ាងណាក៏ដោយ វិធានការ​នេះ ក៏មាន​ករណី​លើកលែង​ដែរ សម្រាប់​ករណី​ចាំបាច់​របស់​ប្រជាជន ដូចជា​ទៅធ្វើ​ការ ទិញ​ម្ហូបអាហារ ការថែទាំ​សុខភាព និង​ហាត់ប្រាណ​ជាដើម​។ បន្ថែម​ពីលើ​នេះ នៅក្នុង​ម៉ោង​នៃ​ប​ម្រោម​គោចរ មធ្យោបាយ​ធ្វើដំណើរ​ទាំងអស់ ត្រូវ​កាត់បន្ថយ​។ 
 
​ជាមួយគ្នានេះ ការហាត់​ប្រាណ​អនុញ្ញាត​តែ ១​ម៉ោង​ប៉ុ​ណ្នោះ ក្នុង​មួយថ្ងៃ ក្នុង​ចម្ងាយ​៥ គីឡូម៉ែត្រ​ពី​ផ្ទះ និង​មនុស្ស​ពីរ​នាក់ អាច​ហាត់ប្រាណ​ជាមួយគ្នា​។ លើសពីនេះ ប្រជាជន​មិន​អនុញ្ញាត​ឲ្យ​ទៅ​ឆ្ងាយ​ពី​ផ្ទះ​លើសពី​៥ គីឡូម៉ែត្រ​នោះទេ លើកលែង​តែមាន​ករណី​ចាំបាច់​។ ក្នុង​មួយ​គ្រួសារ អាជ្ញាធរ​អនុញ្ញាត​ឲ្យ​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះ​ទៅ​ទិញ​ម្ហូបអាហារ​។ 
 
​សម្រាប់​សិស្សសាលា​នៅក្នុង​ទីក្រុង​វិញ ត្រូវ​រៀន​តាម​អន​ឡាញ ចាប់ពី​ថ្ងៃទី​៥ ខែសីហា​តទៅ​។ ដោយឡែក​ភោជនីយដ្ឋាន​វិញ អាជ្ញាធរ មិន​អនុញ្ញាត​ឲ្យ​មានការ​បរិភោគ​នៅក្នុង​ហាង​ឡើយ លើកលែងតែ​ខ្ចប់​យកមក​ផ្ទះ ឬ​តាម​ការដឹកជញ្ជូន​។ 
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​ថ្ងៃទី​២ ខែសីហា អូស្ត្រាលី​មាន COVID-19 សរុប​ចំនួន ១៧៨៩៥​ករណី អ្នកស្លាប់​មាន​ចំនួន ២០៨​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ១០២០៤​នាក់​៕ 

Tag:
 អូស្ត្រាលី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com