កីឡាជាតិ
ជាតិ
លោក ស សុខា ជំរុញ​ឲ្យ​មន្ទីរអប់រំ​រាជធានី​ខេត្ត តាមដាន​ម៉ោង​សិក្សា​កីឡា​នៅតាម​សាលា​
04, Aug 2020 , 8:09 am        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ស សុខា ជំរុញ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ខេត្ត បង្កើន​ការយកចិត្តទុកដាក់ និង​តាមដាន​ម៉ោង​សិក្សា​កីឡា​តាម​សាលារៀន ក្រែង​មាន​សាលា​ណា​យក​ម៉ោង​នេះ​ទៅ​បង្រៀន​មុខវិជ្ជា​ផ្សេង​។ ការជំរុញ​នេះ​ធ្វើឡើង​ក្រោយ លោក យល់ថា ការលេង​កីឡា​តាម​សាលា​មាន​គុណភាព​ខ្ពស់ជាង​ការលេង​កីឡា​នៅក្រៅ​សាលា​។ ម្យ៉ាងវិញទៀត សាលារៀន ជា​ថ្នាល​បណ្តុះ​ធនធាន​កីឡាករ​កីឡាការិនី ដ៏​សម្បូរបែប និង​មាន​ទេពកោសល្យ​ខ្ពស់​។

 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រើនរំលឹក​ដល់​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​រាជធានី​ខេត្ត ឲ្យ​ចុះ​តាមដាន​ការសិក្សា​ម៉ោង​កីឡា​របស់​សិស្ស​នៅតាម​សាលា​ឲ្យ​បាន​ដិតដល់​។ ការ​ក្រើនរំលឹក​នេះ​ធ្វើឡើង​ក្រោយ លោក បារម្ភ​ពី​ការធ្លាក់ចុះ​គុណភាព​ហ្វឹកហាត់​កីឡា​នៅតាម​សាលា ដែលជា​ប្រភពធនធាន​កីឡាករ​កីឡាការិនី​ដ៏​ធំ​របស់​កម្ពុជា​។ 
 
​មួយវិញទៀត លោក​បារម្ភ​ខ្លាច​សាលា​មួយចំនួន​លុបបំបាត់​ម៉ោង​សិក្សា​កីឡា ឬ​យក​ម៉ោង​នេះ​ដែលមាន​ពីរ​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ទៅ​បង្រៀន​មុខវិជ្ជា​ផ្សេង​។ សម្រាប់​លោក ស សុខា ការហ្វឹកហាត់​កីឡា​នៅតាម​សាលា​ដែលមាន​ក្បួនខ្នាត​ត្រឹមត្រូវ គឺមាន​គុណភាព​ខ្ពស់ជាង​ការលេង ឬ​ហ្វឹកហាត់​នៅក្រៅ​សាលា​។  
 
«​សូម​លោក​ប្រធាន​មន្ទីរ​អនុប្រធាន​មន្ទីរ​មេត្តា​តាមដាន​ឡើងវិញ មិន​ចង់​លួច​ម៉ោង​អ្នកណា​ទេ ម៉ោង​គណិត​ម៉ោង​គណិត ម៉ោង​អក្សរសាស្ត្រ​ម៉ោង​អក្សរសាស្ត្រ ម៉ោង​ភាសា​អង់គ្លេស​ម៉ោង​ភាសា​អង់គ្លេស តែបើ​ម៉ោង​កីឡា​សូម​ផ្តោត​យ៉ាងម៉េច​ពីរ​ម៉ោង​ឲ្យ​បាន​គ្រប់ កុំ​ឲ្យ​គ្រាន់តែ​ដូរ​ខោអាវ​កន្លះ​ម៉ោង បង្រៀន​តែ​១​ម៉ោង​កន្លះ អា​នឹង​វា​មិនអាច​ទៅរួច​ទេ​»​។ ការ​ក្រើនរំលឹក​របស់លោក ស សុខា ធ្វើឡើង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ការប្រមូល​ធាតុ​ចូល​សម្រាប់​តាក់តែង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​វិស័យ​អបរំ​កាយ​និង​កីឡា​។​
 
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​រូបនេះ ជឿជាក់ថា បើ​សាលា​នីមួយៗ​បង្កើន​ការយកចិត្តទុកដាក់ និង​តាមដាន​ម៉ោង​សិក្សា​កីឡា​ឲ្យ​បាន​ដិតដល់​និង​ត្រឹមត្រូវ កម្ពុជា​នឹង​សម្បូរ​ធនធាន​មាន​ទេពកោសល្យ​កាន់តែច្រើន​។ ដ្បិត​លោក​អះអាងថា​សាលារៀន​ជា​ប្រភពធនធាន​ដ៏​សម្បូរបែប​។  
 
​លោក​បាន​បន្ថែមថា​៖«​យើង​មាន​(​ម៉ោង​កីឡា​)​តែ​ពីរ​ម៉ោង​នោះទេ ធ្វើ​យ៉ាងម៉េច​គ្រប់គ្រង​ឲ្យ​បាន កុំ​ឲ្យ​ពីរ​ម៉ោង​នេះ លោកនាយក​មិនសូវ​យកចិត្តទុកដាក់ គ្រូ​ប្រគល់​ម៉ោង​ទៅ​បង្រៀន​គណិត ឬ​ទៅ​បង្រៀន​គួរ ដើម្បី​បាន​ថវិកា​បន្ថែម​។ នេះ​ខ្ញុំ​និយាយ​តែ​ម៉ោង​សិក្សា​ពីរ​ម៉ោង​ទេ ដូច្នេះ​ពីរ​ម៉ោង​មាន​ចំនួន​តិច​ហើយ បើ​អស់ពីរ​ម៉ោង​នឹង​ទៀត​មួយអាទិត្យ​គ្មាន​កីឡា​អី​ទេ មានតែ​កីឡា​ក្រៅ​ម៉ោង​សិក្សា​។ យើង​ដឹង​ហើយ​ថា កីឡា​ក្រៅ​ម៉ោង​សិក្សា​ពុំ​សូវ​ទទួលបាន​លទ្ធផល​ល្អ​ទេ យើង​ចង់​ឲ្យ​លេង​កីឡា​តាមច្បាប់​កីឡា​»៕ 
 
 

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com