ជាតិ
សង្គមជាតិ
រដ្ឋាភិបាល កំពុងព្យាយាមជួយស្ត្រីខ្មែរម្នាក់ ឲ្យរួចផុតពីទោសប្រហារជីវិតនៅវៀតណាម ស្រ្តីខ្មែរឈ្មោះ មៀច ស្រីនាង ស្ថិតក្នុងបន្ទប់សវនាការ ពេលតុលាការវៀតណាម ប្រកាសសាលក្រម នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្តីពីសេចក្តីសម្រេចកាត់ទោសប្រហារជីវិតនាង (រូបពី VNA)
×
ក្រសួងពីររបស់រដ្ឋាភិបាលកម្ពុជា គឺក្រសួងយុត្តិធម៌និងក្រសួងការបរទេស កំពុងតែខ្នះខ្នែងរកផ្លូវជួយស្ត្រីខ្មែរម្នាក់ ធ្វើយ៉ាងណា ឲ្យនាង បានរួចផុតពីទោសប្រហារជីវិត នៅវៀតណាម។ តុលាការវៀតណាម បានកាត់ទោសប្រហារជីវិតនាង ពាក់ព័ន្ធនឹងបទល្មើសនាំចូលគ្រឿងញៀន ទៅវៀតណាម។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ថា មធ្យោបាយទីមួយ គឺរដ្ឋាភិបាលកម្ពុជា អាចនឹងជួយស្ត្រីខ្មែររូបនោះ ប្តឹងទៅសាលាឧទ្ធរណ៍វៀតណាម ប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការជាន់ទាបវៀតណាម ដែលកាត់ទោសប្រហារជីវិតនាង។ លោក អះអាងថា ជាគោលការណ៍ច្បាប់ នាង អាចប្តឹងទៅសាលាឧទ្ធរណ៍បាន។
លោក បន្ថែមថា ក្រសួងយុត្តិធម៌និងក្រសួងការបរទេស ត្រូវការសិក្សាស្រាវជ្រាវលម្អិតអំពីអង្គហេតុជាមុនសិន បន្ទាប់មក ទើបអាចសម្រេចបានថា ត្រូវផ្តល់ជំនួយផ្នែកច្បាប់របៀបម៉េចដល់ស្ត្រីខ្មែររូបនោះ ក្នុងការប្តឹងទៅសាលាឧទ្ធរណ៍។
លោក បន្តថា មធ្យោបាយទីពីរ គឺរដ្ឋាភិបាលកម្ពុជា អាចនឹងពិចារណាសុំចរចាជាមួយវៀតណាម ដើម្បីយកនាង មកផ្តន្ទាទោសនៅកម្ពុជា តាមរយៈសន្ធិសញ្ញាស្តីពីការផ្ទេរទណ្ឌិតរវាងកម្ពុជា-វៀតណាម។ លោក អត្ថាធិប្បាយថា ការផ្ទេរទណ្ឌិត គឺត្រូវផ្អែកលើការចរចាគ្នា ហើយដើម្បីអាចចរចាបាន ទាល់តែភាគីកម្ពុជា ពិនិត្យលើអង្គហេតុនិងអង្គច្បាប់ជាមុនសិន ពាក់ព័ន្ធនឹងបទល្មើសរបស់នាង។
យើង អាចមានសង្ឃឹមខ្លះទេឯកឧត្តម? អ្នកនាំពាក្យរូបនេះ បង្ហាញការប្តេជ្ញារបស់រដ្ឋាភិបាលកម្ពុជា តាមរយៈចម្លើយរបស់ខ្លួន យ៉ាងដូច្នេះថា៖«យើង នឹងប្រឹងប្រែងឲ្យអស់លទ្ធភាពក្នុងការជួយដល់ស្ត្រីរូបហ្នឹង ដោយផ្អែកលើទិដ្ឋភាពច្បាប់ កិច្ចព្រមព្រៀង ដែលមានជាធរមាន [និង] អ្វី ដែលយើងអាចធ្វើបាន»។
សារព័ត៌មានថ្មីៗ មិនអាចសុំព័ត៌មានបន្ថែមពីលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានឡើយ ដោយសារតែលោក មិនលើកទូរស័ព្ទ។
កម្ពុជានិងវៀតណាម ទើបនឹងបានបង្កើតសន្ធិសញ្ញាមួយជាមួយគ្នា គឺសន្ធិសញ្ញាស្តីពីការផ្ទេសទណ្ឌិត ក្នុងអំឡុងខែមីនា ឆ្នាំ២០២០នេះ។ សន្ធិសញ្ញានេះ អាចឲ្យកម្ពុជា ស្នើសុំយកទណ្ឌិតជាជនជាតិខ្មែរ (អ្នកទោស) មកអនុវត្តទោសនៅកម្ពុជា ហើយវៀតណាម ក៏អាចស្នើសុំយកទណ្ឌិតជាជនជាតិខ្លួន ទៅអនុវត្តទោសនៅវៀតណាមវិញដែរ។
កម្ពុជា មិនមានទោសប្រហារជាជីវិតឡើយ។ ដូច្នេះ ការដែលរដ្ឋាភិបាលកម្ពុជា ចង់ស្នើសុំយកស្ត្រីខ្មែរូបនោះ ដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត មកអនុវត្តទោសនៅកម្ពុជា ដោយការជាប់ពន្ធនាគារ គឺជារឿង ដែលគេ ពិបាកប៉ាន់ស្មានថា វៀតណាម អាចយល់ព្រមឬមិនយល់ព្រម។
កាលពីដើមខែមិថុនា ឆ្នាំ២០២០ តុលាការវៀតណាម ទើបនឹងបានកាត់ទោសប្រហារជីវិតពលរដ្ឋខ្លួន៥នាក់ ពីបទនាំគ្រឿងញៀនជិត៣០គីឡូក្រាម ពីឡាវចូលទៅវៀតណាម។
ស្ត្រីខ្មែរ ដែលត្រូវតុលាការវៀតណាម កាត់ទោសប្រហារជីវិត ឈ្មោះ មៀច ស្រីនាង អាយុ២៧ឆ្នាំ។ នាង ត្រូវតុលាការវៀតណាម ប្រកាសសាលក្រមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ អំពីការផ្តន្ទាទោសប្រហារជីវិតលើរូបនាង។ ប៉ូលិសវៀតណាម បានចាប់នាង កាលពីដើមខែធ្នូ ឆ្នាំ២០១៩ ដោយរាយការណ៍ថា ក្នុងខ្លួននាង មានគ្រឿងញៀនជិត៥គីឡូក្រាម៕
Tag:
វៀតណាមកាត់ទោសប្រហារជីវិតស្រី្តខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com