COVID-19
ជាតិ
សេដ្ឋកិច្ច
​ទោះ​កូ​វីដ​-១៩ តែ​៧ខែ​ដំបូង ការនាំចេញ​អង្ករ​កើន​ជាង​៣៨​ភាគរយ បើ​ធៀប​ពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​
03, Aug 2020 , 9:39 pm        
រូបភាព
បុរស​ម្នាក់ដឹកអង្ករ​នៅ​លើ​ផ្លូវមួយក្នុងរាជធានីភ្នំពេញ។ រូបថត AFP
បុរស​ម្នាក់ដឹកអង្ករ​នៅ​លើ​ផ្លូវមួយក្នុងរាជធានីភ្នំពេញ។ រូបថត AFP
​ភ្នំពេញ​៖   កម្ពុជា​នាំចេញ​អង្ករ​បាន​រហូត ៤២៦,០៧៣​តោន ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០២០​។ ចំនួន​នេះ គឺ​បាន​កើនឡើង​ជាង​៣៨​ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ស្ថាន​ភាព​នៃ​ការនាំចេញ​អង្ករ​កម្ពុជា​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​ក្នុងចំណោម​អង្ករ​ដែល​កម្ពុជា​នាំចេញ​បាន​ជាង​៤២​ម៉ឺន​តោន​ខាងលើនេះ មាន​១៥៥,៣២៧​តោន ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​, មាន​១៤៤,២៤៧​តោន ទៅកាន់​ទីផ្សារ​អឺរ៉ុប​, មាន​ជាង​៥៧​តោន ទៅ​ទីផ្សារ​តំបន់​អាស៊ាន និង​ប្រមាណ​៧០​តោន​ទៀត ទៅ​ទីផ្សារ​ក្នុងប្រទេស​គោលដៅ​ផ្សេងៗ​។​
 
​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល​៧​ខែ​មកនេះ មាន ប្រទេស​ចំនួន​៥៧ បាន​បញ្ជា​ទិញ​អង្ករ​ពី​កម្ពុជា​។ លោក​លើកឡើងថា​៖ «​ការនាំចេញ​អង្ករ​កម្ពុជា​រយៈពេល ៧​ខែ​ដើម​ឆ្នាំនេះ​ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៩ មាន​កំណើន​គោលដៅ​ទាំងអស់ ដោយ​អឺរ៉ុប​កើន ៣៧,៧ ភាគរយ ប្រទេស​ចិន កើន​២៥,៩១​ភាគរយ បណ្តា​ប្រទេស​អាស៊ាន​កើន ៤៤,០៣​ភាគរយ និង​គោលដៅ​ផ្សេងទៀត​កើន ៧២,៤០ ភាគរយ​»​។​
 
​ទន្ទឹមនឹង​កំណើន​នាំចេញ​អង្ករ​នេះ កម្ពុជា​ក៏បាន​នាំចេញ​ស្រូវ​តាម​ច្រក​បណ្តា​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​វៀតណាម មាន​ចំនួន​ជាង ១,១​លាន​តោន ផងដែរ​។ នេះ​បើ​យោង​របាយការណ៍​របស់​លោក វេ​ង សាខុន​។ 
 
​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្លាប់​អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កម្ពុជា​នឹង​អាច​នាំចេញ​អង្ករ​បាន​យ៉ាងតិច​៨០​ម៉ឺន​តោន នៅ​បំណាច់​២០២០ ហើយ​ឈាន​សម្រេច​គោលដៅ​ក្នុង​ការនាំ​អង្ករ​ឱ្យបាន​១​លាន​តោន នៅ​ឆ្នាំ​២០២១៕ 
 

Tag:
 កសិកម្ម​
  អង្ករ​
© រក្សាសិទ្ធិដោយ thmeythmey.com