COVID-19
អន្តរជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា ឆ្លង COVID-19 ខណៈ​ទូទាំងប្រទេស​មាន​ជាង ១,៨​លាន​ករណី​
03, Aug 2020 , 5:00 pm        
រូបភាព
រដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា លោក Amit Shah។ រូបភាព៖ Anadolu Agency
រដ្ឋមន្រ្តីមហាផ្ទៃឥណ្ឌា លោក Amit Shah។ រូបភាព៖ Anadolu Agency
​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា លោក​Amit Shah នៅ​ថ្ងៃទី​២ ខែសីហា បាន​អះអាងថា លោក​មាន​ផ្ទុក COVID-19 និង​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ព្យាបាល​។ លោក Shah ស្ថិតក្នុង​ចំណោម​ប្រជាជន​ឥណ្ឌា​ក​ចំនួន​ជាង​១,៨​លាន​នាក់​ផ្សេងទៀត ដែល​ឆ្លង COVID-19 ។

 
​នៅលើ​បណ្តាញ​សង្គម Twitter លោក Amit Shah រដ្ឋមន្ត្រី​មហាផ្ទៃ​ដែល​ឆ្លង COVID-19 បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ស្នើ​ឲ្យ​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយនេះ ដាក់​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត​»​។ លោក​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​បន្ថែមថា លោក​បាន​ឲ្យ​គេ​តេស្ត​រក​COVID-19 បន្ទាប់ពី​ចេញ​រោគសញ្ញា និង​រកឃើញ​មាន​ផ្ទុក​កូ​រ៉ូ​ណាវី​រុស​។​ពេលនេះ សុខភាព​របស់លោករ​ដ្ឋ​មន្ត្រី មិនមាន​បញ្ហា​អ្វី​ទេ និង​កំពុងស្នាក់នៅ​មន្ទីរពេទ្យ ដើម្បី​ទទួល​ការព្យាបាល​។ 
 
​លោក Shah គឺជា​មនុស្ស​ជំនិត​របស់​លោកនាយក​រដ្ឋមន្ត្រី​ឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី  ហើយ​លោក​ក៏​ជា​អ្នកទទួលបន្ទុក​ការគ្រប់គ្រង និង​ប្រយុទ្ធប្រឆាំង COVID-19 មួយរូប​ដែរ​។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មិនអាច​បញ្ជាក់​បានទេ ថា​តើ​លោក​រដ្ឋមន្ត្រី​មហាផ្ទៃ បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ចុងក្រោយ​នៅពេលណា​នោះ​។ 
 
​ករណី​ឆ្លង​លើ​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា​រូបនេះ កើតឡើង​ស្របពេល​ឥណ្ឌា ដែល​ឈរ​នៅ​លំដាប់​ទី​៣ នៃ​ប្រទេស​មាន COVID-19 ច្រើនជាង បាន​កើនឡើង​ករណី​ឆ្លង​សរុប​ដល់​ជាង ១,៨​លាន​ករណី និង​អ្នកស្លាប់ ៣៨១៦១​នាក់​។ គិត​ចាប់ពី​ថ្ងៃទី​២៩ ខែកក្កដា​កន្លងមក ឥណ្ឌា​មាន​ករណី​ឆ្លង​កូ​រ៉ូ​ណាវី​រុស​ប្រចាំថ្ងៃ​លើសពី ៥​ម៉ឺន​ករណី​។ នៅ​ថ្ងៃទី​២ ខែសីហា ឥណ្ឌា​មាន​ករណី​ឆ្លង COVID-19 ចំនួន ៥២៧៨៣​ករណី និង​អ្នកស្លាប់​ចំនួន ៧៥៨​នាក់​។ 
 
​សូមបញ្ជាក់ថា ក្រៅពី​រដ្ឋមន្ត្រី​មហាផ្ទៃ​ឥណ្ឌា នៅមាន​មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​ផ្សេងទៀត ក៏​ឆ្លង COVID-19 ដែរ ក្នុងនោះ​មានដូចជា នាយករដ្ឋមន្ត្រី​នៃ​រដ្ឋ Karnataka  លោក B S Yediyurappa និង​អភិបាលរដ្ឋ Tamil Nadu លោក Banwarilal Purohit ។ រដ្ឋ​ទាំងពីរ​នេះ គឺ​ស្ថិតនៅ​ភាគខាងត្បូង​របស់​ឥណ្ឌា​៕

Tag:
 ​ឥណ្ឌា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com