កីឡាជាតិ
ជាតិ
សហព័ន្ធ អាច​ប្រឈម​ការដក​ចេញពី​ស៊ី​ហ្គេម បើ​គ្មាន​មន្ត្រី​បច្ចេកទេស​គ្រប់គ្រាន់​
03, Aug 2020 , 11:39 pm        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
ដោយ:
​មកទល់ពេលនេះ មាន​សហព័ន្ធ​កីឡា​ជាតិប្រមាណ​៥​ប៉ុណ្ណោះ​ក្នុងចំណោម​ជាង​៤០​សហព័ន្ធ ដែល​បានរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ឆ្ពោះទៅ​ប្រជែង​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ នេះ​បើតាម​ការអះអាង​របស់​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ព្រមាន​ថា សហព័ន្ធ​កីឡា​ជាតិ​អាច​ប្រឈម​ការដក​បេក្ខភាព​ពី​ស៊ី​ហ្គេម បើ​ពុំមាន​ធនធាន​មន្ត្រី​បច្ចេកទេស​គ្រប់គ្រាន់​។

 
​សហព័ន្ធ​កីឡា​ជាតិ​នីមួយៗ អាច​ប្រឈម​នឹង​ការដក​បេក្ខភាព​ចេញពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ បើ​ពុំមាន​លក្ខណៈសម្បត្តិ និង​គ្មាន​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម​គ្រប់គ្រាន់ ដើម្បី​រៀបចំ​និង​ចូលរួម​កាត់ក្តី​។ នេះ​ជា​អះអាង​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​ជំរុញ​ឲ្យ​សហព័ន្ធ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​និង​គិតគូ​លើ​ការបណ្តុះបណ្តាល​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម​នេះ​។  
 
​ការជំរុញ​នេះ​ធ្វើឡើង​ក្រោយ លោក សង្កេតឃើញថា នៅមាន​សហព័ន្ធ​កីឡា​ជាតិ​ខ្លះ​មាន​មន្ត្រី​បច្ចេកទេស​អាជ្ញាកណ្តាល​ចៅក្រម​តែ​ពីរ​បី​រូប​ប៉ុណ្ណោះ ហើយ​មាន​វ័យ​ចំណាស់​ទៀតផង​។ ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ឈ្មោះ​សហព័ន្ធ​ទាំងនោះ​ឡើយ​។ 
 
«​ខ្ញុំ​សូម​ទទូច​ដល់​សហព័ន្ធ​ទាំងអស់ មេត្តា​ពិនិត្យ​ពិចារណា​ក្នុងការ​គ្រប់គ្រង និង​ស្វែងយល់​បន្ថែម​លើ​ក្រុមបច្ចេកទេស មាន​អាជ្ញាកណ្តាល ចៅក្រម ព្រោះ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ សហព័ន្ធ​នីមួយៗ​មាន​តួនាទី​ផ្តល់​អាជ្ញាកណ្តាល​ឲ្យ​សហព័ន្ធ​អន្តរជាតិ ដូច្នេះ​សហព័ន្ធ​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​ក្នុងការ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​។ ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ការងារ​បច្ចេកទេស​មា​ន​សារសំខាន់ ព្រោះ​បើ​យើង​ពុំមាន​មន្ត្រី​អាជ្ញាកណ្តាល​គ្រប់គ្រាន់​ឲ្យ​គេ​ទេ គេ​អាច​នឹង​ដក​វិញ្ញាសា​ចេញពី​យើង​មិន​ឲ្យ​ប្រកួត​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា​។ 
 
​ទន្ទឹមនឹង​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ខិតខំ​បណ្តុះបណ្តាល​ធនធាន​អាជ្ញាកណ្តាល​ចៅក្រម ក៏ដូចជា​កីឡាករ​កីឡាការិនី លោក ស សុខា ទទូច​ឲ្យ​សហព័ន្ធ​ទាំងអស់​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឲ្យ​បានជា​ក់លាក់​ក្នុង​ដំណើរ​ឆ្ពោះទៅរក​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ លោក អះអាងថា មកទល់ពេលនេះ​មាន​សហព័ន្ធ​តិចតួច​ប៉ុណ្ណោះ ដែល​បានធ្វើ​ផែនការ​ជាក់លាក់ ដាក់​ឲ្យ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ 
 
​រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​រូបនេះ ជឿជាក់ថា បើ​សហព័ន្ធ​នីមួយៗ​មិន​រៀបចំ​ផែនការមេ​របស់ខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ទេ ពួកគេ​នឹង​ប្រឈម​នឹង​ការបរាជ័យ​ខ្ពស់ជាង​ជោគជ័យ​។ ដ្បិត​ការធ្វើការ​ផែនការ​ជាក់លាក់ ជា​ផែនទី​បង្ហាញផ្លូវ និង​ជា​ម៉ែត្រ​វាស់ ដែល​អាចធ្វើ​ឲ្យ​សហព័ន្ធ​នីមួយៗ​ដឹង​ពី​សមត្ថភាព​ខ្លួន​ស្ថិតក្នុង​កម្រិតណា​។  
 
«​សហព័ន្ធ​នីមួយៗ​មកដល់​ម៉ោង​នេះ​ខ្ញុំ​គិតថា មាន​៤, ៥​ទេ ដែល​បានធ្វើ​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ដែលមាន​សក្តានុពល​ក្នុងការ​ឆ្ពោះទៅរក​មេដាយ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បានច្បាស់លាស់​។ ខ្ញុំ​គិតថា នេះ​ជាកា​រៀបចំ​ម៉ែត្រ​វាស់​ខ្លួនឯង​មួយ បើ​យើង​មិនចេះ​សរសេរ​ម៉ែត្រ​វាស់​ខ្លួនឯង​ទេ ខ្ញុំ​គិតថា នេះ​ជា​បញ្ហា​ប្រឈម​ធំ​ក្នុងការ​នាំទៅរក​បរាជ័យ និង​ការកសាង​ផ្លូវ​ទៅ​ឆ្នាំ​២០២៣»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស សុខា ដែល​ទាមទារ​ឲ្យ​សហព័ន្ធ​នីមួយៗ​រៀបចំ​របាយការណ៍​ស​កម្ម​ភាព និង​ហិរញ្ញវត្ថុ​ឲ្យ​បានច្បាស់លាស់ ដ្បិត​កន្លងមក​សហព័ន្ធ ពុំទាន់​ធ្វើបាន​ល្អ​នោះទេ​ពាក់ព័ន្ធ​បញ្ហា​នេះ​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ លោក ស សុខា ព្រមាន​កាត់ផ្តាច់​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ពី​សហព័ន្ធ បើ​ពុំមាន​របាយការណ៍​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​ផែនការ​សកម្មភាព និង​របាយការណ៍​ចំណាយ​ចំណូល​។ លោក ក៏​ព្រមាន​មិន​បើកប្រាក់​ឧបត្ថម្ភ​ប្រចាំឆ្នាំ​ដល់​សហព័ន្ធ ដែល​ប្រើប្រាស់​គណនេយ្យ​ធនាគារ​លក្ខណៈ​បុគ្គល​ឯកជន​ផងដែរ​៕ 
 
 

Tag:
 ស សុខា​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com