COVID-19
ជាតិ
សុខភាព
COVID-19៖ កម្ពុជារកឃើញ១ករណីថ្មី លើមន្ត្រីជាន់ខ្ពស់ស្ថានទូតអាមេរិក
04, Aug 2020 , 8:49 am        
រូបភាព
នាព្រឹកថ្ងៃទី៤សីហានេះ ក្រសួងសុខាភិបាលប្រកាសរកឃើញ១ករណីថ្មីនៃជំងឺកូវីដ-១៩ លើបុរសជនជាតិអាមេរិក ដែលជាមន្រី្តជាន់ខ្ពស់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា  មន្ត្រីដែលឆ្លងកូវីដ-១៩  គឺបានធ្វើតេស្តលើកទី៣ នាថ្ងៃទី១៥នៃការធ្វើចត្តាឡីស័ក ដោយលទ្ធផលបង្ហាញវិជ្ជមាន។



ក្នុង​ថ្ងៃ​ជាមួយគ្នានេះ ក្រសួង​ក៏បាន​ប្រកាសថា មាន​បុរស​ខ្មែរ​២​នាក់ មកពី​ប្រទេស​រុស្ស៊ី និង​បុរស​ជនជាតិ​អាមេរិក​១​នាក់ មកពី​ប្រទេស​អាមេរិក បានជា​សះស្បើយ ពី​ជំងឺ​កូ​វីដ​-១៩ នេះ​ផងដែរ​។ សម្រាប់​បុរស​ជនជាតិ​អាមេរិក​ដែល​បាន​សះស្បើយ​ពី​កូ​វីដ​-១៩​នោះ គឺជា​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ដែល​កាន់​វី​សា​ប្រភេទ A មាន​អា​ស័​យ​ដ្ឋាននៅ​រាជធានី​ភ្នំពេញ​។ 
 
​រីឯ​បុរស​ខ្មែរ​ដែលជា​សះស្បើយ​ពីនេះ មាន វ័យ​២៥​ឆ្នាំ ដែលមាន​អាស័យដ្ឋាន​នៅ​សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហនុ និង​បុរស​វ័យ​២៧​ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​
 
​គិត​ត្រឹម​ថ្ងៃទី​៤​សីហា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​២៤១​នាក់ ដោយ​ក្នុងនោះ មាន​២០០​នាក់ បានជា​សះស្បើយ ខណៈ​៤១​នាក់​ទៀត ដែល​កំពុង​សម្រាក​ព្យាបាល​៕​

© រក្សាសិទ្ធិដោយ thmeythmey.com