សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ត្រាំ ទុកពេល​៦​សប្ដាហ៍​ឲ្យ TikTok លក់​ប្រតិបត្តិការ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​
04, Aug 2020 , 11:53 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៤ ខែសីហា បានប្រកាស​ទុកពេល​៦​សប្ដាហ៍​ឲ្យ​កម្មវិធី​វីដេអូ​ខ្លី​ដ៏​មាន​ប្រជាប្រិយ TikTok ក្នុង​ការលក់​ប្រតិបត្តិការ​របស់ខ្លួន​នៅ​អាមេរិក​ទៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំ Microsoft ជា​អ្នក​ចាប់អារម្មណ៍​លើ​ការទិញ​ប្រតិបត្តិការ​នេះ​។ ផុត​៦​សប្ដាហ៍​ហើយ​មិនទាន់មាន​ការទិញ​លក់​អ្វី​នោះ លោក ត្រាំ បញ្ជាក់ថា TikTok លែង​មាននៅ​អាមេរិក​ទៀតហើយ​។ លើសពីនោះ លោក ត្រាំ ចង់បាន​ចំណែក​ខ្លះ​ពី​ការទិញ​លក់​នេះ​ចូល​ឃ្លាំង​រដ្ឋ​ដែរ​។​

 
​សម្ពាធ​កាន់តែខ្លាំង​ធ្លាក់​លើ​ក្រុមហ៊ុន ByteDance ដែលជា​ម្ចាស់​កម្មវិធី​ទូរ​សព្ទ TikTok ដ៏​មាន​ប្រជាប្រិយ​នៅ​ទូទាំង​ពិភពលោក​។ ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​គំរាម​ជាថ្មី​ឲ្យ​ក្រុមហ៊ុន​ចិន​មួយ​នេះ​លក់​ប្រតិបត្តិការ​នៅ​ទឹកដី​អាមេរិក​ឲ្យ​ក្រុមហ៊ុន​របស់​អាមេរិក ដោយ​ពួកគេ​មាន​ពេល​ដល់​ពាក់កណ្ដាល​ខែកញ្ញា​ដើម្បី​បញ្ចប់​កុងត្រា​ទិញ​លក់​ណាមួយ បើ​មិន​ដូច្នោះ​ទេ គឺ​មិនអាច​ដំណើរការ​នៅ​ទឹកដី​អាមេរិក​បាន​ទៀតឡើយ​។​
 
«​វា​ត្រូវតែ​ជា​ក្រុមហ៊ុន​អាមេរិក​។ វា​ត្រូវតែ​កាន់កាប់​ដោយ​អ្នក​នៅទីនេះ​។ យើង​មិន​ចង់​មាន​បញ្ហា​សន្តិសុខ​ឡើយ​។​» លោក ត្រាំ និយាយ​បែបនេះ​នៅ​ថ្ងៃទី​៣ ខែសីហា ដែលជា​ការលើក​ឡើងជា​ថ្មី​ក្ដីបារម្ភ​របស់​រដ្ឋបាល​លោក​ពាក់ព័ន្ធ​កម្មវិធី​របស់​ក្រុមហ៊ុន​ចិន​មួយ​នេះ​។ មន្ត្រី​អាមេរិក​បាន​ព្រមាន​មិន​ដាច់​ពី​មាត់​ពី​លទ្ធភាព​ដែល​ទិន្នន័យ​អ្នកប្រើប្រាស់​អាមេរិក​រាប់​លាន​នាក់ អាច​ធ្លាក់​ដល់ដៃ​រដ្ឋាភិបាល​ចិន ដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​សម្រាប់​សន្តិសុខ​អាមេរិក​។​
 
​មេដឹកនាំ​អាមេរិក បញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft ស្ថិតក្នុង​ចរចា​ដើម្បី​ទិញ TikTok នៅ​អាមេរិក ហើយ​លោក​ទុកពេល​ដល់​ថ្ងៃទី​១៥ ខែកញ្ញា​សម្រាប់​ការបញ្ចប់​កិច្ចព្រមព្រៀង​ទិញ​លក់​រវាង​ក្រុមហ៊ុន​អាមេរិក និង ByteDance ។ លោក ត្រាំ ព្រមាន​ថា បើ​ផុត​ឱសានវាទ​នេះ TikTok ត្រូវ​ខ្ទាត​ចេញពី​ទីផ្សារ​អាមេរិក​។​
 
​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ លោក ត្រាំ ក៏​ឆ្លៀត​ដាក់​លក្ខខណ្ឌ​មួយទៀត គឺ​ក្រសួង​រតនាគារ​អាមេរិក ត្រូវបាន​ចំណែក​មួយ​ភាគ​នៃ​ការទិញ​លក់​នេះដែរ ព្រោះ​ជា​អ្នក​ដែល​ផ្ដើមគំនិត​។ បើតាម​លោក ត្រាំ បើ​រដ្ឋាភិបាល​លោក​មិន​បើកផ្លូវ​ឲ្យ​ទេនោះ ការទិញ​លក់​នេះ ក៏​មិនអាច​កើតមាន​ដែរ ដូចនេះ​ក៏ត្រូវ​មាន​ចំណែក​ពី​ការលក់​នេះដែរ​។ 
 
​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ឯណោះ ក៏បាន​ប្រតិកម្ម​នឹង​រឿង​នេះដែរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Wang Wenbin នៅ​ថ្ងៃទី​៣ ខែកក្កដា បាន​ហៅ​ទីក្រុង​វ៉ាស៊ីនតោន​ថា លាក់ពុត ហើយ​កំពុង​បំពាន​គោលការណ៍​សន្តិសុខ​ជាតិ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ លោក Wang លើកឡើងថា អ្វីដែល​អាមេរិក​ធ្វើ គឺ​ផ្ទុយ​ពី​គោលការណ៍​សេដ្ឋកិច្ច​ទីផ្សារ បង្ហាញ​ពី​ការ​លាក់ពុត និង​ស្តង់ដារ​ពីរ​ជាន់​នូវ​អ្វីដែល​ខ្លួន​ធ្លាប់​ហៅថា សេរីភាព និង​យុត្តិធម៌​៕
  
 
 

Tag:
 អាមេរិក​
  TikTok
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com