កីឡាជាតិ
ជាតិ
សហព័ន្ធ​កីឡា​ដែល​គ្មាន​របាយការណ៍​ហិរញ្ញវត្ថុ​ច្បាស់លាស់ ប្រឈម​ដាច់​ជំនួយ​
04, Aug 2020 , 8:29 pm        
រូបភាព
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីហ្វេសប៊ុក Sar Sokha
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីហ្វេសប៊ុក Sar Sokha
ដោយ:
​សហព័ន្ធ​កីឡា​ជាតិ​ដែល​គ្មាន​ការរៀបចំ​របាយការណ៍​សកម្មភាព និង​ហិរញ្ញវត្ថុ​ច្បាស់លាស់ អាច​ប្រឈម​នឹង​ការ​កាត់​ផ្តាច់ជំនួយ​ថវិកា​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ នេះ​ជាការ​ព្រមាន​របស់លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​កត់សម្គាល់​ឃើញថា មាន​សហព័ន្ធ​តិចតួច​ប៉ុណ្ណោះ​ក្នុងចំណោម​ជាង​៤០​សហព័ន្ធ ដែល​បានរៀបចំ​របាយការណ៍​ជាក់លាក់​។

 
​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កាលពីពេល​កន្លង​ទៅបាន​ធ្វើកំណែទម្រង់​ការប្រើប្រាស់​ថវិការ​ជាតិ តាមរយៈ​ផ្លាស់ប្តូរ​ពី​ការគ្រប់គ្រង​របស់​ក្រសួង ដោយ​ទម្លាក់​ថវិកា​ឲ្យ​សហព័ន្ធ​ជាតិ​ជា​អ្នកចាត់ចែង​ទាំង​លើ​ការរៀបចំ​ការប្រកួត​ថ្នាក់ជាតិ និង​វគ្គ​បណ្តុះបណ្តាល​ផ្សេងៗ​។ ទោះបី​យ៉ាងនេះ​ក្តី ក្រសួង តម្រូវ​ឲ្យ​សហព័ន្ធ​ជាតិ​រៀបចំ​របាយការណ៍​សក​ម្ម​ភាព និង​ហិរញ្ញវត្ថុ​ឲ្យ​បានច្បាស់លាស់ ដើម្បី​ងាយស្រួល​ដល់​ខ្លួន​ធ្វើ​របាយការណ៍​ដាក់​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។ 
 
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​អះអាងថា មក​ទាល់​ពេលនេះ​មាន​សហព័ន្ធ​តិចតួច​ប៉ុណ្ណោះ ដែល​បានធ្វើ​របាយការណ៍​ជាក់លាក់​ដាក់​មក​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ ប៉ុន្តែ លោក មិនបាន​បញ្ជាក់​លម្អិត​ពី​ចំនួន និង​សហព័ន្ធ ដែល​បានធ្វើ​របាយការណ៍​ទាំង​នោះឡើយ​។ 
 
​ជុំវិញ​បញ្ហា​ការធ្វើ​របាយការណ៍​នេះ​លោក ស សុខា ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បង្កើត​ការយកចិត្តទុកដាក់ និង​ធ្វើ​របាយការណ៍​សកម្មភាព​និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹមត្រូវ បើ​មិន​ចង់​រង​ការផាកពិន័យ​។ លោក អះអាងថា លោក​នឹង​ពិចារណា​ក្នុងការ​ផ្អាក ឬ​កាត់បន្ថយ​ការផ្តល់​ជំនួយ​ថវិកា ដល់​សហព័ន្ធ​ដែល​ពុំបាន​រៀបចំ​របាយការណ៍​ជាក់លាក់​ដាក់​មក​ក្រសួង​។​
 
​នៅ​ចំពោះមុខ​ថ្នាក់ដឹកនាំ​សហព័ន្ធ​លោក ស សុខា បានលើកឡើង​ដូច្នេះ​ថា​៖«​មកដល់​ម៉ោង​នេះ​លើ​៤០​ជាង​សហព័ន្ធ​ដែល​យើង​បាន​ឧបត្ថម្ភ​មាន​សហព័ន្ធ​តិច​ណាស់ ដែល​បានធ្វើ​(​របាយការណ៍​ហិរញ្ញវត្ថុ​) ខ្ញុំ​សូម​ទទូច​ដល់​សហព័ន្ធ បើ​មិន​ធ្វើ​ទេ ខ្ញុំ​មិនដឹងថា​យើង​គួរ​ដាក់ទុន​ជាមួយគ្នា​ទៀត​អត់ គួរ​កាត់បន្ថយ ឬមួយ​យ៉ាងម៉េច​? ព្រោះ​ឧបត្ថម្ភ​ក្នុង​១​ឆ្នាំៗ​រាប់រយ​លាន ប៉ុន្តែ​មិនដឹងថា​ការដាក់ទុន​នឹង​ទៅដល់​ណា ដូច​ចាក់ទឹក​លើ​ខ្សាច់ ដាក់​ទៅ​រលាយបាត់ៗ​»​។​
 
​ការ​ដាស់តឿន និង​ព្រមាន​របស់​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ​រូបនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការទទួលខុសត្រូវ​ដល់​សហព័ន្ធ ក៏ដូចជា​ធ្វើ​ឲ្យ​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​កីឡា​កាន់​តែមាន​ភាពត្រឹមត្រូវ និង​រីកចម្រើន​ថែមទៀត​។ ជាពិសេស​ក្រសួង​ចង់ដឹង​ពី​ការប្រើប្រាស់​ថវិកា​របស់​សហព័ន្ធ ត្រូវ​តាម​គោលដៅ និង​មាន​ភាពត្រឹមត្រូវ​ឬ​អត់​?
 
​ថ្នាក់ដឹកនាំ​រូបនេះ សង្កេតឃើញថា សហព័ន្ធ​មួយចំនួន​នៅតែ​មិនទាន់​យល់​អ្វី​ទៅជា​ប្រាក់ឧបត្ថម្ភ និង​អ្វី​ទៅជា​ប្រាក់ខែ ដោយ​ពួកគេ​យល់ថា ថវិកា​ដែល​ក្រសួង​អប់រំ​ឧបត្ថម្ភ​ជា​រៀងរាល់ខែ​ដល់​ក្រុម​កីឡាករ​យុវជន​ថ្នាល និង​ក្រុម​ជម្រើសជាតិ​ជា​ប្រាក់ខែ​។ លោក​អះអាងថា ថវិកា​ដែល​ក្រសួង​ផ្តល់​ឲ្យ​ក្រុម​កីឡាករ គ្រូបង្វឹក និង​គ្រូ​ជំនួយ​ក្នុងអំឡុងពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​ជម្រើសជាតិ​មិនមែនជា​ប្រាក់ខែ​នោះទេ តែ​វា​ជា​ប្រាក់ឧបត្ថម្ភ​។  
 
​ជាមួយគ្នានេះ រដ្ឋលេខាធិការ​រូបនេះ ក៏បាន​ជំរុញ​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាក់លាក់​ក្នុង​ដំណើរ​ឆ្ពោះទៅ​ដណ្តើម​មេដាយ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។ លោក​បាន​បន្ថែមថា បច្ចុប្បន្ន​មាន​សហព័ន្ធ​ប្រមាណ​៤​ទៅ​៥​ប៉ុណ្ណោះ ដែល​បានធ្វើ​ផែនការមេ ដាក់​មក​ក្រសួង​អប់រំ​យុវជន​និង​កីឡា​៕  
 
 
 
 
 

Tag:
 ស សុខា​
  ក្រសួង​អប់រំ​យុវជន​និង​កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com