ជាតិ
សួនស្នេហ៍ជនបទ ទីលំហែចុងសប្តាហ៍ដ៏ពេញនិយមនៅបន្ទាយមានជ័យ
× តំបន់ទេសចរណ៍ធម្មជាតិកែច្នៃ «សួន ស្នេហ៍ជនបទ» ស្ថិតនៅក្នុងភូមិកូនខ្លា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ។ សួន ស្នេហ៍ជនបទ គឺជាទីកន្លែងសម្រាកលំហែកាយនាថ្ងៃចុងសប្ដាហ៍ដ៏ពេញនិយម របស់ប្រជាពលរដ្ឋមកពីគ្រប់ទិសទី។ នេះបើតាមលោក ប៊ុន សុង អ្នកគ្រប់គ្រងទូទៅ របស់រមណីយដា្ននកែច្នៃ សួន ស្នេហ៍ជនបទ។
លោក ប៊ុន សុង បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា៖«ជាមធ្យមមានភ្ញៀវទេសចរប្រមាណ១០០នាក់ ទៅ២០០នាក់ បានមកលេងកម្សាន្តនៅទីនេះចំពោះថ្ងៃធម្មតា។ចំណែកឯនៅថ្ងៃចុងសប្ដាហ៍វិញ អាចនឹងមានចំនួនច្រើនជាងនេះទ្វេដង។»
លោកបានបន្តទៀតថា ភ្ញៀវភាគច្រើន ជាអ្នកមកពីបណ្ដាខេត្តឆ្ងាយៗ និងមិនសូវមានភ្ញៀវបរទេសនោះទេ។ ប៉ុន្តែមុនពេលកូវីដ-១៩មកដល់ សួនស្នេហ៍ជនបទ ធ្លាប់មានជនបរទេសមកលេងកម្សាន្តច្រើន មិនចាញ់ភ្ញៀវខ្មែរនោះឡើយ។
ក្រៅតែពីសម្រស់ដ៏ស្រស់ត្រកាល ទេសភាពល្អត្រជាក់ភ្នែក សួននេះមានផ្ដល់សេវាកម្មច្រើនប្រភេទដល់ភ្ញៀវទេសចរដូចជា សេវាកម្មចំណីអាហារ ទីកន្លែងកម្សាន្តសម្រាប់កុមារ ហើយអ្វីដែលជាការចាប់អារម្មណ៍បំផុតនោះ គឺការផ្ដល់សេវាកម្មថត Pre-wedding សម្រាប់គូស្នេហ៍ទៀតផង។
បើតាមក្រសួងទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ មានតំបន់ទេសចរណ៍ច្រើនប្រភេទ រួមមាន តំបន់ទេសចរណ៍ធម្មជាតិបែបកែច្នៃ និងតំបន់ទេសចរណ៍បែបប្រវត្តិសាស្ត្រ ក្នុងនោះ ប្រាសាទបន្ទាយឆ្មា បារាយណ៍បុណ្យ និងអាងជើងគ្រុសដែលជាតំបន់មានសក្ដានុពលជាងគេក្នុងខេត្តនេះ៕
Tag:
Gianni Infantino
FIFA
© រក្សាសិទ្ធិដោយ thmeythmey.com