ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី សណ្ដាប់ធ្នាប់សាធារណៈ ដែលរដ្ឋាភិបាលកំពុងរៀបចំនោះ បានកំណត់ឱ្យឈរជួបជុំគ្នាតែ២នាក់ប៉ុណ្ណោះ នៅក្នុងរង្វង់១,២០ម៉ែត្រក្រឡា នៅក្នុងព្រឹត្តិការណ៍អ្វីមួយ ដែលមានការអនុញ្ញាតពីអាជ្ញាធរ។ សង្គមស៊ីវិល បារម្ភថា ច្បាប់នេះ អាចជាការរឹតត្បិតសិទ្ធិជួបជុំ និងបញ្ចេញមតិរបស់ពលរដ្ឋ។
លោក អ៊ុក គឹមលេខ ដែលដឹកនាំរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ បានអះអាងថា ការកំណត់ឱ្យមនុស្សត្រឹមតែ២នាក់ ឈរនៅក្នុងចន្លោះជាង១ម៉ែត្រក្រឡានេះ គឺដើម្បីរក្សាគម្លាតសង្គម និងដើម្បីរៀបចំសណ្ដាប់ នៃការជួបជុំ កុំឱ្យមានបញ្ហា ឬគ្រោះថ្នាក់ណាមួយ ដែលអាចកើតឡើងជាយថាហេតុ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ចន្លោះជាង១ម៉ែត្រនេះ គឺយើងចង់ឱ្យពួកគេឈរនៅឃ្លាតពីគ្នា កុំឱ្យនៅឈរប្រមូលផ្ដុំប្រជ្រៀតគ្នា ព្រោះយើងមានឧទាហរណ៍ ដូចជាករណីរត់ជាន់គ្នានៅកោះពេជ្រហើយ ដោយសារការប្រជ្រៀតគ្នា»។
ជំពូកទី៥ ត្រង់មាត្រា៣៣ នៃសេចក្តីព្រាងច្បាប់ពីសណ្ដាប់ធ្នាប់សាធារណៈ បានចែងថា ការរៀបចំព្រឹត្តិការណ៍ ត្រូវចាត់តាំងឱ្យមានអ្នកគ្រប់គ្រង ឬអ្នកទទួលខុសត្រូវ។ អ្នកគ្រប់គ្រង និងអ្នកទទួលខុសត្រូវ ដែលមានមនុស្សជួបជុំ ត្រូវកំណត់បរិមាណមិនលើសពីចំនួន២នាក់ ក្នុង១,២០ម៉ែត្រក្រឡា។
ដោយឡែកមាត្រា ៣០វិញ បានចែងថា ការរៀបចំព្រឹត្តិការណ៍ ដូចជា ពិធីសម្ដែងសិល្បៈ កីឡា ពិធីបុណ្យ ពិធីរៀបអាពាហ៍ពិពាហ៍ ខួបកំណើត សកម្មភាពវប្បធម៌ ពិធីតាំងពិព័រណ៌ជាអាទិ៍ នៅលើដងផ្លូវឬនៅទីសាធារណៈ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ដ្បិតក្នុងមាត្រាទាំងនេះ មិននិយាយពីរឿងការប្រមូលផ្ដុំតវ៉ាក្តី ក៏សង្គមស៊ីវិល នៅបារម្ភថា ច្បាប់នេះ អាចជាការរឹតត្បិតសិទ្ធិជួបជុំ និងបញ្ចេញមតិរបស់ពលរដ្ឋ។ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យនៃសមាគមសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា យល់ឃើញថា ការតាក់តែងអ្វីមួយ ភាគច្រើនអាចស្ថិតនៅក្នុងគោលបំណង ចង់គ្រប់ដណ្តប់ទៅចំណុចអ្វីមួយទៀត។
«ជាធម្មតាដូចយើងដឹងហើយថា អ្នកដែលធ្វើការទាមទារតវ៉ា តស៊ូមតិ គាត់មិនសូវជាគិតគូទៅលើបញ្ហារឿងដែលច្បាប់រៀបចំអ៊ីចឹងទេ ព្រោះពួកគាត់ភាគច្រើន មានការទាមទារ ដោយអារម្មណ៍ពុះកញ្ជ្រោលចង់ស្រែកទាមទារ។ អ៊ីចឹងឃើញថា ច្បាប់នេះ កាលណាបង្កើតឡើងហើយ គឺជាមូលហេតុគ្រប់គ្រាន់នៃការយកច្បាប់នេះ ជាសម្អាង ដើម្បីធ្វើការបង្ក្រាបលើសំឡេង ដែលហ៊ានរិះគន់ ហ៊ានតវ៉ាទាំងអស់ហ្នឹងហើយ បើសិនជាមានការមិនគោរពលើច្បាប់ហ្នឹង គេច្បាស់ជាប្រើច្បាប់ហ្នឹង ក្នុងការចាប់បង្ខំ ឬចាត់វិធានការទៅលើអ្នកដែលមិនគោរពតាមច្បាបហ្នឹងហើយ»។ នេះជាការបញ្ជាក់របស់លោក សឹង សែនករុណា ដែលបានបន្ថែមថា រដ្ឋាភិបាល គួរតែសិក្សា និងដោះស្រាយនូវចំណុចបញ្ហាណា ដែលពលរដ្ឋចង់បាន ប្រសើរជាងការបង្កើតច្បាប់កាន់តែច្រើនឡើងៗ។
តែយ៉ាងណាលោក អ៊ុក គឹមលេខ អះអាងថា ការតាក់តែងខ្លឹមសារត្រង់ចំណុចនៃការជួបជុំគ្នារបស់ពលរដ្ឋនេះ មិនមែនដើម្បីរឹតត្បិតសិទ្ធិសេរីភាពនៃការប្រមូលផ្ដុំបញ្ចេញមតិពួកគេឡើយ ប៉ុន្តែជាដាក់ឱ្យពលរដ្ឋអនុវត្តទូទៅ នៅក្នុងព្រឹត្តិការណ៍នានាទាំងអស់។
រដ្ឋលេខាក្រសួងមហាផ្ទៃរូបនេះ បានសង្កត់ធ្ងន់ដូច្នេះថា៖«មានគេសួរខ្ញុំច្រើនមកហើយថា តើច្បាប់សណ្ដាប់ធ្នាប់សាធារណៈនេះ បង្កើតមកដើម្បីរឹតត្បិតការបញ្ចេញមតិពលរដ្ឋ? ខ្ញុំសូមបញ្ជាក់ថា ច្បាប់នេះ គឺចង់រៀបចំ និងគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ គឺវាខុសគ្នាពីច្បាប់ស្តីពីការធ្វើបាតុកម្ម ការតវ៉ា ដូច្នេះកុំយកច្បាប់ស្តីពីការធ្វើបាតុកម្ម យកភ្ជាប់ជាមួយច្បាប់ស្តីពីសណ្ដាប់ធ្នាប់សាធារណៈ។ គឺវាខុសគ្នាទេ»។
បច្ចុប្បន្នសេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ កំពុងស្ថិតនៅក្នុងការស្ទង់មតិ និងកែតម្រូវបន្ថែមពីមន្ត្រីមូលដ្ឋានរាជធានី-ខេត្ត ដើម្បីប្រមូលធាតុផ្សំចូលបន្ថែម មុននឹងឈានដល់ការដាក់ប្រជុំពិគ្រោះយោបល់អន្តរក្រសួងក្រសួង សង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត។
ត្រង់ចំណុចនេះរដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក អ៊ុក គឹមលេខ បានបញ្ជាក់ថា បើសិនជាខ្លឹមសារក្នុងសេចក្តីព្រាងច្បាប់ ត្រូវបានសម្រេចយល់ព្រមនោះ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីពិនិត្យ មុននឹងបញ្ជូនទៅនីតិបញ្ញត្តិ។ ប៉ុន្តែបើសិនជាមានមាត្រា ឬចំណុចណា ដែលត្រូវបានបដិសេធនោះ គឺនឹងត្រូវលុបចោល ឬកែសម្រួលឡើងវិញ។
សេចក្តីព្រាងច្បាប់ ស្តីពីសណ្ដាប់ធ្នាប់សាធារណៈនេះ មាន៨ជំពូក និង៤៨មាត្រា។ចាប់ពីមាត្រា៣៨ ដល់៤១ ក៏មានចែងអំពីទោសទណ្ឌផងដែរ។ តាមមាត្រាទាំងនោះ ចែងថា អំពើល្មើសនឹងច្បាប់នេះ ត្រូវផ្ដន្តាទោសដោយការព្រមាន ការពិន័យអន្តរការណ៍ ការដាក់វិន័យរដ្ឋបាល ឬការផ្ដន្ទាទោសដាក់ពន្ធនាគារ ឬ/និងពិន័យជាប្រាក់។ ការពិន័យនីមួយៗត្រូវអនុវត្តតាមអនុក្រឹត្យ ,តុលាការ ឬតាមបទប្បញ្ញតិ និងនីតិវិធីជាធរមាន៕