ជាតិ
សង្គមជាតិ
សមត្ថកិច្ច​បង្ក្រាបបាន​គ្រឿងញៀន និង​សារធាតុ​ផលិត​ជិត​៣​តោន​កន្លះ នៅ​ខណ្ឌ​កំបូល​
04, Aug 2020 , 11:59 pm        
រូបភាព
គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន។ (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបាន។ (រូបពីអគ្គស្នងការដ្ឋាននគរបាលជាតិ)
​ភ្នំពេញ​៖ សមត្ថកិច្ច​កម្ពុជា បាន​សហការ​ជាមួយ​អង្គភាព​គយ​ចិន​, អង្គការ​UNODC ប្រចាំ​ប្រទេស​ថៃ ស៊ើបអង្កេត​និង​បង្ក្រាប​គ្រឿងញៀន​ជិត​២០០​គីឡូក្រាម ដែល​បម្រុង​នាំចេញ​ទៅ​ក្រៅប្រទេស​។ លើសពីនេះ សមត្ថកិច្ច​បន្ត​ចុះ​ឆែក​ដល់ទី​តាំងនៅ​ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ បាន​សារធាតុ​សម្រាប់​ផលិត​គ្រឿង​ជាង​៣១០០​គីឡូក្រាម​បន្ថែម ទៀត​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​ស្នងការ​នគរបាលជាតិ​នៅ​ថ្ងៃទី​៣ សីហា​។


​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​បាន​បើក​ការស៊ើបអង្កេត​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់​បាន​ជិត​២០០​គីឡូក្រាម ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​ចិន​និង​ថៃ​។ ការបង្ក្រាប​នេះ ធ្វើឡើង​ក្រោយពី​សម​ត្ថិ​កច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​កាលពី​ថ្ងៃទី​១៩ កក្កដា នៅ​ខណ្ឌ​ជ្រោយចង្វារ រួមទាំង​គ្រឿងញៀន​បាន​១៩​ដុំ ដែល​បង្កប់​ក្នុង​ការ៉ូ​ឈើ​បន្លំ​ជា​គ្រឿង​សង្ហា​រឹម​។ បន្ទាប់​សមត្ថកិច្ច​បាន​សាកសួរ​និង​តាម​ស៊ើបអង្កេត ហើយក៏​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ម្នាក់ទៀត ដែលជា​មុខសញ្ញា​កែ​ច្នែ​គ្រឿងញៀន​និង​រឹបអូស​បាន​គ្រឿងញៀន​៨​គីឡូក្រាម​។ លើសពីនេះ សមត្ថកិច្ច​បាន​ដកហូត​សា​ធាតុ​ផលិត​គ្រឿងញៀន​ជាង​២០​គីឡូក្រាម រួមទាំង​ឧបករណ៍​កែ​ច្នែ​មួយចំនួនទៀត​។ 
 
​លុះ​សមត្ថកិច្ច​ធ្វើការ​ស៊ើបអង្កេត​បន្ត ហើយ​មានការ​ឯកភាព​ពី​ព្រះរាជអាជ្ញារង លោក សាយ ណូ​រ៉ា សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចុះ​ឆែក​ទីតាំង​មួយកន្លែង​ទៀត នៅ​ខណ្ឌ​កំបូល បាន​ដកហូត​បាន​សារធាតុ​ផលិត​គ្រឿងញៀន​ជាង​៣១០០​គីឡូក្រាម​។ ជាមួយគ្នា​ដែរ សមត្ថកិច្ច​ក៏​បន្ត​ចុះ ឆែក​ទីតាំង​ដែលមាន​ម៉ា​ស៊ី​នផលិត​គ្រឿងញៀន​នៅ​ខណ្ឌដង្កោ បាន​រឹបអូស ម៉ាស៊ីន​អុក​គ្រាប់​ថ្នាំញៀន​២​គ្រឿង និង​ពុម្ព​គ្រាប់​ថ្នាំញៀន​១៤​សម្រាប់​។ 
 
​បើតាម​ប្រភពព័ត៌មាន​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ដដែល បាន​បញ្ជាក់ថា ករណី​ជួញដូរ​គ្រឿងញៀន​នេះ គឺ​ករណី​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលមាន​អង្គការ​ចាត់តាំង​ច្បាស់លាស់​និង​មេខ្លោង​នៅ​បរទេស​។ ក្រុម​ជួញ​ដូរ​គ្រឿងញៀន​នេះ គឺមាន​បំណង​នាំ​ចេញទៅ​កោះ​តៃវ៉ាន់​។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​សហការគ្នា បន្ត​ស្រាវជ្រាវ​រក​មេខ្លោង​នៅ​បរទេស រួមទាំង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com