កីឡាអន្តរជាតិ
អន្តរជាតិ
Rose ខ្សែការពារ Spurs ធុញ​ប៉ូលិស​ដែល​បញ្ឈប់​ឡាន​ខ្លួន​លើ​ករណី​ដដែលៗ​១៥​ឆ្នាំ​
05, Aug 2020 , 9:29 am        
រូបភាព
Danny Rose ខ្សែការពារ​ក្រុម Tottenham Hotspur ធុញទ្រាន់​នឹង​ឥរិយាបថ​រើសអើង​ជាតិ​សាសន៍​នៅ​ទឹកដី​អង់គ្លេស បន្ទាប់ពី​តែងតែ​ត្រូវ​ប៉ូលិស​បញ្ឈប់​ឡាន​ជារឿយៗ និង​សួរថា​តើ​ឡាន​របស់ខ្លួន​នោះ​ត្រូវគេ​លួច​មែន​ឬទេ​។​

 
​ខ្សែការពារ​អន្តរជាតិ​អង់គ្លេស​វ័យ ៣០ ឆ្នាំ​រូបនេះ​បាន​អះអាងថា ខ្លួន​មាន​បទពិសោធ​ស្រដៀង​គ្នា​នេះ​ជាមួយ​ប៉ូលិស​ចក្រភព​អង់គ្លេស​អស់​រយៈពេល ១៥ ឆ្នាំ​មកហើយ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​អតីត​សមាជិក​ក្រុម Sunderland បាន​ប្រាប់​កាសែត Second Captains ថា​៖« ករណីនេះ​បាន​កើតឡើង​លើកចុងក្រោយ​កាលពី​សប្តាហ៍​មុន នៅពេល​ខ្ញុំ​ធ្វើដំណើរ​ទៅផ្ទះ​ម្តាយ​ខ្ញុំ និង​ចត​រថយន្ត​រូ​ច​ទៅហើយនោះ​។ ភ្លាមនោះ ប៉ូលីស​ក៏បាន​មកដល់​ដោយ​នាំយក​រថយន្ត​ប៉ូលីស​បី​គ្រឿង​មក​សាកសួរ​ខ្ញុំ​។ ពួកគេ​បាន​និយាយថា ពួកគេ​មាន​របាយការណ៍​ថា​មាន​ឡាន​បើកបរ​មិន​ត្រឹមត្រូវ​»​។​
 
Rose បាន​សួរ​ត្រឡប់​ទៅវិញ​ថា​៖ «​ហេតុអ្វី​ធ្វើ​ដូច្នេះ​មកលើ​ឡាន​ខ្ញុំ​? ខ្ញុំ​យក​អត្តសញ្ញាណប័ណ្ណ​របស់ខ្ញុំ​ចេញមក ហើយ​ពួកគេ​បានធ្វើ​តេស្ត​ជាតិ​អាល់កុល​ខ្ញុំ​»​។ 
 
​ខ្សែការពារ Spurs រូបនេះ​បន្ថែមថា នេះ​មិនមែនជា​រឿង​ថ្មី​ឡើយ កន្លងមក​ក្រុមប៉ូលិស​ទាំងនោះ​តែងតែ​បង្ហាញ​ការរើសអើង ដោយ​សួរ​រូបគេ​ថា តើ​រថយន្ត​នេះ​ត្រូវបាន​គេ​លួច​ទេ​? តើ​អ្នកយក​ឡាន​នេះ​មកពីណា​? តើ​អ្នក​អាច​បង្ហាញ​ភ័ស្តុតាង​បានទេ​ថា​អ្នក​បាន​ទិញ​រថយន្ត​នេះ​?​។​
 
​ទង្វើ​របស់​ក្រុមប៉ូលិស​ដដែលៗ​បែបនេះ​ពិតជា​បានធ្វើ​ឲ្យ Rose ធុញទ្រាន់​យ៉ាងខ្លាំង ខណៈ​រូបគេ​សង្ឃឹមថា អ្វីៗ​នឹង​ផ្លាស់ប្តូរ​វិញ ដ្បិត​នោះ​ជា​ចិត្តគំនិត​របស់​មនុស្ស​មួយចំនួន​ដែល​ការរើសអើង​ជាតិ​សាសន៍ ពណ៌​សម្បុរ​។ មិន​ត្រឹមតែ​នៅលើ​ដងផ្លូវ​ឡើយ សូម្បីតែ​នៅក្នុង​ទីលាន​ប្រកួត​បាល់ទាត់​ក៏ Rose អះអាងថា​រូបគេ​ទទួលបាន​ការរើសអើង​មិនតិច​ដង​ដែរ​៕
 

Tag:
 Danny Rose
  Tottenham Hotspur
© រក្សាសិទ្ធិដោយ thmeythmey.com