កីឡាអន្តរជាតិ
អន្តរជាតិ
Fulham ឡើង​លេង Premier League ក្រោយ​ឈ្នះ Brentford វគ្គ​ផ្តាច់ព្រ័ត្រ play-off
05, Aug 2020 , 10:50 am        
រូបភាព
​ខ្សែការពារ Joe Bryan ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ Fulham យកឈ្នះ Brentford ក្នុង​លទ្ធផល ២-១ ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Championship play-off នៅ​រាត្រី​ថ្ងៃទី​៤ ខែសីហា​។ ជ័យជម្នះ​នេះ នាំ Fulham ត្រឡប់​ទៅលេង​ក្នុង​ក្របខណ្ឌ Premier League វិញ​នៅ​រដូវ​កាល​ក្រោយ​។​


 
Bryan បាន​ក្លាយជា​វីរបុរស​សម្រាប់​ក្រុម Fulham ដែលមាន​លោក Scott Parker ជា​អ្នកចាត់ការ​ទូទៅ ដោយ​រកបាន​ដល់​ទៅ​ពីរ​គ្រាប់​ក្នុង​ម៉ោង​បន្ថែម​នៅ​នាទី ១០៥ និង​១១៧​។ ១​គ្រាប់​របស់ Brentford សម្រេចបាន​ដោយ​កីឡាករ Henrik Dalsgaard នៅ​នាទី​១២០​។ ក្រុម​ទាំងពីរ​បញ្ចប់​ក្នុង​ម៉ោង​ផ្លូវការ​៩០​ដោយ​គ្មាន​គ្រាប់​បាល់ និង​ត្រូវ​បន្ថែម​ម៉ោង​១៥​នាទី​ចំនួន​២​ដង​។​
 
Fulham បាន​ធ្លាក់​ពី​លី​គ​កំពូល​អង់គ្លេស​ទៅកាន់ Championship នៅ​រដូវ​កាល​២០១៨-១៩​។ នេះ​មានន័យថា បន្ទាប់ពី​ប្រកួតប្រជែង​នៅ​លី​គ​ទី​២​មួយ​រដូវ​កាល Fulham អាច​ត្រឡប់​ទៅកាន់ Premier League វិញ​តាមរយៈ​ការប្រកួត​ជម្រុះ​ចំនួន​៣​ប្រកួត​។​
 
​ផ្ទុយទៅវិញ នេះ​ជាការ​ខកចិត្ត​ដ៏​ធំ​សម្រាប់​ក្រុម Brentford ដែល​រំពឹងថា​ពួកគេ​នឹង​អាចឈាន​ទៅកាន់​ក្របខណ្ឌ​កំពូល​សារជាថ្មី​ក្នុង​រយៈពេល​៧៣​ឆ្នាំ​ចុងក្រោយ​៕ 
 

Tag:
 Premier League
  Fulham
© រក្សាសិទ្ធិដោយ thmeythmey.com