COVID-19
អន្តរជាតិ
វៀតណាម មាន​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ២០​នាក់​បន្ថែម​
05, Aug 2020 , 11:25 am        
រូបភាព
ប្រជាជន ពាក់ម៉ាស់ និងឈរតម្រង់ជួរនៅក្នុងទីក្រុងដាណាង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ VnExpress
ប្រជាជន ពាក់ម៉ាស់ និងឈរតម្រង់ជួរនៅក្នុងទីក្រុងដាណាង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ រូបភាព៖ VnExpress
​ក្រសួងសុខាភិបាល​វៀត​ណា​ម បាន​រាយការណ៍​ពី​ករណី​ឆ្លង COVID-19 ថ្មី​ចំនួន ២០​ករណី​បន្ថែមទៀត​។ ក្នុងចំណោម ២០​ករណី​ថ្មី​នេះ មាន ១៩​ករណី​ទាក់ទិន​នឹង​ករណី​ឆ្លង​ក្នុង​ទីក្រុង​ដា​ណា​ង និង ១​ករណី ទៀត គឺជា​ករណី​នាំចូល​ពី​បរទេស​។


​តាមរយៈ​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​វៀតណាម នៅ​ល្ងាច​ថ្ងៃទី​៤ ខែសីហា អាជ្ញាធរ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ចំនួន ១៨​ករណី​ថ្មី ហើយ​នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា មាន​ពីរ​ករណី​ថ្មី​បន្ថែមទៀត​។ តួលេខ​សរុប​COVID-19 នៅ​វៀតណាម បាន​កើន​ដល់ ៦៧២​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ៨​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៣៧៨​នាក់​។ 
 
​ពាក់ព័ន្ធ​នឹង​ការកើនឡើង​ករណី​ឆ្លង COVID-19​នេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក នៅ​ថ្ងៃទី​៣ ខែសីហា បាន​ជំរុញ​ឲ្យ​ប្រជាជន​រក្សា​គម្លាត​សុវត្ថិភាព ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19 នៅក្នុង​ប្រទេស​។ លើសពីនេះ ប្រមុខ​រដ្ឋាភិបាល​វៀត​ណា​ម​រូបនេះ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា អាជ្ញាធរ​ថ្នាក់ស្រុក ត្រូវតែ​សម្រេច​ពី​យុទ្ធសាស្ត្រ​មួយចំនួន ដើម្បី​ប្រយុទ្ធ​ជាមួយ COVID-19​។ 
 
​ចំណែក​ទីក្រុង​ហាណូយ​វិញ នៅ​ថ្ងៃទី​៤ ខែសីហា បាន​បញ្ជាក់ថា កំពុង​ខ្វះ​សម្ភារ​ធ្វើតេស្ត​រក COVID-19 លឿន ដើម្បី​បន្តធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ​លើ​ប្រជាជន​មកពី​ដា​ណា​ង​។ ក្នុងចំណោម​ប្រជាជន ៨៨០០០​នាក់ ដែល​ត្រលប់​មកពី​ក្រុង​ដា​ណា​ង​តាំងពី​ថ្ងៃទី​៨ ខែសីហា អាជ្ញាធរ​បានធ្វើ​តេស្ត បានត្រឹមតែ​៧០៦៨៩​នាក់​ប៉ុណ្ណោះ ព្រោះ​ដោយសារ​ខ្វះខាត​ឧបករណ៍​ធ្វើតេស្ត​លឿន​។ អាជ្ញាធរ​ក្រុង​ហាណូយ បានបញ្ជាក់​បែបនេះ​។ 
 
​វិទ្យាស្ថាន​វេជ្ជសាស្ត្រ និង​មន្ទីរពេទ្យក្រុង​ហាណូយ គឺជា​អ្នកទទួលបន្ទុក និង​ព​ន្លឿ​ន​ការផលិត​ឧបករណ៍​ធ្វើតេស្ត​ចេញ​លទ្ធផល​លឿន​នេះ​។ យ៉ាងណាក៏ដោយ ឧបករណ៍​ធ្វើតេស្ត​ប្រ​ភេ​ទេ​នេះ អាច​ចេញ​លទ្ធផល​មិន​ត្រឹមត្រូវ​។ 
 
​ឧបករណ៍​ធ្វើតេស្ត​COVID-19 ដែល​ត្រឹមត្រូវ​ជាង គឺជា​ឧបករណ៍​ធ្វើតេស្ត COVID-19 ប្រភេទ PCR ដែល​ធ្វើតេស្ត​រក COVID-19 តាមរយៈ​កំហាក​បំពង់ក និង​នៅ​ច្រមុះ​។ បើតាម​ការបញ្ជា​ក់រប​ស់​ប្រធាន​ក្រុមហ៊ុន​Viet A Corp ដែលជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ធ្វើតេស្ត PCR វៀតណាម​មិន​ខ្វះ​ឡើយ​ឧបករណ៍​ធ្វើតេស្ត​COVID-19 ហើយ​ក្រុមហ៊ុន​របស់លោក មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ការធ្វើ​តេស្ត ២​លាន​ដង​។​
 
​សូមបញ្ជាក់ថា បន្ទាប់ពី​រកឃើញ​ករ​ណី​ឆ្លង​COVID-19 នៅក្នុង​ទីក្រុង​ដា​ណា​ង រដ្ឋាភិបាល​វៀតណាម បាន​បញ្ជា​ឲ្យ​មន្ត្រី​ត្រួតពិនិត្យ​តាម​ព្រំដែន ឃ្លាំមើល​ឲ្យ​ម៉ត់ចត់ ដើម្បី​ការពារ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចូលក្នុង​ប្រទេស ព្រោះនេះ​អាចជា​ប្រភព​មួយ​នៃ​ករណី​ឆ្លង​នៅក្នុង​ទីក្រុង​ដា​ណា​ង​។ 
 
​នៅ​ថ្ងៃទី​៤ ខែសីហា មនុស្ស​ចំនួន ៦​នាក់ ត្រូវបាន​តុលាការ​វៀតណាម កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ២​ឆ្នាំ និង​៦​ឆ្នាំ ពីបទ​រៀបចំ​ឲ្យ​ជន​ជាតិចិន​ចូលមកក្នុង​វៀតណាម​ខុសច្បាប់​៕ 

Tag:
 វៀតណាម​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com