កោះកុង៖ ៣ឆ្នាំមកហើយ ដែលយុវជនវ័យ២៨ឆ្នាំ អន សុវណ្ណ បំពេញតួនាទីជាអ្នកដឹកនាំប្រជាសហគមន៍ជីផាត់ជាង៦០០គ្រួសារ។ តួនាទីប្រធានសហគមន៍របស់ សុវណ្ណ នេះ បានមកពីការប្រឹងប្រែង និងឆន្ទៈចង់អភិវឌ្ឍន៍សហគមន៍។ ជាពិសេសក្តីស្រលាញ់ធនធានធម្មជាតិ និងក្តីប្រាថ្នាចង់ឃើញប្រជាសហគមន៍ជីផាត ពិសេសកុមារ ពោរពេញទៅដោយចំណេះដឹង សមត្ថភាព។
ឆ្នាំ២០០៧ វត្តមាននៃសហគមន៍អេកូទេសចរណ៍ជីផាត បានលេចរូបរាងឡើង ក្នុងគោលបំណងកែប្រែប្រជាសហគមន៍ពីមុខរបរកាប់ព្រៃឈើ និងបរបាញ់សត្វព្រៃលក់ ទៅជាការអភិរក្ស និងការពារធនធានធម្មជាតិវិញ ដើម្បីជាប្រយោជន៍ដល់សហគមន៍ទាំងមូល តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្តនៅតំបន់ធម្មជាតិនេះ។ គោលបំណងនៃការបង្កើតសហគមន៍អេកូទេសចរណ៍នេះ បានបំផុសទឹកចិត្ត សុវណ្ណ ដែលកាលណោះមានវ័យត្រឹម១៥ឆ្នាំ កំពុងរៀនសូត្រនៅថ្នាក់ទី៨ ឱ្យស្រលាញ់ធនធានធម្មជាតិទាំងនេះ និងមានចិត្តចង់រួមចំណែកអភិវឌ្ឍសហគមន៍ឱ្យរីកចម្រើន តាំងពីពេលនោះរហូតមក។
សុវណ្ណ ជាកូនទី២ក្នុងចំណោមបងប្អូន៦នាក់ មានឪពុកម្តាយជាកសិករមិនសូវមានជីវភាពធូរធារប៉ុន្មានឡើយនៅក្នុងភូមិ-ស្រុក ប៉ុន្តែរូបគេមានឱកាសសិក្សារៀនសូត្របានច្រើន ពិសេសគឺភាសាអង់គ្លេសពីសហគមន៍តែម្ដង។ ព្រោះតែក្តីស្រលាញ់ធនធានធម្មជាតិ និងមានការផ្តល់ឱកាសពីសហគមន៍នោះ សុវណ្ណ តែងតែឆ្លៀតពេលទំនេរពីការសិក្សានាំភ្ញៀវទេសចរ ពិសេសនាំភ្ញៀវជាជនជាតិបរទេសដើរកន្លែងកម្សាន្តនានានៅក្នុងព្រៃ ក្នុងឆន្ទៈចង់ឱ្យភ្ញៀវទេសចរទាំងនោះបានស្គាល់ បានដឹងនូវភាពស្រស់ស្អាតគ្រប់ទីកន្លែង។
លោក អន សុវណ្ណ ប្រធានសហគមន៍ជីផាត កំពុងស្ថិតនៅក្នុងទីស្នាក់សហគមន៍។
រៀនភាសាអង់គ្លេសនៅក្នុងសហគមន៍ នាំភ្ញៀវដើរលេង ហូបបាយជាមួយភ្ញៀវ ហើយបានប្រាក់ទៀត។ សកម្មភាពប្រចាំថ្ងៃទាំងនេះបានធ្វើឱ្យយុវជនមានមាឌតូច និងមិនសូវមានខ្ពស់នេះ កាន់តែចូលចិត្ត កាន់តែយល់ដឹង និងស្គាល់ច្រើនពីសហគមន៍របស់ខ្លួន រហូតបានក្លាយជាអ្នកនាំភ្ញៀវទេសចរដ៏ឆ្នើម ប្រចាំតំបន់អេកូទេសចរណ៍មួយនេះ។ លោក អន សុវណ្ណ បាននិយាយយ៉ាងទឹកមុខរីករាយដូច្នេះ៖«ខ្ញុំធ្លាប់ជាអ្នកនាំភ្ញៀវទេសចរ[Tour Guide]នៅទីនេះ តាំងខ្ញុំរៀននៅថ្នាក់ទី៩មក។ កាលនោះ ការប្រើប្រាស់ភាសាអង់គ្លេសជាមួយភ្ញៀវបរទេសមានតែក្រុមខ្ញុំទេ ឈានមុខគេ»។
ថ្វីដ្បិតវត្តមាននៃសហគមន៍អេកូទេសចរណ៍ជីផាត់ បានបណ្តុះបណ្តាល លោក សុវណ្ណ ឱ្យកា្លយជាអ្នកនាំភ្ញៀវទេសចរដ៏ឆ្នើមក៏ពិតមែន ប៉ុន្តែផ្នត់គំនិតរបស់យុវជនរូបនេះតែងតែគិតជានិច្ចថា ត្រឹមជាអ្នកនាំភ្ញៀវទេសចរ គឺមិនអាចដឹកនាំឬអភិវឌ្ឍប្រជាសហគមន៍ ពិសេសកុមារឱ្យជាធនធានមនុស្សពោរពេញទៅដោយសមត្ថភាព ចំណេះ ជំនាញនោះបានឡើយ។ ក្រោយគិតបែបនេះហើយ ទើបរូបគេខិតខំប្រឹងប្រែងបង្ហាញសមត្ថភាពខ្លួន តាមរយៈការនាំភ្ញៀវទេសចរ និងផ្សព្វផ្សាយពីតំបន់សហគមន៍អេកូទេសចរណ៍ជីផាតនេះ ដើម្បីទាញប្រយោជន៍ដល់សហគមន៍ មុននឹងទទួលបានការគាំទ្រជាប្រធានសហគមន៍នេះ។
សុវណ្ណ ជាក្មេងមានការអភិវឌ្ឍខ្លួន មានជំនឿចិត្ត និងមានការតាំងចិត្តខ្ពស់ក្នុងការកែប្រែជីផាត់ឱ្យទៅជាសហគមន៍អេកូទេសចរណ៍មួយ ដែលពោរពេញទៅដោយធនធានមនុស្ស និងមានបរិស្ថានដ៏ល្អស្រស់បំព្រង ដែលជាកន្លែងធម្មជាតិសម្រាប់មនុស្សគ្រប់រូបប្រាថ្នាមកកម្សាន្ត។
លោក អន សុវណ្ណ ប្រធានសហគមន៍ជីផាត កំពុងធ្វើបទបង្ហាញជូនប្រជាសហគមន៍។ រូបថត៖ លោក អន សុវណ្ណ
ស្ថិតនៅក្នុងបរិវេណទីស្នាក់ការសហគមន៍ជីផាត ដែលមានការរៀបចំយ៉ាងល្អ ទាំងកន្លែងទទួលទានអាហារ កន្លែងលក់ស្រា និងភេសជ្ជៈ ហើយគ្មានកាកសំណល់នៅលើដី ពិសេសសំណល់ប្លាស្ទិកនោះ លោក អន សុវណ្ណ បានឡើងដូច្នេះ៖ «ដើម្បីសាងខ្លួនជាមនុស្សមានប្រយោជន៍ មានឥទ្ធិពល និងមានគុណភាពមួយរូប សម្រាប់អភិវឌ្ឍសហគមន៍ ក្រៅពីស្គាល់សហគមន៍របស់ខ្លួនឯងហើយនោះ ក៏ត្រូវទាមទារកម្រិតវប្បធម៌យើង និងបទពិសោធន៍ការងារខាងក្រៅរបស់យើងច្រើនផងដែរ»។
ប្រជាសហគមន៍ជីផាតនាំគ្នាប្រមូលសំរាមប្លាស្ទិកនៅទីកន្លែងកម្សាន្តមួយ ក្នុងសហគមន៍។ រូបថត៖ លោក អន សុវណ្ណ
ទោះឃ្លាតពីស្រុកកំណើត៥ឆ្នាំ ដើម្បីសិក្សា ក៏យុវជន អន សុវណ្ណ ឆ្លៀតទាញប្រយោជន៍ដល់សហគមន៍ខ្លួន
ក្រោយបញ្ចប់ការសិក្សាចំណេះដឹងទូទៅកម្រិតទុតិយភូមិ(បាក់ឌុប) យុវជន សុវណ្ណ ក៏បានសម្រេចចាកចេញពីស្រុកកំណើត ទៅបន្តសិក្សានូវជំនាញទំនាក់ទំនងអន្តរជាតិ(International Relationship) ដោយប្រឡងជាប់អាហាររូបករណ៍៧៥ភាគរយ ក្នុងរយៈពេល៤ឆ្នាំ នៅសាកលវិទ្យាល័យមួយកន្លែង រាជធានីភ្នំពេញ។
បើតាមរៀបរាប់របស់ សុវណ្ណ រយៈពេល៥ឆ្នាំនៃការរស់នៅភ្នំពេញ ថ្វីដ្បិតមិនសូវមានទំនាក់ទំនងជិតសិទ្ធជាមួយសហគមន៍ក៏ដោយ ប៉ុន្តែយុវជនរូបនេះតែងតែនាំមិត្តភក្តិ ទៅលេងកម្សាន្តតំបន់ទេសចរណ៍នោះជារឿយៗ នាពេលសម្រាកពីការសិក្សា និងការងារជាដើម។ ក្នុងអំឡុងពេលសិក្សានៅភ្នំពេញនោះ ដោយមានកម្រិតភាសាអង់គ្លេសល្អស្រាប់តាំងពីនៅស្រុកកំណើតមកម្លេះ សុវណ្ណ បានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេស និងជាមន្ត្រីសម្របសម្រួលរបស់អង្គការអភិវឌ្ឍមួយចំនួននៅកម្ពុជា ដូចជា៖ អង្គការWorld Vision, អង្គការJICA និងអង្គការ Save The Children ជាដើម។
ទោះបីជាមានការងារល្អធ្វើ ឬមានឱកាសទទួលបានការងារល្អៗច្រើនក៏ដោយ ក៏យុវជនរូបនេះនៅតែរក្សាចិត្តគំនិតក្នុងការចែករំលែក ចំណេះដឹង ជំនាញ និងបទពិសោធន៍ការងារ ដែលខិតខំសន្សំបាននោះ យកទៅចែករំលែកដល់ប្រជាសហគមន៍របស់ខ្លួន ដើម្បីអភិវឌ្ឍសហគមន៍ជីផាតឱ្យកាន់តែល្អប្រសើរ។ បន្ទាប់ពីបញ្ចប់ការសិក្សា និងបញ្ចប់ការងារក្នុងគម្រោងរបស់អង្គការ នៅក្នុងចុងឆ្នាំ២០១៧ សុវណ្ណ បានវិលត្រឡប់មករស់នៅក្នុងសហគមន៍វិញ។ លោក អន សុវណ្ណ បាននិយាយដូច្នេះ៖«ខ្ញុំគិតរួចហើយ ពេលដែលខ្ញុំរៀនចប់ ខ្ញុំនឹងត្រឡប់ទៅ[សហគមន៍]វិញ។ ប៉ុន្តែ ខ្ញុំទៅវិញហ្នឹង គឺមិនមានគោលបំណង ធ្វើជាប្រធានសហគមន៍អីទេ គឺខ្ញុំគ្រាន់តែចង់ធ្វើអ្វីជាផ្នែកមួយរបស់សហគមន៍ ដែលទាក់ទងនឹងការអប់រំ និងផ្នែកសម្របសម្រួល ប៉ុណ្ណោះ»។
ប៉ុន្តែអ្វីដែលយុវជនមានដើមកំណើតនៅខេត្តកោះកុងរូបនេះ គិតមិនដល់នោះ ការខិតខំរៀនសូត្រ ដើម្បីចូលរួមអភិវឌ្ឍសហគមន៍នោះ គឺត្រូវបានក្រុមប្រឹក្សាវិន័យ ក៏ដូចក្រុមប្រឹក្សាយោបល់ពីសហគមន៍ជីផាត មើលឃើញ និងលើកទឹកចិត្តឱ្យដាក់ពាក្យ ដើម្បីបោះឆ្នោតជ្រើសរើសជាប្រធានសហគមន៍អេកូទេសចរណ៍អាណត្តិទី៤។
នៅពាក់កណ្តាលឆ្នាំ២០១៨ លោក អន សុវណ្ណ មានវ័យ២៥ឆ្នាំ ត្រូវបានប្រជាពលរដ្ឋជ្រើសរើសធ្វើជាប្រធានសហគមន៍អេកូទេសចរណ៍ជីផាត់ប្រចាំអាណត្តិទី៤ រហូតដល់ពេលបច្ចុប្បន្ន។ ក្នុងអំឡុងពេលបំពេញតួនាទីជាប្រធានសហគមន៍ជីផាត សុវណ្ណ តែងតែយកឬមើលរបៀបដឹកនាំរបស់ប្រធានសហគមន៍គ្រប់ជំនាន់ ធ្វើយកគំរូ ហើយព្យាយាមបំពេញចន្លោះខ្វះខាតក្នុងសហគមន៍ ដោយពង្រឹងផ្នែកអប់រំលើកុមារ ផ្នែកបរិស្ថាន និងផ្នែកទំនាក់ទំនងជាមួយភ្ញៀវអន្តរជាតិ។
«យើងមានសហគមន៍ល្អហើយ យើងមានទីតាំង និងសេវាល្អហើយ។ ក៏ប៉ុន្តែខ្ញុំនៅមើលឃើញកន្លែងខ្វះខាតមួយចំនួនដែលទាក់ទងទៅនឹងទំនាក់ទំនងបែបអន្តរជាតិ»។ នេះជាលើកឡើងរបស់ លោក អន សុវណ្ណ ដោយបញ្ជាក់ថា បច្ចុប្បន្នមិនថាភ្ញៀវបរទេសមកសហគមន៍ផ្ទាល់ មិនថាមកតាមអ៊ីម៉ែល ឬវេបសាយផ្សេងៗនោះ ទេ ភាគច្រើនគឺប្រើបណ្តាញទំនាក់ទំនងសង្គម(Social Media) ដើម្បីទាក់ទងគ្នា។ ត្រង់ចំណុចខ្វះខាតនេះហើយ ដែលត្រូវទាមទារឱ្យលោកយកចំណេះ និងជំនាញជួយបំពេញបន្ថែម។
ក្រៅពីសម្របសម្រួលសហគមន៍ហើយនោះ សព្វថ្ងៃ បុរសដែលមានសម្តី និងកាយវិការទន់ភ្លន់ រូបនេះ បានផ្តោតចិត្តទុកដាក់ធ្វើការងារខ្លាំងក្នុងការបង្កើនសមត្ថភាពប្រជាសហគមន៍ឱ្យកា្លយជាធនធានមនុស្សពោរពេញទៅដោយចំណេះដឹង ជំនាញ និងភាសាបរទេស។ ប្រធានសហគមន៍ ដែលត្រូវកាន់ការងាររហូតដល់៥ឆ្នាំរូបនេះ បាននិយាយដូច្នេះ៖ «ខ្ញុំជាក្មេងធ្លាប់បានរៀនសូត្រជាមួយសហគមន៍។ ខ្ញុំចង់ឱ្យក្មេងនៅទីនេះ បានរៀនសូត្រ បានដឹង ដូចខ្ញុំចឹងដែរ»។ តាមរយៈសហគមន៍ គឺយើងអាចបណ្តុះបណ្តាលពួកគាត់ឱ្យ អភិវឌ្ឍនូវចំណេះបាន ហើយខ្ញុំនឹងចែករំលែកនូវអ្វីដែលខ្ញុំបានចេះ បានដឹងកន្លងមកទៅឱ្យពួកគាត់។ មិនថាចំណេះ ជំនាញ ភាសារអង់គ្លេស កុំព្យូទ័រទេ គឺខ្ញុំនឹងឱ្យពួកគាត់ទាំងអស់»។
ជាមួយគ្នានេះ លោក សុវណ្ណ ក៏ព្យាយាមអនុវត្តសកម្មភាពសម្អាតបរិស្ថានជាប្រចាំ និង បណ្តុះបណ្តាលប្រជាសហគមន៍ឱ្យចេះគ្រប់គ្រងឬទុកដាក់សំរាម ពិសេសសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងតម្លៃអេកូទេសចរណ៍នៃតំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ខេត្តកោះកុងមួយនេះ៕