WHO៖ ចំនួន​យុវជន​ផ្ទុក COVID-19 កើនឡើង​បី​ដង​ក្នុង​រយៈពេល​៥​ខែ​
COVID-19
អន្តរជាតិ
WHO៖ ចំនួន​យុវជន​ផ្ទុក COVID-19 កើនឡើង​បី​ដង​ក្នុង​រយៈពេល​៥​ខែ​
05, Aug 2020 , 9:59 pm        
រូបភាព
យុវនារីពីរនាក់ ពាក់ម៉ាស់ ដើរនៅតាមឆ្នេរសមុទ្រក្នុងទីក្រុង Biarritz ប្រទេសបារាំង។ រូបភាព៖ AFP
យុវនារីពីរនាក់ ពាក់ម៉ាស់ ដើរនៅតាមឆ្នេរសមុទ្រក្នុងទីក្រុង Biarritz ប្រទេសបារាំង។ រូបភាព៖ AFP
អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​លើកឡើងថា ចំនួន​យុវជន ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​២៤​ឆ្នាំ​ផ្ទុក COVID-19 បាន​កើនឡើង​បី​ដង​ក្នុង​រយៈពេល ៥​ខែ​។ បញ្ហា​នេះ គឺ​កើតចេញពី​ការ​ទ្វេ​ប្រហែស និង​ការមិន​ប្រុងប្រយ័ត្ន​របស់​យុវជន​ផ្ទាល់​។ នេះ​បើតាម​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​៥ ខែសីហា​។


​តាម​ការវិភាគ​មួយ​របស់​អង្គការ​សុខភាព​ពិភពលោក​លើ​អ្នក​ផ្ទុក COVID-19 ចំនួន​៦​លាន​នាក់ ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃ​១២ ខែកក្កដា ករណី​ឆ្លង COVID-19 លើ​យុវជន ដែលមាន​អាយុ​ចាប់ពី​១៥​ឆ្នាំ ដល់​២៤​ឆ្នាំ គឺ​បាន​កើនឡើង​ពី​៤,៥​ភាគរយ​ទៅ​១៥​ភាគរយ​។ អេ​ស្ប៉ា​ញ អាល្លឺម៉ង់ បារាំង ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ី​មួយចំនួនទៀត បាន​អះអាងថា អ្នក​ឆ្លង COVID-19 ថ្មី​ជាច្រើន គឺជា​យុវជន​។ 
 
​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​លើ​យុវជន​នេះ លោកស្រី Neysa Ernst អ្នកគ្រប់គ្រង​គិលានុបដ្ឋាក​នៅ​មន្ទីរពេទ្យ​Johns Hopkins បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា យុវជន​មួយចំនួន ខ្វះ​ការប្រុងប្រយ័ត្ន​លើ​ការពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​។ «​ការធ្វើដំណើរ គឺ​បង្កើន​ឱកាស​របស់​អ្នក​ក្នុង​ការឆ្លង និង​ចម្លង COVID-19»​។ លោកស្រី Neysa បាន​ផ្ញើ​សារ​បែបនេះ ដោយ​បន្ថែមថា ការកើនឡើង​នៃ​ការឆ្លង​របស់​យុវជន គឺ​ដោយសារ​ពួកគេ​ទំនង​ទៅធ្វើ​ការ​ក្នុង​សហគមន៍​ច្រើន ឬ​ពេល​ទៅ​ឆ្នេរសមុទ្រ តៀមស្រា និង​ហាង​ទំនិញ​។ 
 
​ក្រៅពី​យុវជន កុមារ​ផ្ទុក COVID-19 ដែល​ចាប់ពី​អាយុ​ចន្លោះ​៥​ឆ្នាំ ដល់​១៤​ឆ្នាំ បាន​កើនឡើង​ពី​០,៨​ភាគរយ​មក​៤,៦​ភាគរយ បើ​គិត​ចាប់ពី​ថ្ងៃទី​២៤ ខែកុម្ភៈ ដល់​ថ្ងៃ​១២ ខែកក្កដា​។ នេះ​បើតាម​វិភាគ​របស់​អង្គការ​សុខភាព​ពិភពលោក​ដដែល​នេះ​។ 
 
​កន្លងមក លោក​Tedros Adhanom Ghebreyesus អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ធ្លាប់បាន​ព្រមាន​ម្តង​ហើយ​ថា ក្រុមយុវជន អាច​ឆ្លង COVID-19 អាច​ស្លាប់ និង​ចម្លង​វីរុស​ទៅ​អ្នកដទៃ​។​
 
​សូមបញ្ជាក់ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃទី​៥ ខែសីហា COVID-19 របស់​ពិភពលោក បាន​កើន​ដល់ ១៨,៧​លាន​ករណី និង​អ្នកស្លាប់​ជាង ៧០​ម៉ឺន​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន​ជិត ១២​លាន​នាក់​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com