ជាតិ
សង្គមជាតិ
បើកសាលាឯកជន៖ រដ្ឋមន្ត្រីអប់រំ ណែនាំឲ្យគ្រូនិងសិស្ស ប្រកាន់ខ្ជាប់នូវវិធានការអនាម័យ សកម្មភាពការបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណសាលាមួយកន្លែង សម្រាប់ត្រៀមទទួលសិស្សានុសិស្សចូលរៀនវិញ រូបភាពពីសាលាWestview Cambodian International School
× ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំបានដាក់ចេញគោលការណ៍ដើម្បីឲ្យសាលាឯកជន២០ គោរពតាមស្តង់ដាសុវត្ថិភាពខ្ពស់ដល់សិស្សានុសិស្សដែលត្រៀមនឹងចូលរៀននៅអំឡុងខែសីហា ឆ្នាំ២០២០នេះ។ សាលារៀននីមួយៗត្រូវតែគោរពតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក។
ជាជំហានដំបូង ក្រសួងអប់រំបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឲ្យបើកសាលារៀនឯកជនចំនួន២០ ក្នុងរាជធានីភ្នំពេញ ក្រុងបាត់ដំបង និង ក្រុងសៀមរាបតែប៉ុណ្ណោះ។ សាលារៀនដែលនឹងបើកដំណើរការឡើងវិញនោះ ភាគច្រើនជាសាលាដែលមានការចុះត្រួតពិនិត្យផ្ទាល់យ៉ាងហ្មត់ចត់ពីលោករដ្ឋមន្ត្រីអប់រំ។ ចំណែកសាលារដ្ឋវិញ ក្រសួងនឹងប្រកាសឲ្យបើកដំណើរការនៅពេលក្រោយ។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ថា គ្រឹះស្ថានសិក្សាឯកជនទាំង២០នោះ កំពុងតែពិភាក្សាជាមួយនឹងមាតាបិតា និងអាណាព្យាបាលសិស្សដើម្បីឲ្យពួកគេអនុញ្ញាតបញ្ជូនកូនមកសាលារៀនវិញ។ សម្រាប់កាលបរិច្ឆេទនៃការចូលរៀនរបស់សាលាទាំងនោះ គឺក្រសួងផ្តល់សិទ្ធិឲ្យសាលានីមួយៗជាអ្នករៀបចំ។
លោក ហង់ជួន ណារ៉ុន បានចេញលិខិតណែនាំឲ្យគ្រឹះស្ថានសិក្សា សិស្សានុសិស្ស គ្រូ បុគ្គលិកផ្នែកអប់រំ រួមទាំងមាតាបិតារបស់សិស្ស រួមគ្នាប្រកាន់សា្មរតីអនុវត្តអនាម័យឲ្យបានខ្ជាប់ខ្ជួន។ គ្រឹះស្ថានសិក្សាត្រូវសម្អាតអនាម័យដោយបាញ់ទឹកថ្នាំសម្លាប់មេរោគនៅបរិវេណសាលា បន្ទប់រៀន បន្ទប់ទឹក កន្លែងលាងដៃ សួនកម្សាន្តកុមារ សម្ភារដែលប្រើរួមគ្នា និងគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវ។ សាលាត្រូវផ្អាកកន្លែងកម្សាន្តនានា ឬទីលានកីឡា។ សាលាត្រូវកំណត់ឲ្យសិស្សរៀនក្នុងបន្ទប់២០ទៅ២៥នាក់ ហើយត្រូវរៀបចំតុ កៅអីឲ្យនៅឆ្ងាយពីគ្នា២ម៉ែត្រ។ ហើយបន្ទប់ត្រូវរក្សាសីតុណ្ហភាពត្រឹម២៥អង្សា។
សម្រាប់មាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវរៀបចំចំណីអាហារប្រកបដោយសុវត្ថិភាព ដែលចម្អិនបានល្អ សម្រាប់ទុកឲ្យកូនបរិភោគនៅសាលា ដើម្បីជៀសវាងបរិភោគអាហាររួម ដែលជាប្រភពចម្លងមេរោគបានលឿន។ សាលា ត្រូវណែនាំឲ្យមាតាបិតា ឲ្យរាយការណ៍ព័ត៌មានទាក់ទងនឹងស្ថានភាពសុខភាព និងប្រវត្តិដំណើរចេញទៅក្រៅប្រទេស ឬជួបជុំណាមួយ។
ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីអប់រំ ក៏បានណែនាំឲ្យសិស្សានុសិស្ស គ្រូ និង បុគ្គលិកផ្នែកអប់រំទាំងអស់ បរិភោគអាហារ និងបរិភោគទឹកដែលចម្អិនដោយខ្លួនឯងពីផ្ទះរៀងៗខ្លួន។ ជាមួយគ្នាដែរ លោក ណែនាំឲ្យពួកគេចេះគ្រប់គ្រងអារម្មណ៍ឲ្យបានល្អ ដោយកុំមានភាពភ័យខ្លាច និងរើសអើង។ លោក ប្រាប់កុំឲ្យប្រើប្រាស់របស់រួម ឬចាប់ដៃគ្នា ដោយជំនួសមកវិញនូវការសំពះគ្នាទៅវិញទៅមក។
ក្នុងករណីសង្ស័យថាមានសិស្ស គ្រូ និង បុគ្គលិកណាម្នាក់ មានរោគសញ្ញាដូចនឹងជំងឺកូវីដ-១៩ សាលាត្រូវរាយការណ៍មកមន្ទីរសុខាភិបាល ឬទាក់ទងទៅលេខទូរសព្ទ១១៥ ដើម្បីសួរពត៌មានឲ្យបានច្បាស់។ បើសាលាណាមួយមានការធ្វេសប្រហែសបណ្តាលឲ្យមានការរាតត្បាតជំងឺកូវីដ-១៩ សាលានោះនឹងប្រឈមមុខនឹងវិធានការច្បាប់ និងប្រឈមនឹងវិធានការរដ្ឋបាលតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន៕
Tag:
សាលា
អប់រំ
សិស្ស
© រក្សាសិទ្ធិដោយ thmeythmey.com