ជាតិ
រតនគិរី រំពឹង​បានទេ​សចរ​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​នាក់​នាឱកាស​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​
05, Aug 2020 , 11:29 pm        
រូបភាព
ដោយ:
​រតនគិរី​ជា​ខេត្ត​មួយ​ដែល​ស្ថិត​ក្នុងចំណោម​ខេត្ត​ផ្សេងៗ បាន​បាត់បង់​ភ្ញៀវទេសចរ​ជាច្រើន​ក្នុងអំឡុងពេល​រីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​រយៈពេល​៣​ខែ​ចុង​ក្រោយនេះ ខេត្តរតនគិរី​អាច​ទទួលបាន​ភ្ញៀវទេសចរ​ខ្លះៗ​មកវិញ​។ ដោយឡែក ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​ខែ្មរ​ចំនួន​៥​ថ្ងៃ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី លោក ង៉ែត ពិ​ទូ រំពឹងថា​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ ៣​ទៅ​៤​ម៉ឺន​នាក់​។​


​លោក ង៉ែត ពិ​ទួ ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា កាលពី​ឆ្នាំ​២០១៩ ខេត្តរតនគិរី​ទទួល​បាន​ភ្ញៀវទេសចរ​ប្រមាណ​ជិត ២០​ម៉ឺន​នាក់ ប៉ុន្តែ​រហូតមកដល់​ពាក់​កណ្តាល​ឆ្នាំ​២០២០ រតនគិរី​ទើបតែ​ទទួលបាន​ភ្ញៀវទេសចរ​ប្រមាណ​ជាង​៨​ម៉ឺន​នាក់​ប៉ុណ្ណោះ​។ មូលហេតុ​នៃ​ការធ្លាក់ចុះ​ភ្ញៀវទេសចរ​នេះ បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​។​


 
​ធ្លាក់ចុះ​ភ្ញៀវទេសចរ​ជាង​៧​ខែ លោក ង៉ែត ពិ​ទូ រំពឹងថា ខេត្ត​មាន​កំណើន​ភ្ញៀវទេសចរ​ឡើងវិញ​ប្រហែល​៣ ទៅ​៤​ម៉ឺន​នាក់ នៅ​ថ្ងៃ​ឈប់សម្រាក​ជំនួស​ចូលឆ្នាំ​កាលពី​ខែមេសា​។ «​យើង​រំពឹងថា​ទទួលបាន​ភ្ញៀវទេសចរ ដូច​ការទទួលបាន​ភ្ញៀវទេសចរ​ពេល​ចូលឆ្នាំ​ដែរ​។ យើង​រំពឹងថា​ទទួលបាន​ប្រមាណ ៣ ទៅ​៤​ម៉ឺន​នាក់​»​។ 
 
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី​រូបនេះ បន្ថែមថា លោក​កំពុង​អនុវត្ត វិធានការ​របស់​ក្រសួងទេសចរណ៍​ទាំង​៦ ដូចជា វិធានការ​សុវត្ថិភាព​ភោជណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ រមណីយ​ដា្ឋ​ន ការដឹង​ជញ្ជូន​ផ្លូវគោក និង​ផ្លូវទឹក​។ តាម​បណ្តា​រមណីយ​ដា្ឋ​ន ក៏មាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ដូចជា មានទឹក​អាល់កុល ទឹកសាប៊ូ​សម្រាប់​លាងដៃ វាស់​កម្ដៅ និង​រក្សា​គម្លាត ។ 


 
​លោក​បាន​បញ្ជាក់ថា ខេត្តរតនគិរី ពង្រឹង​សេវាកម្ម​ទេសចរណ៍​បាន​ប្រហែល​៩០​ភាគរយ អំឡុងពេល​មិនសូវមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត តាម​បណ្តា​រមណីយដ្ឋាន ផ្ទះសំណាក់ បឹង​ការ​ឡូ ដែល​ខេត្ត​មាន​ពេល​សម្រាប់​កែលម្អ និង​ពង្រឹង​សេវាកម្ម​ទេសចរណ៍​ឲ្យ​មាន​ភាពប្រសើរឡើង​។​
 
​ខេត្តរតនគិរី មាន​តំបន់​ទេសចរណ៍​សរុប​១៤ កន្លែង​។ តំបន់​ទេសចរណ៍ ដែលមាន​សក្តានុពល​ទេសចរណ៍​ខ្លាំងជាងគេ​គឺ បឹង​យក្ស​ឡោម​។ កន្លងមក បឹង​យក្ស​ឡោម ទទួលបាន​ភ្ញៀវទេសចរ​ជិត​២០​ម៉ឺន​នាក់​ក្នុង​ឆ្នាំ​២០១៩៕









© រក្សាសិទ្ធិដោយ thmeythmey.com