សង្គមអន្តរជាតិ​
អន្តរជាតិ
អ្នកស្លាប់​ដោយសារ​ការផ្ទុះ​នៅ​ទីក្រុង​បេ​រូត កើនឡើង​ដល់​ជាង ១០០​នាក់
05, Aug 2020 , 5:08 pm        
រូបភាព
​អ្នកស្លាប់​ដោយសារ​ការផ្ទុះ​នៅក្នុង​ទីក្រុង​បេ​រូត បាន​កើន​ឡើងដល់​ជាង ១០០​នាក់ ខណៈ​មនុស្ស​ជាច្រើន​ពាន់​នាក់​បាន​រងរបួស​។ ទីក្រុង​បេ​រូត​ទាំងមូល ត្រូវបាន​ប្រកាស ជា «​ទីក្រុង​មហន្តរាយ​» ផងដែរ​។​


​បន្ទាប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការពារជាតិ​ជាន់ខ្ពស់​លី​បង់ ទីក្រុង​បេ​រូត ត្រូវបាន​ប្រកាស​ដាក់​ជា «​ទីក្រុង​មហន្តរាយ​» ខណៈពេល​អ្នកស្លាប់​ដែល​កើតចេញពី​ឧបទ្ទវហេតុ​ដ៏​សាហាវ​មួយ​នេះ បាន​កើន​ឡើងដល់​ជាង ១០០​នាក់ អ្នករបួស​មាន​ជាង ៤០០០​នាក់ និង​មនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត ជាប់​នៅក្នុង​គំនរ​បាក់បែក និង​បាត់​ខ្លួន​។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​មួយ​របស់​កាកបាទក្រហម​លី​បង់​។ 
 
​ប្រ​ធានា​ធីប​តី​លី​បង់ បានប្រកាស​ពី​ការ​កាន់ទុក្ខ​នៅក្នុង​ទីក្រុង​រយៈពេល ៣​ថ្ងៃ បន្ទាប់ពី​ករណី​ផ្ទុះ​នេះ​។ ប្រជាជន​ប្រមាណ​ពី ២០​ម៉ឺន​នាក់ ដល់​២៥​ម៉ឺន​នាក់ ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ថា​បាត់បង់​ផ្ទះសម្បែង​។ បន្ថែម​ពីលើ​នេះ ទំហំ​នៃ​ការ​ខូ​ត​ខាត មាន​ចាប់ពី​៣​ពាន់​លាន​ដុល្លារ ដល់​៥​ពាន់​លាន​ដុល្លារ​ឯណោះ ស្របពេល​ដែល​លី​បង់​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ស្រាប់​ផង​នោះ​។ 
 
​តាម​ការវាយតម្លៃ​រប​ស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ផែនដី​អាល្លឺម៉ង់​(GFZ) កម្លាំង​ផ្ទុះ​នេះ បង្ក​ឲ្យ​មាន​កម្រិត​រញ្ជួយ​ផែនដី ៣,៥ រ៉ិ​ច​ទ័​រ​នៅក្នុង​ទីក្រុង​បេ​រូត​។ បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Al Jazeera ការផ្ទុះ​នៅក្នុង​ទីក្រុង​បេ​រូត អាច​លឺ​ឆ្ងាយ​រហូតដល់​ប្រទេស​ស៊ី​ប និង​តំបន់​អឺរ៉ុប ដែលមាន​ចម្ងាយ​ច្រើនជាង ២០០​គីឡូម៉ែត្រ​ឯណោះ​។ 
 
​អាជ្ញាធរ​លី​បង់ បាន​អះអាងថា ការផ្ទុះ​នេះ គឺ​បង្ក​ដោយសារ​ធាតុគីមី​អា​ម៉ូ​ញ៉ូ​ម​នីត្រាត (Ammonium nitrate) ដែលមាន​ចំនួន​ប្រមាណ​២៧០០​តោន ដែល​ត្រូវបាន​គេ​ស្តុក​ទុក​ក្នុង​ឃ្លាំង​មួយ​ក្នុង​កំពង់ផែ​បេ​រូត ស្ថិតនៅ​ភាគ​ខាងកើត​ឆ្នេរ Saint George ។ សារធាតុ​គីមី​នេះ ត្រូវបាន​គេ​ស្តុក​ទុក តាំងពី​ឆ្នាំ​២០១៤ មក​ម្លេះ ដោយ​អាជ្ញាធរ​មិន​ខ្វល់ខ្វាយ​ពី​សុវត្ថិភាព​ឡើយ​។ 
 
​បន្ទាប់ពី​ករណី​ផ្ទុះ​ដ៏​ធំ​នេះ មន្ត្រី​លី​បង់​ចាប់ផ្តើម​ចង្អុល​ដាក់គ្នា​។ បើតាម​ការអះអាង​រប​ស់​ប្រធានការិយាល័យ​ពន្ធគយ​លី​បង់ លោក Badri Daher ទីភ្នាក់ងារ​របស់លោក មិន​ទទួលខុសត្រូវ​លើ​ការផ្ទុក​សារធាតុ​អា​ម៉ូ​ញ៉ូ​ម​នីត្រាត​នេះឡើយ ផ្ទុយទៅវិញ​នាយក​កំពង់ផែ​បេ​រូត​ឯណោះ ដែល​ត្រូវ​ទទួលខុសត្រូវ​ពី​បញ្ហា​ស្តុក​សារធាតុ​គីមី​នេះ​។​
 
​អ៊ីរ៉ង់ ស៊ី​ប រុស្ស៊ី ម៉ាឡេស៊ី បារាំង តួ​ក​គី អាមេរិក និង​ប្រទេស​មួយចំនួនទៀត សុទ្ធតែ​ប្រកាស​ផ្តល់ជំនួយ ឬ​បញ្ជូន​ក្រុមគ្រូពេទ្យ​ទៅ​ទីក្រុង​បេ​រ៉ូ​ត ដើម្បី​ជួយសង្គ្រោះ​អ្នករងរបួស​។ ប្រទេស​ជាច្រើន​ទៀត​មាន​អូស្ត្រាលី ឥណ្ឌា អង់គ្លេស ប៉ា​គី​ស្ថាន កាណាដា​ជាដើម ក៏បាន​ចេញ​សារ​ចូលរួម​រំលែក​ទុក្ខ​។ 
 
​នាយករដ្ឋមន្ត្រី​លី​បង់ បាន​ព្រមាន​ថា ជន​ណា​ដែលមាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​នេះ នឹងត្រូវ​ទទួលទោស​យ៉ាងធ្ងន់ធ្ងរ​៕

Tag:
 លី​បង់
© រក្សាសិទ្ធិដោយ thmeythmey.com