ជាតិ
ព្រះសង្ឃ ដាំកូនឈើប្រណិត និងឈើលម្អប្រមាណ៥០០ដើម នៅរមណីយដ្ឋានអង្គរ
× មន្ត្រីសង្ឃខេត្តសៀមរាប នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះ បានដាំកូនឈើប្រណិត និងឈើលម្អចំនួន៥០០ដើម នៅបរិវេណរមណីរដ្ឋានអង្គរ ដើម្បីបង្កើតគម្របបៃតង ទេសភាពវប្បធម៌ ជម្រកសត្វព្រៃ និងទាក់ទាញភ្ញៀវទេសចរ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា។
ព្រះតេជគុណ គង់ សុភាព ព្រះចៅអធិការវត្តអង្គរខាងជើងមានសង្ឃដីការថា៖ «គោលបំណងនៃការដាំកូនឈើនេះ គឺដើម្បីលើកកម្ពស់សោភ័ណភាពបៃតងនៅក្នុងតំបន់អង្គរជាមួយអាជ្ញាធរជាតិអប្សរា បណ្ដុះទឹកចិត្តស្រលាញ់បរិស្ថានដល់កូនខ្មែរគ្រប់រូប និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុជាមួយនឹងពិភពលោក»។
ក្នុងឱកាសនោះដែរ លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរាក៏បានលើកឡើងដែរថា ក្រៅតែពីកិច្ចការអភិរក្ស ជួសជុលប្រាង្គប្រាសាទ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថានធម្មជាតិ ដែលផ្ដល់ប្រយោជន៍ចំពោះមនុស្ស និងប្រាសាទ។ លោកបានបញ្ជាក់ផងដែរថា៖«ចំពោះអ្នកដែលមិនពេញចិត្តនឹងសកម្មភាពរបស់អាជ្ញាធរជាតិអប្សរា ទោះខឹង ឬ ស្អប់កុំបំផ្លាញព្រៃឈើដែលអាជ្ញាធរជាតិអប្សរាបានដាំ ព្រោះព្រៃឈើគឺជាសម្បត្តិរួមរបស់អ្នករាល់គ្នា»។
សូមបញ្ជាក់ដែរថា អាជ្ញាធរជាតិអប្សរាមានស្ថានីយបណ្ដុះកូនឈើចំនួន៥កន្លែងក្នុងរមណីយដ្ឋានអង្គរ មានពូជឈើប្រណិត ឈើលម្អជាច្រើនប្រភេទសម្រាប់ដាំក្នុងរមណីយដ្ឋានអង្គរ និងចែកជូនសាធារណជន។ នៅក្នុងឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា នឹងដាំកូនឈើរួមទាំងចែកជូនទៅសហគមន៍ចំនួន១០ម៉ឺនដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com